ភ្នំពេញៈ នគរបាលប៉ុស្តិ៍​ទួលសង្កែទី២ បានធ្វើការដកហូតម៉ូតូចំនួន២គ្រឿង យកទៅរក្សាទុក  បន្ទាប់ពីជនសង្ស័យពីរនាក់ បានជិះទៅធ្វើសកម្មភាព គាស់ទ្វារទូកុងតឺន័រ លួចយកសំបកកង់ រថយន្ត តែត្រូវបានម្ចាស់គេទាន់ បណ្ដាលឲ្យជនសង្ស័យ នាំគ្នារត់គេចខ្លួនចោលម៉ូតូ​បាត់ស្រមោល។

ករណីនេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២៖៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចឃ្លាំងស្តុកសំបកកង់រថយន្តគ្មានយីហោមួយ កន្លែង ស្ថិតតាមបណ្ដោយ ផ្លូវលំខាងក្រោយ ភោជនីយដ្ឋានយីហោដឹ ធើ រេស ក្នុងសង្កាត់ ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។

ម៉ូតូទាំង២គ្រឿងរបស់ក្រុមចោរ ដែលត្រូវបានសមត្ថ​កិច្ចដកហូត យកទៅរក្សាទុក ទី១ ម៉ាក  ហុងដាឌ្រីម ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1R-0824 និងទី២ ម៉ាក GPX ពណ៌ស លាយ ក្រហម គ្មានស្លាកលេខ។

បើ​តាមប្រភពពីបុរសម្នាក់ មិនបានបញ្ចេញឈ្មោះ ដែលជាម្ចាស់ឃ្លាំងកើតហេតុខាងលើ បាន រៀបរាប់ប្រាប់ឲ្យដឹងថា ឃ្លាំងរបស់គាត់ខាងលើ គឺគ្មានអ្នកនៅដេកយាមនោះទេ មានតែទូកុងតីន័រប្រមាណជាង១០ទូ ដែលគាត់ច្នៃ ធ្វើសម្រាប់ដាក់ស្តុកសំបកកង់រថយន្ត នៅខាងក្នុងចាក់ សោចោល ដោយមិនដែលមានបញ្ហានេះទេ នាពេលកន្លងមក ។

ម្ចាស់ឃ្លាំង បន្តថា មុនកើ​តហេតុកាលពីយប់ថ្ងៃទី៧ និងថ្ងៃទី ៨ កន្លងទៅថ្មីៗ ក៏ស្រាប់តែមាន ក្រុមចោរបានធ្វើសកម្មភាពផ្លោះរបងចូល ក្នុងឃ្លាំងទៅគាស់សោទ្វារទូកុងតីន័រ លួចយក សំបកកង់រថយន្តអស់ជាច្រើនគ្រាប់ បានដោយសុវត្ថិភាពជាបន្តបន្ទាប់។ លើក១ ក្រុមចោរ  លួចយកសំបកកង់រថយន្តប្រភេទរថយន្តតូចៗ អស់ចំនួនជាង ១០គ្រាប់ និងលើកទី២ ក្រុម ចោរលួចយកសំបកកង់រថយន្តប្រភេទរថយន្តដឹកដីអស់ចំនួន១០គ្រាប់  សរុបចំនួនសំបកកង់ រថយន្ត ដែលត្រូវក្រុមចោរធ្វើសមកម្មលួចយកនោះ គិតជាចំនួនទឹកប្រាក់ជាង ៣០០០ដុល្លារ ។ បន្ទាប់ពីមានហេតុការណ៍ដូចច្នេះ  គាត់(ម្ចាស់ឃ្លាំង) ក៏បានកែច្នៃកន្លែងចាក់សោទ្វារទូកុងតឺ​ន័របន្ថែម ដើម្បីកុំឲ្យងាយស្រួលចោរលួចគាស់បានសម្រេចទៀត។

ម្ចាស់ឃ្លាំង បន្តទៀតថា  រហូត ដល់ល្ងាចថ្ងៃកើតហេតុខាងលើ  គាត់គិតថា ក្រុមចោរ នឹងមក ធ្វើសកម្មភាព លួចសំបកកង់រថយន្តជាថ្មីម្តងទៀត ។ ទើបគាត់​រៀបចំគម្រោង ដោយធ្វើជាចាក់សោទ្វារទូកុងតឺន័រ និងទ្វាររបងទុកចោល ដូចសព្ថដង ហើយគាត់បានយកទូរស័ព្ទមួយ គ្រឿង ទៅបង្កប់ទុកនៅក្បែរទូកុងតឺន័រ ដែលនៅក្នុងឃ្លាំង រួចក៏បានយកទូរស័ព្ទមួយគ្រឿង ផ្សេងទៀតតេទៅ ដើម្បីធ្វើជាឧបករណ៍ស្រូបសំឡេង ។ បន្ទាប់មកគាត់ ក៏បានទៅអង្គុយស្តាប់ ក្នុងរថយន្តរបស់គាត់ ដែលចតនៅឆ្ងាយពីឃ្លាំងស្តុកសំបកកង់រថយន្តខាងលើ ប្រមាណ ៥០០ម៉ែត្រ ។ លុះដល់វេលាកើតហេតុ គាត់​បានលឺសំឡេងឆ្កែព្រូស តាមទូរស័ព្ទ ភ្លាមៗនោះ គាត់​ក៏ប្រញាប់ប្រញាល់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍ភ្លាមៗ។ បន្ទាប់មកគាត់ក៏បានចូលទៅមើលក្នុងឃ្លាំង  ស្រាប់តែឃើញ​ក្រុមជនសង្ស័យ២នាក់ កំពុងធ្វើ សកម្មភាពគាស់សោទ្វារទូកុងតឺន័រ ខណៈនោះជនសង្ស័យ ដឹងខ្លួនក៏នាំគ្នាផ្លោះរបងរត់គេច ខ្លួនបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូ២គ្រឿង ឧបករណ៍ជក់ថ្នាំញៀនមួយកំផ្លេ នៅក្នុងដីឡូតិ៍ក្បែរកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន​ ក៏បានយកម៉ូតូរបស់ក្រុមជនសង្ស័យទាំងពីរគ្រឿង ទៅ រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ ដើ​ម្បីធ្វើការស្រាវជ្រាវរកមុខក្រុមជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

ផ្ដល់សិទ្ធិដោយ៖ Campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor