
ភ្នំពេញៈ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញលោក ឃួង ស្រេង បានដាក់ចេញជាវិធានការក្តៅ ក្នុងការបង្ក្រាបបទល្មើស និងល្បែងស៊ីសងគ្រប់ប្រភេទ នៅទូទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានរស់នៅដោយភាពកក់ក្តៅ និងសុខសាន្ត ក្នុងការរស់ ខណៈដែលប្រទេសជាតិមានសន្តិភាពពេញបរិបូរណ៍។
ការដាក់ចេញនូវយុទ្ធនាការបែបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីកម្លាំងមានសមត្ថកិច្ចទាំងពីរភេទ អាជ្ញាធរដែនដីទាំង១៤ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា ការបង្កើតឲ្យមានកិច្ចប្រជុំគណៈបញ្ជាការឯកភាពនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីដាក់ចេញជាផែនការ និងវិធានការផ្សេងទៀតក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេង ក៏បានលើកឡើងពីបញ្ហាពាក់ព័ន្ធ នឹងការទប់ស្កាត់រថយន្តធំៗចូលក្នុងរាជធានីភ្នំពេញ ការដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ខណៈដែលរាជធានីមួយនេះ តែងទទួលរងនូវការកកស្ទះចរាចរណ៍រាល់ថ្ងៃ។ មានវិធានការទៅលើ អ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយបើកគេចវេសពីការទទួលខុសត្រូវមុខច្បាប់ ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ។ ការពិនិត្យទៅលើការកកស្ទះចរាចរណ៍ ដើម្បីរកវិធានការដោះស្រាយធ្វើយ៉ាងណាកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅតំបន់ស្មុគស្មាញមួយចំនួន។
ពាក់ព័ន្ធនឹងល្មើសល្បែងស៊ីសងនៅក្នុងរាជធានីភ្នំពេញ លោក ឃួង ស្រេង បានមានវិធានការ យ៉ាងម៉ឺងម៉ាត់ផងដែរ លោកបញ្ជាក់ថា នៅក្នុងរាជធានីភ្នំពេញ កើតឡើងនូវល្បែងស៊ីសងគ្រប់ប្រភេទ ដែលនេះជាបញ្ហាមួយក្តៅគគុក។ ដូច្នេះទេ លោកជំរុញឲ្យ អភិបាលខណ្ឌទាំង១៤ត្រូវយកចិត្តទុកដាក់ ក្នុងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទាំងនេះ។ ល្បែងស៊ីសងខុសច្បាប់ទាំងនេះ វាជាចំណុចដែល ផ្ដើមឲ្យមានបទល្មើសផ្សេងៗ ធ្វើអោយបាត់បង់ស្ថេរភាពនៅក្នុងសង្គម ដូចជាអំពើ ឆក់ ប្លន់ លួចជាដើម។ ចំពោះបញ្ហាគ្រឿងញៀន ក៏ជាបញ្ហាប្រឈមមួយដែលយើងបាននិងកំពុងធ្វើការដោះស្រាយផងដែរ។
ក្នុងកិច្ចប្រជុំនោះដែរ លោក ឃួង ស្រេង ក៏បានដាក់ចេញនូវវិធានការមួយចំនួនទៀតដូចជាការ រៀបចំសណ្ដាប់ធ្នាប់ ចិញ្ចើមផ្លូវសាធារណៈនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ ការមានវិធានការទៅលើទូកនេសាទ ដែលចតយ៉ាងអនាធិបតេយ្យនៅតាមដងទន្លេ ពិសេសនៅក្បែរសណ្ឋាគារសុខា ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងប៉ះពាល់នូវសោភ័ណភាពនៅរាជធានីភ្នំពេញ។ ការមានវិធានការទៅលើបែរត្រីមួយចំនួន នៅតាមបណ្ដោយដងទន្លេសាប។ ដូច្នេះទេ អភិបាលរាជធានីភ្នំពេញ បានជំរុញនិងដាក់ចេញជាផែនការឲ្យអាជ្ញាធរខណ្ឌដែលមានដែនដីរបស់ខ្លួននៅតាមបណ្ដោយដងទន្លេសាបនេះ ត្រូវតែមានវិធានការទប់ស្កាត់ ដើម្បីធ្វើយ៉ាងណាឲ្យទន្លេរបស់យើងមានសោភ័ណភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕





