header ads

Sponsor

(ព្រៃវែង): កម្លាំងប៉ូលីសប្រឆាំងបទល្មើសសេដ្ធកិច្ចខេត្តព្រៃវែង ហការជាមួយកម្លាំងមកពីអគ្គនៃក្រសួងមហាផ្ទៃ ចុះបង្ក្រាបបទល្មើសនេសាទអួសអួនប្រើដុំឆក់ត្រជាក់ ខុសច្បាប់របស់ក្រុមជនជាតិវៀតណាម តាមដងទន្លេមេគង្គក្រោម តែក្រុមល្មើសទាំងនោះបំរ៉ុងតដៃជាមួយសមត្ថកិច្ចធ្វើអោយសមត្ថកិច្ចបង្ខំចិត្តបាញ់ជាច្រើនគ្រាប់ ដើម្បីគំរាមការពារសុវត្ថិភាព បណ្តាលអោយផ្លាតទឹកទៅត្រូវអ្នកល្មើសជនជាតិវៀតណាមម្នាក់ ចំជើងរងរបួសស្រាល ។

ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង០០នាទីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចតាមដងទន្លេមេគង្គក្រោម ស្ថិតក្នុងឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។

លោក គឹម សាលួត ប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ធកិច្ចខេត្តព្រៃវែង បានអោយដឹងថា: យោងតាមរបាយការណ៍ពាក្យបណ្តឹងតាទូរស័ព្ទរបស់ប្រជាពលរដ្ឋមក ការិយាល័យជំនាញ លោកស្នងការរង ក៍ដូចជាលោកស្នងការ និងតាមរយៈគណៈពង្រឹងក្រុមការងារថ្នាក់ជាតិដែលចុះជួយស្រុកពាមជរនោះ ឃើញថាមានក្រុមជនជាតិវៀតណាមប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់អូសសាច់អួនប្រើដុំឆក់ត្រជាក់និងទូកធំៗប្រើសុទ្ធតែម៉ាសុីឡានតាមដងទន្លេមេគង្គក្រោម យ៉ាងគគ្រឹកគគ្រេងនៅពេលយប់ជាយូរយាណាស់មកហើយ និងបានរំខានបំផ្លិចបំផ្លាញអូសដាច់មង សន្ទូច របស់ពលរដ្ធប្រកបមុខរបរនេសាទជាលក្ខណៈគ្រួសារបន្តិតបន្តួចគ្រាន់ចិញ្ចឹមជីវិតទៀតផង ។
ចំពោះសកម្មភាពរបស់ក្រុមជនល្មើសខ្លាំងខ្លាណាស់សមត្ថកិច្ចស្រុក ឃុំ មិនហ៊ានទៅក្បែរពួកវានោះទេព្រោះខ្លាចមានគ្រោះថ្នាក់ដល់អាយុជីវិត ។

សូមបញ្ជាក់ផងដែរថា: កាលឆ្នាំកន្លងទៅនាយសង្កាត់ជលផលស្រុកពាមជរម្នាក់បានដឹកនាំកម្លាំងក្រោមឱវ៉ាតចុះទៅបង្ក្រាបក្រុមជនជាតិវៀតណាម អូសសាច់អួនប្រើឧបករណ៍ឆក់ត្រជាក់នេះ ត្រូវបានក្រុមជនល្មើសបើកទូកបំបុកលិចលង់ទឹកស្លាប់រហូតដល់សព្វថ្ងៃ សមត្ថកិច្ចមិនទាន់ស្រាវជ្រាវរកមុខសញ្ញាជនដៃដល់បានផង ។

លោកប្រធានការិយាល័យបន្តទៀតថា: យោងតាមរដូវនេះគឺជារដូវបិទនេសាទ ទើបកម្លាំងប្រើប្រាស់មធ្យោបាយដោយទូកអូប័រចំនួន២គ្រឿង គ្នាជាង១០នាក់ ចុះប្រតិបត្តិការណ៍បង្ក្រាបតែម្តង ។
ប៉ុន្តែខណៈចុះបង្ក្រាក្រុមជនជាតិវៀតណាមល្មើសច្បាប់ទាំងនោះ ពួកគេចង់បើកទូកចូលមកបំណងបំបុកទូករបស់កម្លាំងសមត្ថកិច្ច និងទាញកាំបិតមពូថៅ តតាំងជាមួយសមត្ថកិច្ចទៀតផង។
ឃើញសកម្មភាពរបស់ក្រុមល្មើសបែបនេះធ្វើអោយសមត្ថកិច្ចប្រើសិទ្ធការពារខ្លួនបង្ខំចិត្តបាញ់គំរាម បណ្តាលអោយផ្លាតទឹកទៅត្រូវជនល្មើសម្នាក់ឈ្មោះង្វៀង វ៉ាន់អ៊ុក ជនជាតិវៀតណាម មានទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ចំជើងខាងស្តាំ១គ្រាប់ ពាមជាប់នៅហ្នឹងជើងត្រូវបានសមត្ថកិច្ចដឹកបញ្ជូនយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យខេត្តព្រៃវែងទាំងយប់ក្រោមការយាមកាមរបស់សមត្ថកិច្ច ។

ចំណែកជនល្មើស៥នាក់ទៀតសុទ្ធតែជាជនជាតិវៀតណាមទាំងអស់មិនទាន់ស្គាល់ឈ្មោះ និងទូកម៉ាសុីនធំៗ៣គ្រឿង រួមជាមួយឧបករណ៍ល្មើសច្បាប់ជលផលត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុកសាងសំណុំរឿងប្រគល់អោយមន្ត្រីជំនាញជលផលចាត់ការបន្តតាមនីតិវិធីច្បាប់។
លោកប្រធានការិយាល័យបញ្ជាក់បន្ថែមថា: ទូកនេសាទខុសច្បាប់របស់ក្រុមជនល្មើសច្រើនគ្រឿងណាស់ពេញផ្ទៃទន្លេបើករត់គេចបែកទឹកសំពោង តែដោយសារកម្លាំងតិចនិងមធ្យោបាយទូកមានតែ២គ្រឿង ហើយណាមួយយប់ងងិតទៀតខ្លាចមានគ្រោះថ្នាក់ ទើបបង្ក្រាបបានតែ៣គ្រឿងនេះ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post