Sponsor

ភ្នំពេញៈ ក្រោយពីលោក សម រង្ស៊ី បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ កម្លាំងប្រដាប់អាវុធ ធ្វើការបះបោរទម្លាក់​រាជរដ្ឋាភិបាលស្របច្បាប់នោះ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឆ្លើយតបវិញថា ការអំពាវនាវនេះ គឺជាទង្វើញុះញង់ពិតប្រាកដ ដល់ពលរដ្ឋខ្មែរ និងកំពុងបង្ហាញ អំពីភាពទន់ខ្សោយ ខាងនយោបាយរបស់ សម រង្ស៊ី។

យោងតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ បានឲ្យដឹងថា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានកាតព្វកិច្ច ក្នុងការគ្រប់គ្រងព័ត៌មាន ដើម្បីរួមចំណែក ដល់កិច្ចថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ប្រជាជនកម្ពុជាទាំងមូល ដែលបាននិងកំពុង តែរស់នៅក្នុងភាពសុខក្សេមក្សាន្ត និងការអភិវឌ្ឍ ក្រោមការរាជរដ្ឋាភិបាល។

លោកបន្ដថា ដូច្នេះការលើកឡើងរបស់ សម រង្ស៊ី ដូចដែលបានបន្តចុះផ្សាយ នៅក្នុងសារព័ត៌មានមួយចំនួននោះ គឺរាជរដ្ឋាភិបាលកម្ពុជា មិនទទួលយកបានឡើយ ហើយរាជរដ្ឋាភិបាលនេះ គឺកើតចេញពីការបោះឆ្នោត ដោយប្រជាជនជាង៨៣%កន្លងទៅ និងជាឆន្ទៈរបស់រាស្រ្ត ដែលបានសម្រេចជ្រើសយកសន្តិភាព ស្ថិរភាព និងវិបុលភាព។

លោក ផៃ ស៊ីផាន បានថ្លែងថា ការអំពាវនាវ របស់ទណ្ឌិតឧទ្ទាមរូបនេះ គឺជាទង្វើញុះញង់ពិតប្រាកដ ដល់ប្រជាពលរដ្ឋខ្មែរ គឺកំពុងបង្ហាញ អំពីភាពទន់ខ្សោយនយោបាយ ហើយចង់ងាកមក ប្រើប្រាស់ញើសឈាម និងជីវិតប្រជាជនកម្ពុជា ជាឈ្នាន់សម្រាប់ការវិលត្រឡប់ មកវិញរបស់ពួកគេ

លោកបន្ថែមថា ទង្វើរបស់ សម រង្ស៊ី ក៏បង្ហាញឲ្យឃើញផងដែរ នូវភាពទាល់ច្រកផ្នែកនយោបាយ ហើយងាកមកប្រើប្រាស់ ពាក្យសម្តីពិសពុល និងព្រៃផ្សៃ។ លោកថា នៅក្នុងស្ថានភាពនេះ តម្រូវឲ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវត្រៀមលក្ខណៈ ទោះក្នុងវិធាន និងតម្លៃណាមួយក៏ដោយ ដើម្បីទប់ស្កាត់ទង្វើរបស់ក្រុម សម រង្ស៊ី ពីការបំផ្លាញភាពសុខក្សេមក្សាន្ត និងការអភិវឌ្ឍ របស់ប្រជាជន និងប្រជាជាតិនេះ។

ជាងនេះទៅទៀត អង្គភាពអ្នកនាំពាក្យ ក៏យល់ឃើញថា វោហារសាសន៍​របស់ សម រង្ស៊ី គ្រាន់តែជាវិទ្ធង្សនា ចិត្តសាស្រ្តនយោបាយ ដើម្បីប្រើប្រាស់ រូបភាពប្រជាពលរដ្ឋខ្មែរ ក្នុងការលាក់បាំង នូវពុតត្បុតនយោបាយ បម្រើមហិច្ឆតារបស់ខ្លួន ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ និងបំផ្លាញជម្រើសរបស់ប្រជាជន និងប្រទេសជាតិ ដែលតម្រូវឱ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ រាំងខ្ទប់នូវទង្វើក្រុមទណ្ឌិតឧទ្ទាមនេះ ជាយថាហេតុណាមួយ។

បន្ថែមពីនេះ អង្គភាពអ្នកនាំពាក្យ សូមសម្ដែងនូវអំណរគុណសាជាថ្មី ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលលោកបានចេញទៅបោះឆ្នោត និងគាំទ្រភ្លូកទឹកភ្លូកដី ដល់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រធាន និងជានាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសនេះ ឲ្យកាន់តែមានការរីកលូតលាស់ លើគ្រប់វិស័យផ្សេងទៀត ក៏ដូចជាការបង្ហាញមុខមាត់កម្ពុជា នៅលើឆាកអន្តរជាតិ ជាប្រទេសដែលបានប្រែក្លាយខ្លួន ពីប្រទេសក្រីក្រមកជាប្រទេស ដែលពោរពេញដោយសន្តិភាព វិបុលភាព ក៏ដូចជាការរួមចំណែក ក្នុងកិច្ចថែរក្សាតំបន់ ក៏ដូចជាពិភពលោក នៅក្នុងបរិបទនេះផងដែរ។

អ្នកនាំពាក្យ អះអាងថា រាជរដ្ឋាភិបាល ប្ដេជ្ញាការពារដាច់ខាតនូវសេចក្តីសម្រេចចិត្ត និងជម្រើសរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor