ភ្នំពេញៈ ជនភេទទី៣ ហៅចំបុីខ្មៅ ដែលល្បីល្បាញតាមបណ្ដាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ ដោយសារតែជេរដៀលត្មះខ្មែរមួយនគរ ហើយត្រូវបានចាប់ឃុំខ្លួននៅគុកព្រៃសនោះ បានត្រូវចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យនាំខ្លួនពីពន្ធនាគារ ដើម្បីកាត់ទោសជាសាធារណៈ។
ជនជាប់ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ កើតនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៩៦ នៅភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ត្រូវបានតុលាការក្រុងភ្នំពេញ ចោទប្រកាន់ពីបទញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៦ នៃក្រមព្រហ្មទ័ណ្ឌ ហើយចៅក្រមស៊ើបសួរបានសម្រេចចេញដីកាឃុំខ្លួននៅយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩។
នៅក្នុងសវនាការ ជនជាប់ចោទបានសារភាពកំហុសថា ខ្លួនគេពិតជាបានជេរត្មះតិដៀល ដូចនៅក្នុងវីដេអូឃ្លីបយ៉ាងដូច្នេះមែន ដោយសារខឹងសម្បារនឹងយុវជន៣នាក់ ជិះម៉ូតូមកខោកក្បាលរបស់គេ ដោយមិនដឹងមូលហេតុ។ ជាមួយនឹងការសារភាពកំហុស ជនត្រូវចោទក៏បានសូមអភ័យទោសពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស ចំពោះកំហុសឆ្គងដែលកើតឡើងនោះ។
ដោយសារជនត្រូវចោទបានសារភាពកំហុស មិនមានឧបសគ្គស្មុគស្មាញដល់នីតិវិធីតុលាការ ចៅក្រមជំនុំជំរះ លោក ម៉ៅ សុីណា ក៏បានសម្រេចលើកពេលទៅប្រកាសសាលក្រមរឿងក្ដីនេះ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ខាងមុខ។
យុវជន យិន ហេង ហៅ ចំបុីខ្មៅ ត្រូវបាននគរបាលចាប់ខ្លួន កាលពីល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅហាងកាហ្វេមួយកន្លែង ក្នុងទឹកដីខណ្ឌដូនពេញ ហើយបានបញ្ជូនមកកាន់តុលាការ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំដដែល។
ដើមចមដែលនាំឲ្យសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យរូបនេះ គឺកាលពីវេលាម៉ោង១៧៖២៥នាទីយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចមុខព្រះបរមរាជវាំង ជនសង្ស័យបានបង្ហោះសារជាអក្សរលើទំព័រហ្វេសប៊ុកឈ្មោះ "ចំប៉ីខ្មៅ Chompey Khmoa" ថា ជូនពូជអាខ្មែរតិរិច្ឆាន៣នាក់ ដែលជិះម៉ូតូមកខោកក្បាលខ្ញុំតាមផ្លូវ និងមានភ្ជាប់ឃ្លីបវីដេអូរយៈពេល១នាទី៥៣វិនាទី ដោយជេរក្រុមជនបង្ក ដែលបានវាយក្បាលគាត់មួយក្រញ៉ និងបានប្រមាថដល់ពូជសាសន៍ខ្មែរយ៉ាងធ្ងន់ធ្ងរ។
ការប្រមាថពូជសាសន៍ខ្មែរ ដោយសារកំហឹងចំពោះអ្នកវាយក្បាលគាត់បែរនេះ បានធ្វើឲ្យ មហាជន ជាពិសេសក្រុមអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ថ្កោលទោស និងទាមទារឲ្យសមត្ថកិច្ចស្វែងរកចាប់ខ្លួនជននេះអោយខាងតែបានដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់អោយស័ក្ដសមទៅនិងកំហុស ។
ជាការកត់សម្គាល់ឈ្មោះយិន ហេងប្រើអាខោនហ្វេសបុកឈ្មោះចម្បីខ្មៅនេះធ្លាប់បង្កការក្ដៅក្រហាយតាមបណ្ដាញសង្គមច្រើនដងហើយ តាំងពីករណីដែលអង្គការយូនីស្កូចុះបញ្ជីទទួលស្គាល់ល្ខោនខោល របស់ខ្មែរចូលជាបិតិភ័ណ្ឌពិភពលោក និងជម្លោះកន្លែងចតយានយន្តជាដើម ដោយអាជ្ញាធរខ័ណ្ឌបានអោយជននេះធ្វើកិច្ចសន្យាបញ្ឈប់ការបង្កបញ្ហាទៀត៕