Sponsor

ឯកឧត្តម សុខ លីម អតីតអគ្គនាយកក្រុមហ៊ុនថៃឃូនគ្រុប និងលំនៅឋាន ហេង ហួត និងជាអនុប្រធានគណបក្សខ្មែរក្រោក បានចែករំលែកបទពិសោធ និងបញ្ហាប្រឈមចំពោះអ្នកដែលបានទិញដីឡូតិ៍ និងផ្ទះដែលបង់រំលោះរយៈពេលវែងចំពោះក្រុមហ៊ុនខ្លះដែលផ្ដល់ឥណទានដោយផ្ទាល់ជាមួយអតិថិជនរបស់ខ្លួន ទាំងដែលអតិថិជនមិនទាន់ទទួលបានបណ្ណកម្មសិទ្ធិ ហើយត្រូវបង់ជាមួយក្រុមហ៊ុនរយៈពេលយូរ។

ខាងក្រោមនេះជាការលើកឡើងរបស់លោកតាមរយៈគណនីហ្វេសប៊ុករបស់លោក៖ 

សព្វថ្ងៃគ្រប់គ្នាវួកវី និងមុខជំនួញអចលនទ្រព្យ ដោយវិស័យនេះកំពុងគួចបង្វិលទាំងសិល្បករមួយចំនួនធំចូលទៅប្រឡូកលើវិស័យនេះផងដែរ។

មូលហេតុដែលវិស័យអចលនទ្រព្យនេះផុសផុល រីកដុះដាលយ៉ាងឆាប់រហ័សដោយអូសទាញទាំងអ្នកទិញ អ្នកលក់ចូលទៅក្នុងវិស័យដោយហានិភ័យ និងគ្រោះក្តីក្តាំនៅថ្ងៃក្រោយយ៉ាងធ្ងន់ធ្ងរបំផុតចំពោះការ លក់ផ្ទះល្វែង លក់ដីឡូតិ៍ ម្ចាស់បុរី ឬម្ចាស់គម្រោងដីឡូតិ៍ជាអ្នកធានាផ្តល់ឥណទានដោយផ្ទាល់ដល់អតិថិជនរបស់ខ្លួនក្នុងរយៈពេលយូរ ខ្លះរហូតដល់២០ឆ្នាំ

ហានិភ័យដែលគួរឲ្យព្រួយបារម្ភនោះគឺ អ្នកទិញផ្ទះ ឬដីឡូតិ៍ខ្លួនប្រឈមនឹងការខាតបង់នៅពេលអនាគតដោយពុំដឹងខ្លួន។

១ ការប្រាក់មួយឆ្នាំថ្លៃរហូតដល់ប្រហែល18%សម្រាប់បុរីល្បីឈ្មោះខ្លះ ថាតើយើងអាចទ្រាំទ្រការប្រាក់ដ៏ខ្ពស់នេះបានទេ?
២ អ្នកទិញបុរី ឬគម្រោងដីឡូតិ៍ដែលបង់រំលោះរយៈពេលយូរ មិនដែលបានឃើញ ឬ បានដឹងប្លង់មេរួមហ្នឹង ម្ចាស់បុរី ឬម្ចាស់គម្រោងដីឡូតិ៍ យកដាក់នៅទីណាទេ ? ដាក់បញ្ចាំធនាគារ ឬ ដាក់បញ្ចាំឯកជន បានផ្ទេរកម្មសិទ្ធិរួចរាល់ពីការទិញពីគេមកហើយឬ?
៣ ករណីម្ចាស់បុរី ឬម្ចាស់គម្រោងដីឡូតិ៍ក្ស័យធន យើងអាចទៅទាមទារប័ណ្ណកម្មសិទ្ធពីគាត់បានទេ? 
៤ ជាអកុសលម្ចាស់ បុរី ឬម្ចាស់គម្រោងដីឡូតិ៍ទទួលមរណៈភាព ដោយគាត់មានភរិយាច្រើន កូន ប្រពន្ធដណ្តើមទ្រព្យសម្បត្តិគ្នា តើយើងទៅសុំប័ណ្ណកម្មសិទ្ធពីពួកគេតាមបែបណា?
៥ ករណីប្រធានស័ក្តិកើតឡើង ផ្ទះដែលសង់គ្មានគុណភាព បាក់រលំ ស្រុតនៅក្នុងពេលយើងបានបង់ប្រាក់អស់៥០ភាគរយ ក្នុងរយៈពេល១០ឆ្នាំហើយ តើម្ចាស់បុរីត្រូវសង់ផ្ទះថ្មីជូនយើងវិញ ឬយើងត្រូវបន្តបង់ប្រាក់ជូនម្ចាស់បុរីទៀត បញ្ហានេះ នឹងនាំមកនូវក្តីក្តាំឈានរហូតដល់តុលាការ

ជាមួយគ្នានេះដែរ ឯកឧត្តមបានបន្តថា ដូចបញ្ហាប្រឈមនានាខាងលើ ខ្ញុំសូមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម អ្នកទិញផ្ទះ ដីឡូតិ៍គួរសិក្សាលើ បញ្ហាប្រឈមទាំងនេះជៀសវាងបញ្ហាដ៏ស្មគស្មាញកើតមានឡើងនៅថ្ងៃក្រោយ និងប្រឈមនឹងការខាតបង់នានា ដែលវាជាដំបៅមហារីកសម្រាប់សង្គមជាតិយើងនៅថ្ងៃក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor