header ads

Sponsor

បន្ទាយមានជ័យៈ បុរសពីរនាក់ បានរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូតាមផ្លូវ ហើយត្រូវរថយន្តគៀរ បណ្តាលអោយដួលអូសច្រើនម៉ែត្រ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧៖​៣០នាទីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥ ចំណុចមុខកុងត្រូលគយចល័តសាខាសាលាក្រហម ស្ថិតក្នុងឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

អ្នកឃើញហេតុការណ៍ បាននិយាយថា គេបានឃើញបុរសរងគ្រោះឌុបគ្នាដោយម៉ូតូមួយគ្រឿងម៉ាកហុងដា សេរីឆ្នាំ២០១៨ បើកបរពីលិចទៅកើត មកដល់ចំណុចមុខគយ ដោយមានរថយន្តធំចតច្រើនលើផ្លូវ ដើម្បីចូលទៅបំពេញបែបបទ និងបង់លុយ ម៉ូតូក៏ប្រឹងជែងទៅខាងឆ្វេងចូលផ្លូវស្តាំគេ ក៏ទៅប៉ះជាមួយរថយន្តផ្សេងទៀត ដែលបើកបរក្នុងទិសដៅផ្ទុយគ្នា បណ្តាលអោយដួលបោកក្បាល និងអូសជាច្រើនម៉ែត្រ រងរបួសធ្ងន់បែកក្បាលហូរឈាមស្រោចខ្លួននិងសន្លប់ស្តូកស្តឹង។ ដោយឃើញស្ថានភាពសន្លប់ស្តូកស្តឹង ក្រុមនគរបាលសហការជាមួយគយបានជួយធ្វើចលនាបេះដូង ហើយក៏ដឹងខ្លួនមកវិញ បន្ទាប់មកក៏បញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។

អ្នកឃើញហេតុការណ៍ បាននិយាយថា មិនអោយរងគ្រោះម៉េចបាន បើថ្នល់មួយចំហៀងត្រូវរថយន្តសណ្តោងធំៗ ដឹកទំនិញធ្ងន់ៗ ចត ឈប់ ពាស់ពេញគ្មានសណ្តាប់លើផ្លូវ ហើយអ្នកបើកបរ ដែលឆ្លងកាត់ក៏មិនដែលបន្ថយល្បឿនផងដែរ។

ដោយឃើញដូច្នេះពួកគាត់សំណូមពរអោយក្រុមអ្នកបើកបររថយន្តធំទាំងអស់ ដែលមកឈប់បង់លុយអោយគយ សូមមេត្តាឈប់ឬចតអោយមានរបៀបរៀបរយ និងទុកផ្លូវអោយអ្នកបើកបរម៉ូតូផងជៀសវាងការជែងចូលផ្លូវគេហើយបង្ករេជាគ្រោះថ្នាក់ដូចករណីបុរសពីរនាក់ខាងលើ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post