header ads

Sponsor

(ខេត្តស្វាយរៀង): ករណីឡានដឹកជ្រូករស់ប្រភេទសាំយ៉ុង១៥កៅអីមួយគ្រឿង ពាក់ស្លាកលេខព្រះសីហនុ 2A 1326 ត្រូវបានឈ្មួញធ្វើសកម្មភាពដោះកៅអីចេញហើយបានដាក់សត្វជ្រូករស់ប្រហែល២០ក្បាល ត្រូវបានមន្ត្រីសមត្ថកិច្ចការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តស្វាយរៀង ធ្វើការស្ទាក់ចាប់បាននៅត្រង់ចំណុចផ្សារព្រាត់ប្រាស់ ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ប៉ុន្តែឃើញមានមន្ត្រីយោធាបានចេញមុខមកអន្តរាគមន៍រំដោះយករថយន្តរបស់ឈ្មួញដឹកជ្រូកទៅបានយ៉ាងរំផើយ ។


ទាក់ទិននឹងរឿងរ៉ាវនេះដែរ លោក ប៉ែន ចន្ធី ប្រធានការិយាល័យផលឹតកម្មនិងបសុព្យាបាលខេត្តស្វាយរៀង បានឱ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃ១៧ ខែមិថុនាម្សិលមិញថាៈ បាទពិតជាមានករណីអ្នកមកកាងឡានដឹកជ្រូកនេះមែន ប៉ុន្តែដោយសារកំលាំងមន្ត្រីរបស់លោកមានគ្នាតិចពេក ទើបមិនអាចចាប់ឡានដឹកជ្រូកខាងលើនេះបាន ហើយម៉្យាងទៀតក៏ដោយសារតែមានមន្ត្រីយោធាបានចេញមុខមកអន្តរាគមន៍រំដោះយករថយន្តរបស់ឈ្មួញដឹកជ្រូកខុសច្បាប់ បើកចេញទៅបាត់ដោយសុវត្ថិភាពបើទោះបីជាមន្ត្រីជំនាញបានយកម៉ូតូទៅដាក់ពាំងខាងមុខឡានឈ្មួញនោះយ៉ាងណាក៏ដោយ ក៏អ្នកមកអន្ដរាគមន៍នោះអូសម៉ូតូចែញដែរ ។

លោកក៏បានឱ្យដឹងទៀតថាៈ ចំពោះរឿងមន្ត្រីយោធាដែលចេញមុខមករំដោះឬកាង រថយន្តដឹកជ្រូកនោះ លោកក៏បានធ្វើរបាយការណ៍ជំរាបជូនថ្នាក់ដឹកនាំខេត្តរួចហើយ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តស្វាយរៀងថែមទៀតផង ។

រឹតតែពិសេសទៅទៀតនោះ ក៏មានព័ត៍មានច្បាស់ការពីមន្ត្រីសាលាស្រុកស្វាយជ្រំ បានឱ្យដឹងកាលពីថ្ងៃ១៧ ខែមិថុនាម្សិលមិញដែរថាៈ លោកមន្ត្រីយោធាស្រុកស្វាយជ្រំ ដែលចេញមុខមកកាងរំដោះឡានឈ្មួញដឹកជ្រូកខុសច្បាប់នោះឈ្មោះគង់ ប៉ុន្តែមិនដឹងមានតួនាទីជាអ្វីឱ្យប្រាកដនោះទេ ហើយលោកក៏បានរាយការណ៍ជូនថ្នាក់ដឹកនាំខេត្តរួចហើយអំពីករណីនេះ ទុកជូនថ្នាក់លើជាអ្នកសំរេចទៅចុះ ។

មន្ត្រីខាងលើបានបញ្ជាក់ថាៈ មិនត្រឹមតែចេញមុខមកកាងរំដោះបទល្មើសនោះទេ មន្ត្រីយោធារូបនោះថែមទាំងនិយាយថា កាលពីមុនពុំដែលមាននរណាហ៊ានចាប់និងមករញេរញ៉ៃនោះទេ គឺគេអាចរកសុីបានដោយរលូនគ្មានបញ្ហាអីទេ ។

ចំពោះករណីខាងលើនេះយើងពុំអាចធ្វើការទំនាក់ទំនងទៅមន្ត្រីយោធាឈ្មោះគង់ នោះបានទេ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ កាលពីម្សិលមិញនេះ ។
ដោយឡែកចំពោះលោក ចេត សាមន មេបញ្ជាការផ្នែកសឹករងស្រុកស្វាយជ្រំ យើងបានទាក់ទងតាមលេខទូរស័ព្ទលេខ:០៩៧ ៩៩ ៦៦ ២៧៦ ពេលទូរស័ព្ទចូលហើយនិយាយសួររឿងរ៉ាវ លោកថាៈច្រំឡំលេខហើយបាទ...!

សូមបញ្ជាក់អោយដឹងផងដែរថា: កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានចេញសេចក្តីណែនាំលេខ០០២/១៩ សណន ស្តីពីវិធានការបន្ទាន់ដើម្បីត្រួតពិនិត្យនិងទប់ស្កាត់ការឆ្លងរាលដាលជម្ងឺប៉េសជ្រូកអាហ្វ្រិក ហើយពេលទទួលបានសេចក្តីណែនាំនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពពាក់ព័ន្ធនានា ត្រូវមានវិធានការណែនាំអនុវត្តជាក់ស្តែងឱ្យបានសមស្របនិងមានប្រសិទ្ធភាពឈានទៅសម្រេចបាននូវបរិមាណនិងគុណភាពខ្ពស់ ។
ហើយលោកអភិបាលខេត្តស្វាយរៀង ធ្លាប់បានធ្វើការព្រមានធ្ងន់ៗដល់មន្ត្រីក្រោមឱវាទទាំងអស់ថា បើនៅតែប្រព្រឹត្តផ្ទុយទៅនឹងសេចក្តីណែនាំខាងលើនោះលោកនឹងអនុត្តនូវអភិក្រមទាំង៥ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជាក់ជាមិនខានឡើយ ។

ប្រជាពលរដ្ឋកំពុងរង់ចាំមើលថាតើចំណាត់ការកណ្តាប់ដៃដែក របស់ថ្នាក់ដឹកនាំមានប្រសិទ្ធភាពទៅលើរឿងនេះទេ? ដើម្បីឱ្យពួកគាត់មានសង្ឃឹមនឹងជឿជាក់ ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post