header ads

Sponsor

ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ ត្រូវបានប៉ូលិសព្រហ្មទណ្ឌដាក់ខ្មោះដៃបញ្ជូនឡើងតុលាការ កាលពីព្រឹកថ្ងៃទី២២ មិថុនា ឆ្នាំ២០១៩ ពាក់ព័ន្ធពីបទឆបោកលើទឹកប្រាក់ប្រមាណជាង២ម៉ឺនដុល្លារអាមេរិក តាមរូបភាពយកវត្ថុស័ក្តិសិទ្ធិ(សំរឹទ្ធ)មកលក់យកលុយពីមនុស្សល្ងង់។

ជនសង្ស័យឈ្មោះ យ៉ែម សុវណ្ណ ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ទាក់ទិនករណីខាងលើនេះ ត្រូវបានមន្រ្តីនគរបាលព្រហ្មទណ្ឌ បង្ហើបឲ្យដឹងថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យទៅតាមពាក្យបណ្តឹងជនរងគ្រោះឈ្មោះ កែវ ហុងគន្ធា ភេទប្រុស អាយុ៣២ឆ្នាំ។

មន្ត្រីនគរបាលបន្តថា ក្នុងពាក្យបណ្តឹង កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្នុងផ្ទះរបស់ឈ្មោះ ខូវ ទីជិនឡាយ ឈ្មោះ យ៉ែម សុវណ្ណ បានយកវត្ថុម្យ៉ាងទៅបង្ហាញ ឈ្មោះ កែវ ហុងគន្ធា (ជនរងគ្រោះ) ដោយប្រាប់ថា នេះជាវត្ថុស័ក្តិសិទ្ធិ(សំរឹទ្ធ)របស់មិត្តភក្តិខ្លួននៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលគេចង់លក់ក្នុង១ខាំតម្លៃ ៤៥.០០០.០០០ ដុល្លារអាមេរិក ។ ជនសង្ស័យ បានប្រាប់ជនរងគ្រោះទៀតថា ប្រសិនបើយកវត្ថុស័ក្តិសិទ្ធិ(សំរឹទ្ធ)នេះទៅលក់ គឺបានចំណេញប្រាក់ច្រើនជាងនេះទៀត ប៉ុន្តែមានប្រាក់២១០០០ដុល្លារឲ្យម្ចាស់គេជាមុន ទើបបានយកវត្ថុស័ក្តិសិទ្ធិទៅលក់បាន។

ទន្ទឹមនោះម្ចាស់ផ្ទះឈ្មោះ ខូវ ទីជិនឡាយ បានប្រាប់ជនរងគ្រោះថា យកវត្ថុស័ក្តិសិទ្ធិនេះបានគាត់ជួយរកម៉ូយមកទិញភ្លាម។ ជនរងគ្រោះដោយយល់ឃើញថា ចង់បានប្រាក់ចំណេញច្រើននោះ កើតមានការជឿទុកចិត្តទៅលើម្ចាស់ផ្ទះ ក៏បានសម្រេចចិត្តប្រគល់លុយចំនួន២១០០០ដុល្លារអាមេរិកឲ្យទៅឈ្មោះ យ៉ែម សុវណ្ណ ចំពោះមុខម្ចាស់ផ្ទះ ដើម្បីយកវត្ថុស័ក្តិសិទ្ធិនោះទៅលក់បានប្រាក់ចំណេញចែកគ្នាចាយ។ ខណៈពេលឈ្មោះ យ៉ែម សុវណ្ណ ទទួលយកប្រាក់២១ ០០០ដុល្លារ ពីឈ្មោះ កែវ ហុងគន្ធា រួចហើយ គេក៏សន្យាដល់ថ្ងៃទី១៨ តុលា ឆ្នាំ២០១៨ ទើបយកវត្ថុស័ក្តិសិទ្ធិនោះប្រគល់ឲ្យជនរងគ្រោះ។ តែទីបំផុតជនសង្ស័យបានប្រាក់ជាង២ម៉ឺនដុល្លារហើយ គេចខ្លួនបាត់ និងផ្តាច់ការទំនាក់ទំនងទាំងអស់។

យោងតាមពាក្យបណ្តឹង នគរបាលព្រហ្មទណ្ឌ បានចាត់កម្លាំងជំនាញឲ្យចុះបើកការស៊ើបអង្កេត និងស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ យ៉ែម សុវណ្ណ នាំមកចាត់ការតាមផ្លូវច្បាប់។

តាមចម្លើយជនសង្ស័យឈ្មោះ យ៉ែម សុវណ្ណ នៅចំពោះមុខសមត្ថកិច្ចថា ដំបូងខ្លួនបានស្គាល់ឈ្មោះ ខូវ ទីជិនឡាយ ដែលគាត់ជាគ្រូខ្មែរម្នាក់ តម្រូវឲ្យគាត់ព្យាបាលជំងឺ​ប្រចាំកាយ ។ អំឡុងពេលនោះឈ្មោះ ខូវ ទីជិនឡាយ បានសួរខ្លួនថា មានស្គាល់អ្នកណាមានលក់វត្ថុស័ក្តិសិទ្ធិដែរទេ? ខ្លួនក៏ឆ្លើយតបថា មានអ្នកនៅស្រុកឱរ៉ាលគេចង់លក់ តែតម្លៃក្នុង១ខាំ៤៥.០០០.០០០ដុល្លារអាមេរិក (សែសិបប្រាំលាន) ហើយទាល់តែមានប្រាក់ចំនួន២១ ០០០ដុល្លារកក់មុន បានគេលក់ឲ្យ។ កាលពួកគេ(យ៉ែម សុវណ្ណ និងខូវ ទីជិនឡាយ)បាននិងកំពុងនិយាយគ្នានោះ ឈ្មោះ កែវ ហុងគន្ធា ដែលជាជនរងគ្រោះក៏ស្ថិតនៅទីនោះដែរ។

លុះដល់ថ្ងៃទី៣ ខែសីហា ឈ្មោះ កែវ ហុងគន្ធា បានយកប្រាក់ឲ្យខ្លួន(យ៉ែម សុវណ្ណ)នៅចំពោះមុខឈ្មោះ ខូវ ទីជីនឡាយ ចំនួន២១ ០០០ដុល្លារអាមេរិក ដើម្បីយកទៅកក់វត្ថុស័ក្តិសិទ្ធិនោះ តែខ្លួនមិនទាន់ធ្វើការបានសម្រេចផង ក៏ត្រូវម្ចាស់ប្រាក់ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ដោយចោទប្រកាន់ពីបទឆបោក។ ជនសង្ស័យកំពុងស្ថិតនៅក្នុងចំណាត់ការរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post