header ads

Sponsor

ភ្នំពេញៈ លោក ហម ម៉េងសែ ប្រធានក្រុមប្រឹក្សាជំនុំជម្រុះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៩នេះ បានបើកសវនាការបន្តលើសំណុំរឿងអតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ និងបងប្រុសជាប់ចោទពីបទឃាតកម្មលើស្រីកំណាន់របស់លោក ឡាយ វណ្ណៈ។

សវនាការបន្តនេះ តុលាការនឹងផ្ដោតលើការបង្ហាញភស្តុតាងរបស់សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលដាក់បន្ទុកលើលោក ឡាយ វណ្ណៈ ឲ្យជាប់ពិរុទ្ធ ព្រមទាំងសាក្សីមួយចំនួនទៀត។

កាលពីខែមេសា ឆ្នាំ២០១៩ តុលាការបានស្ដាប់និងពិនិត្យនូវរបាយការណ៍ និងភស្តុតាងមួយចំនួនរបស់សមត្ថកិច្ចខេត្តតាកែវ ដែលបញ្ជាក់ថា ជនរងគ្រោះបានធ្វើអត្តឃាត មិនមែនជាករណីឃាតកម្មទេដូចការចោទប្រកាន់ទេ។

សូមរំលឹកថា នៅក្នុងសំណុំរឿងនេះ តុលាការបានចោទប្រកាន់លើជនជាប់ចោទ ទី១ឈ្មោះ ឡាយ វណ្ណៈ ភេទប្រុស អាយុ៤៥ឆ្នាំ និងទី២ឈ្មោះ ឡាយ ណារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ (ជាបងប្រុស របស់លោក ឡាយ វណ្ណៈ) ពីបទឃាតកម្ម ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទទី៣ឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ ជាតៃកុងឡានរបស់ លោក ឡាយ វណ្ណៈ និងទី៤ឈ្មោះ ជឹម វុធ (ហៅថូត) ភេទប្រុស អាយុ៤១ឆ្នាំ ជាអ្នកបម្រើនៅផ្ទះរបស់លោកស្រី ចែវ សុវឌ្ឍនា ពីបទលាក់បំបាំងតម្រុង ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ។

លោកស្រី ចេវ សុវឌ្ឍនា ត្រូវគេប្រទះឃើញស្លាប់ដោយចងកនៅក្នុងបន្ទប់គេងរបស់នាង នៅក្នុងផ្ទះជួលដ៏ធំមួយដែលលោក ឡាយ វណ្ណៈ ជាអ្នកជួលឲ្យ នៅក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ។

ភ្លាមៗករណីនេះ ត្រូវសមត្ថកិច្ចខេត្តតាកែវ បានសន្និដ្ឋានថា ជារឿងអត្តឃាតព្រោះតែវិបត្តិស្នេហា ប៉ុន្ដែក្រោយពីបើកការស្រាវជ្រាវ សមត្ថកិច្ចជំនាញរបស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានរកឃើញថា ករណីខាងលើមិនមែនជារឿងអត្តឃាតឡើយ ពោលគឺជារឿងឃាតកម្មទៅវិញ ដោយមានអ្នកបញ្ជា និងរៀបចំទុកដើម្បីសម្លាប់ជនរងគ្រោះ។ ក្រោយពីបើកការស៊ើបអង្កេត សមត្ដកិច្ចជំនាញ បានឃាត់ខ្លួនក្រុមជនជាប់ចោទទាំង ៤នាក់ខាងលើបញ្ជូនមកតុលាការឃុំខ្លួនរហូតដល់ថ្ងៃកាត់ទោសនេះ។

សវនាការកន្លងមកលោក ឡាយ វណ្ណៈ ដែលជាអ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅក្នុងអន្លង់ស្នេហ៍ដ៏សែនផ្អែមល្ហែមមានជំរៅកាត់ថ្លៃពុំបាន តែងតែបដិសេធថាខ្លួនមិនល្ងង់ខ្លៅរហូតសម្លាប់ស្រីកំណាន់របស់ខ្លួននោះឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post