កណ្តាលៈ ក្មួយបង្កើត និងត្រូវជាអង្គរក្សផ្ទាល់របស់នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តឧត្តរមានជ័យ បានចូលខ្លួនសារភាព នៅកងរាជអាវុធហត្ថក្រុងតាខ្មៅ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩នេះ។
សូមបញ្ជាក់ថា មានករណីផ្ទុះអាវុធជាច្រើនគ្រាប់បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់ និងធ្វើឲ្យនារីៗ ដែលបម្រើការងារនៅក្នុងខារ៉ាអូខេ «ប៊ី ហ្គោល » នោះ បានរត់បាតជើងសព្រាតទាំងព្រលឹងចុងសក់ មិនតែប៉ុណ្ណោះធ្វើឲ្យអ្នកបើករថយន្តកុងតឺន័រភ័យលស់ព្រលឹងដោយសារគ្រាប់កាំភ្លើងហោះផ្លោងទៅចំកញ្ចក់រថយន្ត ដែលកំពុងធ្វើដំណើរនៅមុខទីតាំងនោះ។
មន្ត្រីអាវុធហត្ថក្រុងតាខ្មៅ បានឲ្យដឹងថា ខ្មាន់កាំភ្លើងនោះ ជាយោធាឈ្មោះ សាន សុច ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលាម៉ោង៨៖៣០នាទីយប់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចហាងខារ៉ាអូខេ B-Gold ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្រ្តអាវុធហត្ថ បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ខ្មាន់កាំភ្លើង បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ សេរី២០១៩ ចូលផឹកស៊ីច្រៀងខារ៉ាអូខេ នៅហាង B Gold បន្ទប់លេខ888 ជាមួយមិត្តភក្តិ ប្រុស២នាក់ទៀត មិនស្គាល់ឈ្មោះ។
ក្រោយពេលផឹកស្រវឹងធ្លាក់ភ្នែក ពួកគេស្រាប់តែឈ្លោះគ្នា ហើយគេឃើញជនសង្ស័យដើរចេញមកក្រៅហាង ចាក់កែបម៉ូតូយកកាំភ្លើងខ្លីម៉ាកឡុក ពណ៌ខ្មៅ យកដើរចូលទៅបាញ់ក្នុងហាងបាញ់ ចំនួន៤គ្រាប់ ហើយផ្ទុះ៣គ្រាប់ ហើយស្រែកថា “អញឈ្មោះ អាសុច អាណាខ្លាំងចេញមក អញបាញ់ឲ្យងាប់!!” រួចហើយជិះម៉ូតូតាមផ្លូវ១១៥ ទៅទិសខាងលិច រួចបាញ់ឡើងលើ១គ្រាប់ទៀត តែមិនបណ្តាលឲ្យមានអ្នករបួស ហើយគេចខ្លួនបាត់ បន្សល់ទុកស្រោមកាំភ្លើង ពណ៌ខ្មៅចំនួន១, សោម៉ូតូ១ចង្កោម (កូនសោរម៉ូតូ១កូនសោរថយន្ត១តេឡេរថយន្ត១), គ្រាប់កាំភ្លើងខ្លី ម៉ាកឡុកចំនួន៤បាញ់ ផ្ទុះអស់៣គ្រាប់ (លេខA-USA 9MM-LUGER) ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅរើសសម្បកគ្រាប់មកចែកគ្នាហិតលេង ហើយបានសន្មតថា អ្នកបាញ់ជានរណាទៅហើយ ព្រោះជាម៉ូយចាស់ មុខដដែលៗហ្នឹង លុះព្រឹកឡើង ក៏ចេញមុខមកសារភាពតែម្ដង ក្រែងលោវាស្រាលខ្លួនជាងរត់គេច ។ បើបាញ់ហើយមកសារភាពដដែល ខំបាញ់ម្ល៉េះ លោកព្រះ៕