
កំពត៖ យោងតាមគណនី ហ្វេសប៊ុកឈ្មោះ គ្រូបង្រៀនមហាព្រហ្ម ដែលបានអះអាងថាជានាយកសាលាបឋមសិក្សា មហាព្រហ្ម ខេត្តកំពត បានបង្ហោះពីការឈឺចាប់មួយតាមគណនីហ្វេសប៊ុកខ្លួន ក្រោយពីរងការព្រួតវាយធ្វើបាប ដោយយកជើងជាន់ក្បាលផង យកខ្សែមកចងស្លាបសេកផង ប៉ុន្តែគ្មានអ្នកជួយសោះ ដោយសារតែលោក បានព្យាយាមការពារទ្រព្យសម្បត្តិសាលារៀន ។
ក្នុងនោះគណនីខាងលើបានលើកឡើងថា ៖
នេះឬតម្លៃគ្រូបង្រៀន! សូមបងប្អូនជួយshareម្នាក់មួយមក។ នេះហើយលទ្ធផលទទួលបានពីការអភិវឌ្ឍសាលាបឋមសិក្សាមហាព្រហ្មកន្លងមក។ ត្រូវអ្នកលក់ដូរតាមរោងល្ខោនព្រួតវាយ ប្រជាពលរដ្ឋបានត្រឹមបញ្ជោះថែម ។ (វៃវាឲ្យងាប់ទៅ)នេះជាសម្ដីមេភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូកខេត្តកំពត គ្មានសមត្ថកិច្ចឬអាជ្ញាធរណាជួយដោះស្រាយទេ សូម្បីតែអធិការស្រុកឈូក ។
ជនល្មើសជាច្រើនបានរួចខ្ញួន ឯខ្ញុំក្លាយជនមានកំហុសនិងដេកពេទ្យយ៉ាងកម្សត់។តើខ្ញុំខុសអី គ្រាន់តែការពារទ្រព្យសម្បត្តិសាលា ហេតុអីក៏ពួកគេមិនយល់បែរជាមកប្រមាថខ្ញុំដូចសត្វធាតុ ខ្ញុំឈឺចាប់ណាស់! គេវាយនាយកសាលាម្នាក់ទាំងហ្វូង យកជើងជាន់ក្បាលផង យកខ្សែមកចងស្លាបសេកផង គ្មានអ្នកជួយសោះ ចុងក្រោយបានពូធី គាត់ដូរចិត្តមកជួយខ្ញុំក្នុងហ្វូងមនុស្សវិញ កុំអីប្រហែលស្លាប់ព្រោះមានទាំងកាំបិត និងដែកបំពង់ទីបផង ពិតជាអយុត្តិធម៌ណាស់សម្រាប់ខ្ញុំ៕








