ភ្នំពេញៈ ទីតាំងល្បែងស៊ីសងខុសច្បាប់ ហ្គេមបាញ់ត្រីមួយកន្លែងទៀត ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សង្ស័យអាជ្ញាធរសង្កាត់ និងប៉ុស្តិ៍បឹងទំពុនទី២ ជាអ្នកអនុញ្ញាត និងមិនរាយការណ៍ជូនថ្នាក់ខណ្ឌ ទើបបានជាបណ្ដោយឲ្យបើកទទួលក្រុមក្មេងទំនើង ចូលលេងពពាក់ពពូនគ្នាដោយសុវត្ថិភាព ពេលចូលលេងក៏ស្ងាត់ ចេញមកវិញក៏ស្ងាត់ ទើបមិនទាន់រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅជិតនោះ។

ប្រជាពលរដ្ឋ បានបង្ហើបប្រាប់អ្នកយកព័ត៌មានអង្គភាព CAM POSTថា នៅផ្ទះទ្វារកញ្ចក់គ្មានលេខមួយកន្លែង ស្ថិតនៅតាមបណ្ដាយផ្លូវ៣៧១ ជិតក្លោងទ្វាវត្តដំបូកខ្ពស់ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ បានលួចលាក់បើកទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់នោះ កំពុងបើកលេងយ៉ាងរំភើយ និងមានក្រុមក្មេងស្ទាវជាច្រើនបានចូលលេងទាំងយប់ទាំងថ្ងៃ ដែលធ្វើឲ្យពួកគាត់ជាប្រជាពលរដ្ឋ មានការងឿងឆ្ងល់យ៉ាងខ្លាំង ពួកគាត់មិនដឹងថា ក្រុមម្ចាស់ទីតាំងនេះចេះសិល្ប៍ស្ពិនភ្នែក ឬក៏ខាងអាជ្ញាធរសង្កាត់ និងប៉ុស្តិ៍បឹងទំពុនទី២ ជាអ្នកអនុញ្ញាតនោះឡើយ។ ប៉ុន្តែ បើមើលទៅសកម្មភាពការបើកលេងនេះ គឺបើកលេងជាលក្ខណៈបំភ័ណ្ឌភ្នែកមហាជន មិនបើកចំហរទេ ដោយនូវខាងក្នុងប្រមូលម្តុំដោយក្រុមក្មេងទំនើង គេចសាលា គេចផ្ទះសំបែង ពួនសង្ងំនៅក្នុងនោះ សង្ស័យតែទីតាំងហ្គេមបាញ់ត្រីនេះ មានការចែកចាយ និងប្រើប្រាស់គ្រឿងញៀនពិតមែនផង។

សូមបញ្ជាក់ថា ហ្គេមបាញ់ត្រីនេះ គឺជាប្រភេទល្បែងស៊ីសងខុសច្បាប់ ដោយប្រើប្រាស់លុយ ទើបអាចលេងបានវាជាហ្គេមមួយប្រភេទ ដែលច្បាប់ហាមប្រាម។ បន្ថែមពីនេះទៅទៀត វាមិនត្រឹមតែជាប្រភេទល្បែងស៊ីសងនោះទេ វាក៏ជាប្រភេទហ្គេមដែលពង្វក់ និងចូលជ្រាបទៅដល់ស្រទាប់ស្មារតីយុវជន យុវសិស្ស និងក្មេងៗ ជាសិស្សសាលាតូចៗ ឲ្យបោះបង់ការរៀនសូត្រចោល ហើយនាំគ្នាមកពពាក់ពពួនគ្នាលេងយ៉ាងសប្បាយអើងហើង។ លុះពេលចាញ់អស់លុយអាចបែកគំនិតប្រព្រឹត្តិនូវបទល្មើសលួច ឆក់ ​ប្លន់ និងសកម្មភាពអសន្តិសុខផ្សេងៗជាដើម ដើម្បីយកលុយមកបំពេញចំណង់ចិត្តខ្លួន ក្នុងការលេងហ្គេមមួយនេះ។ ហើយទីតាំងដែលលួចលាក់បើកហ្គេមបាញ់ត្រី គឺជាទីតាំងដែលប្រមូលផ្តុំទៅដោយក្រុមជួញដូរនិងប្រើប្រាស់ថ្នាំញៀនផងដែរ ព្រោះរាល់ពេលដែលកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ខណ្ឌទាំង១២ មិនថាតែខណ្ឌមានជ័យនោះទេ ដែលធ្វើការចុះបង្ក្រាបម្តងៗ គឺតែងដកហូតបានវត្ថុតាងពាក់ព័ន្ធគ្រឿងញៀនជាបន្តបន្ទាប់ផងដែរ។

គួរបញ្ជាក់ទៀតថា កន្លងទៅអាជ្ញាធរខណ្ឌមានជ័យបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ៊ុមីងពូទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យទាំងមូល មេត្តាចូលរួមសហការជាមួយអាជ្ញាធរគ្រប់ពេលវេលា ក្នុងការផ្តល់នូវព័ត៌មាន ឬតម្រុយមួយចំនួនទាក់ទងទៅនឹងទីតាំងដែលពាក់ព័ន្ធនឹងអំពើល្មើសច្បាប់ មិនថាតែទីតាំងដែលកំពុងលួចលាក់បើកហ្គេមបាញ់ត្រីឡើយ គឺរាល់ទីតាំងបទល្មើសផ្សេងៗទៀត មានដូចជា បៀរអាប៉ោង កន្ទុយលេខ ជល់មាន់ ជាដើម ដើម្បីឲ្យបងប្អូនចូលរួមសហការឲ្យបានគ្រប់ៗគ្នា ដើម្បីមានភាពងាយស្រួលសម្រាប់អាជ្ញាធរក្នុងការចុះទប់ស្កាត់ បង្ការ និងបង្ក្រាបឲ្យសមស្របទៅនឹងគោលនយោបាយទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខុដុមរម្យនាផងដែរ។

តែផ្ទុយទៅវិញ បែរជាទីតាំងល្បែងស៊ីសងខុសច្បាប់ ហ្គេមបាញ់ត្រី ក្នុងសង្កាត់បឹងទំពុនទី២ សង្ស័យអាជ្ញាធរសង្កាត់ និងប៉ុស្តិ៍បឹងទំពុនទី២ មិនរាយការណ៍ជូនថ្នាក់ខណ្ឌ? សង្ស័យជាអ្នកអនុញ្ញាតផងមើលទៅ ទើបបានជាបណ្ដោយឲ្យម្ចាស់ទីតាំង បើកទ្វារទទួលភ្ញៀវយ៉ាងអើងហើងដូច្នេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor