ភ្នំពេញៈ ក្រោយពីខេត្តព្រះសីហនុ មានការអភិវឌ្ឍឥតឈប់ឈរ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ថា កម្ពុជាបានគិតគូរ ទៅលើការអភិវឌ្ឍប្រកប ដោយនិរន្តរភាព ដោយធ្វើយ៉ាងណា មិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ជាពិសេសនៅខេត្តព្រះសីហនុ ព្រោះគម្រោងអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព។
ក្នុងជំនួបពិភាក្សាការងារ ជាមួយលោ Oh Nak Young ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ លោក សាយ សំអាល់ បានថ្លែងថា កម្ពុជាមានការផ្លាស់ប្តូរ និងរីកចម្រើនយ៉ាងខ្លាំង ទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាមួយសុខសន្តិភាព ដូច្នេះខេត្តព្រះសីហនុ កំពុងមានសន្ទុះ ក្នុងការអភិវឌ្ឍជាខ្លាំង ជាពិសេស លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ។
រដ្ឋមន្ដ្រីបរិស្ថាន មានប្រសាសន៍ថា “កម្ពុជាបានគិតគូរ លើការអភិវឌ្ឍប្រកបដោយនិរន្តរភាព មិនបង្កឲ្យមានផលប៉ះពាល់ ដល់បរិស្ថាន ដូចជានៅខេត្តព្រះសីហនុ គម្រោងអភិវឌ្ឍន៍ដោយនិរន្តរភាព គឺផ្តោតលើការការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនីគ្រប់គ្រាន់ មានផ្លូវថ្នល់ល្អ ជាទីក្រុងស្អាត ប្រជាពលរដ្ឋរស់នៅ មានសុខភាពល្អ”។
ចំណែក ទូតកូរ៉េប្រចាំកម្ពុជា បានលើកឡើងថា គម្រោងផ្តល់បច្ចេកទេស លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ នៃការអភិវឌ្ឍប្រកបដោយនិរន្តភាព ។ ក្នុងនោះ ក្រុមការងារកម្ពុជា-កូរ៉េ និងមានកិច្ចសហការជាមួយគ្នា ដើម្បីរៀបចំផែនការឲ្យបានល្អ ៕



