
ភ្នំពេញៈ ក្រោយពីមានសារព័ត៌មានជាច្រើន បានចុះផ្សាយថា ថៅកែស្ថានីយប្រេងឥន្ឋនៈតូតាល់ បឹងត្របែក លួចដោះស្លាកលេខរថយន្តអ្នកដទៃ មកដាក់រថយន្តខ្លួនឯង ធ្វើឲ្យខូចកិត្តិយសរបស់គាត់ជាខ្លាំង។ ពេលនេះម្ចាស់ស្ថានីយ បានចេញមុខបដិសេធ និងស្រាយបំភ្លឺដូចខាងក្រោមនេះ៖
ខ្ញុំឈ្មោះ លី ជាអេ បានស្គាល់ស្រីម្នាក់ ឈ្មោះ ឈឹម ពិសិទ្ធ ហើយបានរាប់អានគ្នាជាមិត្តភក្តិរយៈពេលប្រហែលជាង១ឆ្នាំ។ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ស្រ្តីម្នាក់នេះ បានប្រាប់ខ្ញុំថា ស្ទះលុយធ្វើការងារដី ចង់លក់ឡានមួយគ្រឿងម៉ាក មែកសឺដេស ដែលកំពុងជិះរាល់ថ្ងៃ ពាក់ស្លាក់លេខនគរបាល ២-២៨២៧។
ខ្ញុំបាទសួរគាត់ថា ឡាននេះមានពន្ធ ឬអត់ គាត់ថា ឡានអត់មានពន្ធទេ ជាឡានអាំងវ៉ង់ទែរ ព្រោះគាត់ថា ប្ដីរបស់គាត់ពាក់ផ្កាយ៣។ ខ្ញុំបាននិយាយថា មិនហ៊ានជិះទេ ព្រោះខ្ញុំមិនមែនជាប៉ូលិស រួចគាត់ថា នឹងប្ដូរស្លាកលេខ និងជាន់ស្លាកលេខថ្មីឲ្យខ្ញុំ ជាស្លាកលេខស៊ីវិល តែលេខនេះ ជាលេខអាំងវ៉ង់ទែរ ខ្ញុំក៏ព្រមទិញ ហើយខ្ញុំមិនបានសួរនាំអ្វីច្រើនទេ ព្រោះគិតថា ជាមិត្តភក្តិ ទើបទិញភ្លាម ហើយជិះជាធម្មតា ពេលនោះគាត់អត់ឡានជិះ ក៏មកខ្ចីឡាននេះយកទៅជិះម្ដងម្ដាលដែរ ឡាននេះតម្លៃ៤ម៉ឺនដុល្លារ ហើយខ្ញុំទើបនឹងបង់ឲ្យគាត់បានតែ២ម៉ឺនដុល្លារ សន្យាថា នឹងឲ្យគាត់អស់នៅចុងខែឧសភានេះ។
រហូតមដល់ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ ប្រហែលម៉ោង១០ព្រឹក មានភ្ញៀវមកចាក់ប្រែងនៅស្ថានីយតូតាល់ បឹងត្របែក ហើយបានឃើញស្លាកលេខឡានរបស់គាត់ ដែលជាប់នឹងឡានរបស់ខ្ញុំ ក្រោយពីបានជួបខ្ញុំ ខ្ញុំក៏បានហៅស្រ្តី ដែលជាម្ចាស់រថយន្តដើម មកដោះស្រាយជាមួយម្ចាស់ស្លាកលេខវិញ ព្រោះខ្ញុំមិនដឹងរឿង មិនដឹងដោះស្រាយទេ។
ពេលម្ចាស់ដើមរថយន្តមកជួបជាមួយម្ចាស់ស្លាកលេខ ក្រោយពីបានពិនិត្យហើយ គាត់ក៏បានប្រគល់ស្លាកលេខឲ្យទៅម្ចាស់ដើមវិញ ហើយក៏បានយកឡានរបស់ខ្ញុំទៅផ្ទះគាត់វិញ រហូតមកដល់ថ្ងៃនេះ មិនទាន់បានសងលុយមកវិញទេ។
សូមបញ្ជាក់ថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយ កាលវេលាម៉ោង២រសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវ៤៨៤ កែងផ្លូវ៩៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីថៅកែស្ថានីយប្រេងឥន្ឋនៈតូតាល់ ជិះរថយន្តម៉ែកសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AB-5306 ជាន់ជាមួយស្លាកលេខរថយន្តម៉ាកព្រូស ពណ៌ស ស៊េរីឆ្នាំ២០០១ និងមានពាក្យបណ្ដឹងម្ចាស់រថយន្តព្រូស សង្ស័យថា រថយន្តថៅកែស្ថានីយប្រេងឥន្ឋនៈតូតាល់ ជិះរថយន្តឯកសាររថយន្តក្លែងក្លាយ។
ជនរងគ្រោះឈ្មោះ ជិន សោភ័ណ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ ប្រធានផ្នែកដេរ ស្នាក់នៅផ្ទះលេខ៤១ ផ្លូវ៤៣០ ស្ថិតនៅភូមិ១៣ សង្កាត់ផ្សារដើមថ្កូវ បានឲ្យដឹងថា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ គាត់បានចតរថយន្តមុខផ្ទះ ហើយមានជនសង្ស័យលួចគាស់ស្លាកលេខរថយន្តទាំងមុខ និងក្រោយ ហើយគាត់ក៏បានមកដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្តិ៍ ដើម្បីរក្សាទុក។ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ គាត់ក៏បានចូលចាក់សាំងនៅស្ថានីយប្រេងតូតាល់ ស្រាប់តែឃើញស្លាកលេខរថយន្តរបស់នៅជាប់និងរថយន្តម៉ែកសឺដេស ស៊េរីទំនើប ហើយខ្លាចខុស មើលម្ដងហើយម្ដងទៀត និងចំណាំច្បាស់ ត្រូវស្លាកលេខឡានខាងមុខកំពិតដោយជិះទៅប៉ះជញ្ជាំងផ្ទះ ហើយក៏ទូរស័ព្ទប្ដឹងនគរបាលប៉ុស្តិ៍ឲ្យអន្តរាគមន៍ ដើម្បីសួរនាំម្ចាស់រថយន្តម៉ែកសឺដេស តើបានស្លាកលេខពីណាមក ស្នើឲ្យសមត្ថកិច្ចចាត់វិធីការតាមផ្នែកជំនាញផ្លូវច្បាប់។
សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុមានម្ចាស់រថយន្តបានទូរស័ព្ទមកប្ដឹងថា ប្រទះឃើញស្លាកលេខ ភ្នំពេញ ២AB-៥៣០៦ ជាស្លាកលេខរថយន្តគាត់ ដែលចោលលួចដោះហើយឃើញពាក់ស្លាកលេខនៅលើរថយន្តម៉ែកសឺដេស ពណ៌ខ្មៅ ដែលនៅស្ថានីយប្រេងតូតាល់ ផ្លូវ៤៨៤កែង៩៩ ក្រោយមកក៏បានចុះមកកន្លែងកើតហេតុ ក៏បានហៅម្ចាស់រថយន្តម៉ែកសឺដេសមកសួរនាំ និងផ្ទៀងផ្ទាត់ឯកសាររថយន្តដែលមានស្លាកលេខដូចគ្នា ភ្នំពេញ ២AB-៥៣០៦។
ក្រោយពីឲ្យម្ចាស់រថយន្តទាំង២គ្រឿងមកធ្វើការផ្ទៀងផ្ទាត់ហើយ ភាគីម្ចាស់រថយន្តជាថៅកែប្រេងស្ថានីយតូតាល់ ដោយសុំសម្រួលគ្នាមិនពឹងសមត្ថកិច្ចយោងតាមស្នើសុំភាគីបុរសម្ចាស់រថយន្តព្រូស សុំដកពាក្យបណ្ដឹងមិនចង់វែងឆ្ងាយ គ្រាន់តែសុំថៅកែស្ថានីយ៍ប្រេងឥន្ឋនៈតូតាល់ ដោះស្លាកលេខចេញពីរថយន្តម៉ែកសឺដេស ឲ្យមកគាត់វិញសុខចិត្តបញ្ចប់រឿង។
សមត្ថកិច្ចបញ្ជាក់ថា ករណីខាងលើ ភាគីសងខាងសម្រួលគ្នាដោយមិនពឹងលើសមត្ថកិច្ចចូលរួមធ្វើកំណត់ហេតុគ្រាន់តែសុំដកពាក្យបណ្ដឹងដែលចោរលួចស្លាកលេខរថយន្តកាលពីខែកុម្ភៈ ឆ្នាំ២០១៩ ហើយសមត្ថកិច្ចយើងមិនបានដឹងថា សងត្រឹមដោះស្លាកលេខ ឬថែមលុយប៉ុន្មាននោះទេ សំខាន់ភាគីសងខាងមិនពាក់លើសមត្ថកិច្ចយើងទេ ទោះថ្ងៃក្រោយមានបញ្ហាអ្វីកើតឡើងក៏ដោយ៕










