header ads

Sponsor

ភ្នំពេញៈ សូមប្រុងប្រយ័ត្នទាំងអស់គ្នា! រថយន្តកាមរីប៉ាឡែនមួយគ្រឿង របស់បុគ្គលិកអង្គការ GIZ ចតទុកមុខផ្ទះរាល់យប់ដូចសព្វដង តែខ្វះតែ២ម៉ោងទៀតភ្លឺហើយ បែរជាចោរលួចយកបាត់ពីម្ដុំខាងក្រោយផ្សារស្ទឹងមានជ័យថ្មី ហើយបើកគេចខ្លួនចេញទៅតាមផ្លូវបេតុង ជាប់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួចបើកគេចខ្លួនបាត់ស្រមោល ទើបឆោឡោឡើង និងផ្ដល់ដំណឹងទៅវិទ្យុ ABC ជួយផ្សាយឲ្យសមត្ថកិច្ចគ្រប់គោលដៅជួយស្ទាក់រថយន្តផង ទើបផ្អើលដល់កម្លាំងល្បាតប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ និងកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ចុះទៅពិនិត្យមើល។

ហេតុការណ៍លួចរថយន្តនេះ បានកើតឡើងកាលពីម៉ោងជិត៣៖០៥នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩នេះ នៅចំណុចផ្ទះល្វែងលេខ៣៤H ក្រោយផ្សារស្ទឹងមានជ័យថ្មី ផ្លូវបេតុង ក្រុមទី១ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រថយន្តដែលត្រូវបានចោរលួចយកទៅបាត់នោះម៉ាក CAMRY បាឡែន ស៊េរីឆ្នាំ២០១៣ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AC-9356 ដែលមានម្ចាស់កម្មសិទ្ធិឈ្មោះ នៅ សារ៉ាត់ ភេទប្រុស មុខរបរបុគ្គលិកអង្គការ GIZ ស្នាក់នៅផ្ទះកើតហេតុ។

តាមសម្ដីម្ចាស់រថយន្តរងគ្រោះ រៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនកើតហេតុ រថយន្តរបស់គាត់បានចតទុកមុខផ្ទះរាល់យប់ដូចសព្វដង មិនខុសណាពីរថយន្តរបស់គេផ្សេងៗជាច្រើនគ្រឿង ចតទុកតែមុខផ្ទះល្វែងខាងលើជាប់ៗគ្នា។ តែយប់ថ្ងៃកើតហេតុ ស្រាប់តែម្ដាយរបស់គាត់ស្រែកដាស់អ្នកផ្ទះឲ្យភ្ញាក់ពីដំណេក ទើបដឹងថា រថយន្តគាត់ ត្រូវបានចោរកំពុងលួចយកបើកចេញទៅហើយ តាមផ្លូវបេតុងជាប់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួចបើកគេចខ្លួនបាត់ស្រមោល។ ក្រោយមកពួកគាត់បានផ្ដល់ដំណឹងដល់វិទ្យុ ABC ជួយផ្សព្វផ្សាយបន្ទាន់ ដើម្បីឲ្យសមត្ថកិច្ចប្រចាំការតាមគោលដៅនានា ជួយស្ទាក់រថយន្ត និងទាក់ទងឲ្យសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យដល់ទីតាំង។

ក្រោយមក គេឃើញមានកម្លាំងល្បាតប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ និងកម្លាំងស៊ីវិលរបស់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ បានចុះមកកន្លែងកើតហេតុ រួចធ្វើការសាកសួរ និងធ្វើកំណត់ហេតុឲ្យបានដឹងសិនប៉ុណ្ណោះ ព្រោះព្រឹកស្អែកទើបម្ចាស់រថយន្តទៅដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវស៊ើបអង្កេតរកមុខសញ្ញាយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

សូមបព្ជាក់ថា បទល្មើសចោរលួចរថយន្ត កំពុងកើតមានឡើងវិញ ដូច្នេះហើយសូមបងប្អូនមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត តាមដែលអាចធ្វើទៅបាន ដើម្បីរក្សាការពាររបស់មានតម្លៃរបស់យើងឲ្យបានគង់វង់ ព្រោះជនឆ្លៀតឱកាសមានគ្រប់ទីកន្លែង គ្រប់ពេលវេលា មិនថាយប់ឬថ្ងៃទេ ឲ្យតែឃើញយើងធ្វេសប្រហែស គឺជនឆ្លៀតឱកាសទាំងនោះ ធ្វើសកម្មភាពភ្លាមៗ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post