header ads

Sponsor

ព្រះសីហនុៈ សាលាដំបូងខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជាបណ្តោះអាសន្នជនជាតិចិន៤នាក់ ក្នុងនោះមានម្ចាស់អគារ ថៅកែក្រុមហ៊ុនម៉ៅការសំណង់ និងអ្នកពាក់ព័ន្ធ២នាក់ទៀត ក្នុងករណីបាក់រលំអគារ កម្ពស់៧ជាន់ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បណ្តាលឲ្យមនុស្សស្លាប់២៨នាក់ និងរបួស២៦នាក់។

យោងតាងដីកាបង្គាប់ឲ្យឃុំខ្លួនចំនួន៤សន្លឹក របស់សាលាដំបូងខេត្តព្រះសីហនុ បានបញ្ជាក់ថា ម្ចាស់សំណង់អគារកម្ពស់៧ជាន់ ដែលបាក់រលំនោះមានឈ្មោះ Cheng Kun ភេទប្រុស អាយុ៣៩ឆ្នាំ ជាជនជាតិចិន មានស្រុកំណើតនៅខេត្តហ៊ូពែ ទីលំនៅបច្ចុប្បន្ននៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មុខរបរជាពាណិជ្ជករ ត្រូវបានតុលាការដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ "មនុស្សឃាតដោយអចេតនា បង្កឲ្យមានរបួសដោយអចេតនា និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារបង្ករបួសស្នាមដល់អ្នកដទៃ" ផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២០៧ មាត្រា២៣៦ និងមាត្រា៤១៤ នៃក្រមព្រហ្មទណ្ឌ។

ដោយឡែក៣នាក់ទៀតរួមមាន ទី១- ឈ្មោះ Deng Xin Gul ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន ទីលំនៅបច្ចុប្បន្ននៅផ្ទះជួល សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មុខរបរថៅកែម៉ៅការសសំណង់, ទី២- ឈ្មោះ Gao Yu ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន ទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ មុខរបរជាងសំណង់ និងទី៣- ឈ្មោះ Xie Ya Ping ភេទស្រី អាយុ៤៣ឆ្នាំ ជាជនជាតិចិន ទីលំនៅបច្ចុប្បន្ននៅផ្ទះជួល ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មុខរបរមើលការងារក្នុងការដ្ឋាន ដែលពួកគេទាំង៣ ត្រូវបានតុលាការដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ "សមគំនិតក្នុងអំពើមនុស្សឃាតដោយអចេតនា សមគំនិតក្នុងអំពើបង្កឲ្យមានរបួសដោយអចេតនា និងសមគំនិតក្នុងអំពើធ្វើឲ្យខូចដោយចេតនា មានស្ថានទម្ងន់ទោសដោយសារបង្ករបួសស្នាមដល់អ្នកដទៃ" ផ្តន្ទាទោសតាមបញ្ញត្តិមាត្រ២៩ មាត្រា២០៧ មាត្រា២៣៦ និងមាត្រា៤១៤ នៃក្រមព្រហ្មទណ្ឌ។

ឧបទ្ទវហេតុរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បានបិទបញ្ចប់ជាស្ថាពរនៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីបើកប្រតិបត្តិការរុករក និងសង្រ្គោះអស់រយៈពេល២ថ្ងៃកន្លះ។

តុល្យការជនរងគ្រោះដែលក្រុមការងារ បានជួយសង្រ្គោះយកចេញពីគំនរអគារបាក់បែក មានចំនួនសរុបចំនួន៥៤នាក់ ក្នុងនោះស្លាប់ចំនួន២៨នាក់ (ស្រី៤នាក់) និងរងរបួសចំនួន២៦នាក់ (ស្រី២នាក់)។

សូមជម្រាបថា ក្រោយករណីបាក់រលំអគារកម្ពស់៧ជាន់ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់សំណង់, ថៅកែម៉ៅការសាងសង់ និងអ្នកពាក់ព័ន្ធចំនួន២នាក់ សរុប៤នាក់ យកទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ ធ្វើកំណត់ហេតុ និងបន្ដចាត់ការតាមនីតិវិធីច្បាប់។

អាជ្ញាធរខេត្តបញ្ជាក់ថា ការដ្ឋានសំណង់នេះ មានម្ចាស់ឈ្មោះ Chen Kun ភេទប្រុស អាយុ៣៩ឆ្នាំ បានជួលដីសម្រាប់សាងសង់អគារពីឈ្មោះ ញឹក ហ៊ុយ ភេទប្រុស ជនជាតិខ្មែរ អាយុ៦៥ឆ្នាំ ហើយបានម៉ៅការសាងសង់ដោយក្រុមហ៊ុន XI GANG TANG GONG GOU JI HAISAO មានថៅកែម៉ៅការសាងសង់ ឈ្មោះ DENG XING GUI ភេទប្រុស អាយុ៤៨ឆ្នាំ និងអ្នកម៉ៅការបូកជញ្ជាំងអគារ ឈ្មោះ GAO YU ភេទប្រុស អាយុ២៩ឆ្នាំ។

បច្ចុប្បន្ន ជននសង្ស័យទាំង៤នាក់ ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជាបណ្តោះអាសន្ន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post