ព្រះសីហនុៈ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ដាក់ឲ្យដំណើរការរដ្ឋបាលក្រុងកោះរ៉ុង ជាមួយការប្រកាសតែងតាំងអភិបាល អភិបាលក្រុងកោះរ៉ុង និងប្រកាសទទួលស្គាល់ក្រុមប្រឹក្សាក្រុងកោះរ៉ុងផងដែរ។ ពិធីនេះ ធ្វើឡើងនាព្រឹកថ្ងៃ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩។
លោក នួន ប៊ុនថុល នាយកទីចាត់ការអន្តរវិសយ័សាលាខេត្តព្រះសីហនុ ត្រូវបានតែងតាំងជាអភិបាលក្រុងកោះរ៉ុង អមដោយអភិបាលរងក្រុងចំនួន៤ រូបទៀត ដោយឡែក លោក អួង និត អតីតចៅសង្កាត់កោះរ៉ុង ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាក្រុងកោះរ៉ុង ព្រមទាំងសមាជិកក្រុមប្រឹក្សាក្រុងចំនួន៩រូប។
ថ្លែងក្នុងឱកាសនោះ លោក យន្ត មីន បានគូសបញ្ជាក់ថា ក្រុងកោះរ៉ុង គឺជាតំបន់ទេសចរណ៍មួយប្រកដោយសក្តានុពល រួមមាន ៖ ១.កោះរ៉ុងមានឆ្នេរខ្សាច់ស្អាត ២.មានទឹកសមុទ្រថ្លាឈ្វេងគួរឱ្យចង់ហែលលេងកម្សាន្ត ៣.កោះនេះគ្រប់ដណ្ដប់ទៅដោយព្រៃឈើបៃតង ៤.មានបរិយាកាសល្អខ្យល់អាកាសបរិសុទ្ធគួរឱ្យចង់មកលំហែ។
លោកបន្តថា សក្តានុពលរបស់កោះរ៉ុងខាងលើនេះ បានធ្វើឲ្យពិភពលោកបានស្គាល់កោះរ៉ុងនៃខេត្តព្រះសីហនុថា ជាកន្លែងគួរជាទីមនោរម្យចង់មកលំហែ។ ហើយការបង្កើតដែនដីកោះនេះឲ្យទៅជាក្រុង គឺជាការបង្ខិតសេវាឲ្យមកនៅជិតជាមួយប្រជាពលរដ្ឋ និងសម្រួលដល់ការលំបាករបស់ប្រជាជន។
ជាមួយគ្នានេះដែរ លោកក៏បានផ្ដាំផ្ញើដល់គណៈអភិបាលក្រុង និងក្រុមប្រឹក្សាក្រុងកោះរ៉ុង ត្រូវខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងដែនដីរបស់ខ្លួន ជាពិសេស គឺបង្កើនការថែរក្សាបរិស្ថានឆ្នេរ បរិស្ថានធម្មជាតិ ដែលសក្កានុពលដ៏ទាក់ទាញសម្រាប់ទីក្រុងមួយនេះ និងសហការសាមគ្គីគ្នាបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងត្រូវធ្វើខ្លួនជាមន្ត្រីបម្រើប្រជាជនពិតប្រាកដ។
ទន្ទឹមនឹងនេះ លោកក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជីវភាពប្រជាជនបានធូរធារ អត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយជាលំដាប់ នឹងកាន់តែល្អប្រសើរថែមទៀត។
លោក នួន ប៊ុនថុល អភិបាលក្រុង និងលោក អ៊ួង និត ប្រធានក្រុមប្រឹក្សាកោះរ៉ុង បានបង្ហាញការប្ដេជ្ញាចិត្តស្រដៀងគ្នាថា នឹងខិតខំបម្រើប្រជាជនឲ្យបានល្អប្រសើរ និងរួមគ្នា គឺខិតខំស្ដារហេដ្ឋារចនាសម្ព័ន្ធនៅលើដែនកោះមួយនេះឲ្យកាន់តែមាន ដំណើរការល្អប្រសើរឆ្លើយតបទៅនឹងតម្រូវ ការរបស់ប្រជាពលរដ្ឋទូទៅនិងការពារសុវត្ថិភាព សន្តិសុខ អោយបានល្អជូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរ និងអ្នកវិនិយោគ។
សូមបញ្ជាក់ផងដែរថា នៅក្រុងកោះរ៉ុងមានចម្ងាយប្រមាណ៣៦គីឡូម៉ែត្រពីដែនគោកនៃក្រុងព្រះសីហនុ។ បើយើងធ្វើ ដំណើរតាមទូកពីក្រុងព្រះសីហនុ ឆ្ពោះទៅក្រុងកោះរ៉ុងចំណាយពេលត្រឹមតែ៣០ ទៅ៤០នាទីប៉ុណ្ណោះ។ ហើយពេលនេះត្រូវបានបង្កើតជារដ្ឋបាលក្រុងកោះរ៉ុងវិញ ចំណុះខេត្តព្រះសីហនុ ដែលពីមុនកោះរ៉ុងស្ថិតនៅជាមូលដ្ឋានរដ្ឋបាលថ្នាក់សង្កាត់ចំណុះរដ្ឋបាលក្រុងព្រះសីហនុ អោយស្របតាមស្ថានភាពភូមិសាស្ត្រនិងការវិវត្តន៍រីកចម្រើននាពេលបច្ចុប្បន្នតាមគោល នយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។
ក្រុងកោះរ៉ុងមានសង្កាត់ចំនួន២ គឺសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ដែលមានប្រជាជនរស់នៅប្រមាណ ៧០០គ្រួសារ។ បើទោះបីជាហេដ្ឋា រចនាសម្ព័ន្ធនៅក្រុងនេះមិនទាន់បានរៀបរយក្តី លោកអភិបាលខេត្តនឹងជំរុញដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធឲ្យបានល្អប្រសើរដើម្បីធានានិរន្តរភាពនិងភាពងាយស្រួលក្នុងការបំពេញការងារផ្សេងៗប្រជាពលរដ្ឋ។
នាពេលអនាគតយើងសង្ឃឹមថា ក្រុងកោះរ៉ុង នឹងកាន់តែល្អប្រសើរ ហើយជាទីកន្លែងគួរជាទីទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក៕