នៅព្រឹកថ្ងៃអាទិត្យ ៨រោច ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា គ.ស ២០១៩ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​មកដល់​មាតុប្រទេស​វិញ​ដោយ​សុវត្ថិភាព បន្ទាប់ពី​បាន​យាង​ធ្វើជា​ព្រះ​កិត្តិយស​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​២៥​ឆ្នាំ នៃ​សកម្មភាព​គណៈកម្មាធិកា​រ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិរក្ស​តំបន់​អង្គរ ដែល​ហៅ​កាត់​ថា ICC-Angkor ដែល​ប្រារព្ធ​ធ្វើ​នៅ​ប្រទេស​បារាំង​។ ​យាង និង​អញ្ជើញ​ទទួល​ព្រះរាជដំណើរ​ព្រះករុណា នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ព្រឹកនេះមាន​វត្តមាន សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រមទាំង​ព្រះ​ញ្ញាតិវង្សានុវង្ស ថ្នាក់ដឹកនាំ​កំពូលៗ និង​មន្ត្រីរាជការ​ជាច្រើន​រូបថត​ទៀត​៕ សូមបញ្ជាក់ថា គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ហៅកាត់ថា ICC-Angkor ត្រូវបានបង្កើតឡើង នៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ១៩៩៣ ក្នុងគោលដៅអភិរក្ស និងអភិវឌ្ឍន៍អង្គរ បន្ទាប់ពីប្រាសាទជាមរតកដ៏មានតម្លៃរបស់បុព្វបុរសខ្មែរមួយនេះ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតកភណ្ឌមនុស្សជាតិរបស់អង្គការយូណេស្កូ ក្នុងកិច្ចប្រជុំនៅសាន់តាហ្វេ សហរដ្ឋអាមេរិក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ គណៈកម្មាធិការមួយនេះបង្កើតឡើងដំបូងមានរយៈពេលតែ ១០ឆ្នាំប៉ុណ្ណោះ។ តែដោយមើលឃើញពីតួនាទីដ៏សំខាន់របស់គណៈកម្មាធិការមួយនេះក្នុងអភិរក្ស និងអភិវឌ្ឍន៍អង្គរនោះ ទើបមានការបន្ថែមសុពលភាពរយៈពេល ១០ឆ្នាំចំនួនពីរដងទៀត។ ការបន្ថែមសុពលភាពចំនួនពីរដងនេះ មួយដងត្រូវបាន ធ្វើឡើងតាមរយៈ កិច្ចប្រជុំ នៅទីក្រុងប៉ារីស ថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០០៣ និងមួយដងទៀតធ្វើឡើងនៅក្នុងកិច្ចប្រជុំអន្តររដ្ឋាភិបាល នៅប្រទេសកម្ពុជា នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣។ ICC-Angkor មានបារាំង និងជប៉ុន ជាសហប្រធាន, លេខាធិការដ្ឋានវិទ្យាសាស្រ្តអចិន្ត្រៃយ៍ ទទួលបន្ទុកដោយការិយាល័យតំណាង អង្គការយូណេស្កូប្រចាំព្រះ រាជាណាចក្រ កម្ពុជា និង អាជ្ញាធរជាតិអប្សរា តំណាងរាជរដ្ឋាភិបាលកម្ពុជា។ សមាជិក ICC-Angkor មានចំនួន៣៧ប្រទេស មកពី៥ទ្វីប និងមានអង្គការអន្តរជាតិចំនួន ១៣ទៀត។ ចំនួនអ្នកជំនាញបច្ចេកទេស ចូលរួមក្នុងកិច្ចប្រជុំ ICC-Angkor ក៏បានកើនឡើងជាលំដាប់ផងដែរ ពីចំនួន៥០នាក់ មកក្នុងចន្លោះ ៣៥០នាក់ នាពេលបច្ចុប្បន្ននេះ។ ICC-Angkor មានតួនាទី និងភារកិច្ចសំខាន់ក្នុងការស្រោចស្រង់ អភិរក្ស និងអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់រមណីយដ្ឋានសៀមរាបអង្គរ។ ICC-Angkor បានបញ្ចប់ដំណាក់កាលស្រោចស្រង់អង្គរហើយ ក្នុងរយៈពេល១០ឆ្នាំ (១៩៩៣-២០០៤) ។ ដំណាក់កាលបច្ចុប្បន្ននេះ គឺការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព (២០០៤ មកដល់បច្ចុប្បន្ន)។ សមិទ្ធផលសំខាន់ៗ ដែល ICC-Angkor សម្រេចបានក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍អង្គរនោះមានដូចជា៖ កិច្ចការជួសជុលប្រាសាទ និងអភិរក្សបេតិកភណ្ឌ, គម្រោងបណ្តុះបណ្តាលថែទាំប្រាសាទ ស្រាវជ្រាវ អភិវឌ្ឍ និងការចូលរួមរបស់ប្រជាពលរដ្ឋ, លើកតម្លៃរមណីយដ្ឋានអង្គរតាមរយៈក្រមប្រតិបត្តិអង្គរ, ការពង្រីកប្រព័ន្ធទូរគមនាគមន៍, បណ្តុះបណ្តាលភ្នាក់ងារទេសចរណ៍ប្រចាំការតាមប្រាសាទ, សាងសង់សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ និង សារមន្ទីរកុលាលភាជន៍អង្គរនៅភូមិតានីក្រោមជំនួយរបស់ជប៉ុន, សាងសង់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីអាគ្នេយ៍ ក្រោមកិច្ចសហការទន្លេមេគង្គ-គង្គា (MEKONG-GANGA COOPERATION-MGC) និងហិរញ្ញប្បទានឥតសំណងពីប្រទេសឥណ្ឌា, បន្តសិក្សានិងរៀបចំផែនការគ្រប់គ្រងទេសចរណ៍នៅអង្គរ(TMP) ដោយសហការជាមួយប្រទេសអូស្ត្រាលី, ការងារជួសជុល និងស្ថាបនាផ្លូវក្រោមជំនួយអន្តរជាតិ និងមានបដិភាគរបស់អាជ្ញាធរជាតិអប្សរា, ការងារតបណ្តាញអគ្គិសនី និងការថែទាំស្ទឹងសៀមរាប និងស្តារប្រព័ន្ធធារាសាស្រ្ត បង្ការទឹកជំនន់ជាដើម។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor