Sponsor

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា បញ្ហារឿងប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញគ្រប់ប្រភេទ លើកលែងតែអាវុធពីកម្ពុជា (EBA) បើគេកាត់ផ្ដាច់វាល្អម្យ៉ាង វាប៉ះពាល់ម្យ៉ាងផងដែរ។ សម្ដេចក្រឡាហោម ស ខេង បានថ្លែងបែបនេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាខេត្ត បាត់ដំបងអាណត្តិទី៣ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩។

សម្ដេច ស ខេង មានប្រសាសន៍ថា “ខ្ញុំធ្លាប់និយាយហើយថា EBA បើគេកាត់ម្យ៉ាងវាប៉ះពាល់ម្យ៉ាង។ ប៉ុន្ដែយើងយកឱកាសហ្នឹងដើម្បីពង្រឹងខ្លួនយើងទៅជាចឹងក៏ល្អដែរ ប្រឹងប្រែងខ្លួនយើង កសាងស្រុក។ព្រោះដល់ពេលណាមួយគេកាត់ដដែលទេ គ្រាន់ថា បើគេកាត់មុនទៅខាតមួយឆ្នាំជាងតែប៉ុណ្ណឹង”។

សម្ដេចបន្ដថា នៅពេលកម្ពុជាមានការ រីកចម្រើនខាងផ្នែកសេដ្ឋកិច្ចខ្ពស់ ក៏បណ្ដាប្រទេសនៅអឺរ៉ុប គង់តែកាត់ផ្ដាច់ EBA ពីកម្ពុជាផងដែរ។ សម្ដេចថា “ប៉ុន្ដែយើងនិយាយចឹងថា យើងមិនស្ដាយទេ គឺយើងស្ដាយ”។

បើតាមរបាយការណ៍នានា សេដ្ឋកិច្ចកម្ពុជា កាលពីឆ្នាំ២០១៨ បានកើនឡើង ៧,២ភាគរយ ដោយភាពរឹងមាំនៃសកម្មភាពសំណង់ ក៏ដូចជា វិស័យសំខាន់ៗមួយចំនួនទៀត រួមមាន ៖ ឧស្សាហកម្មកាត់ដេរ, សេវាកម្មទាក់ទង និងវិស័យទេសចរណ៍ជាដើម។

សូមរំលឹកថា សហភាពអឺរ៉ុបបានចាប់ផ្តើមនីតិវិធីជាផ្លូវការ លើការផ្អាកជាបណ្តោះអាសន្នការអនុគ្រោះពន្ធលើទំនិញ គ្រប់ប្រភេទលើកលែងតែអាវុធ កាលពីថ្ងៃទី១៣ កុម្ភៈ មុននឹងអាចឈានទៅរកការព្យួរនៅខែកុម្ភៈ ឆ្នាំ២០២០ ប្រសិនបើរកឃើញថា កម្ពុជាអនុវត្តមិនត្រឹមត្រូវទៅរក ភាពល្អប្រសើរគ្រប់គ្រាន់ ទៅលើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor