ភ្នំពេញៈ ទម្លាប់ពេលស្រវឹងកាច! យុវជនទំនើង អាងខ្លួនជាក្មួយចៅសង្កាត់ បើកម៉ូតូដោះអាវ មិនពាក់មួកសុវត្ថិភាព ហើយថែមទាំងស្រវឹងស្រាទ្រេតទ្រោត ចូលគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរណ៍របស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ សមត្ថកិច្ចហៅឲ្យឈប់អែបខាងសិន និងណែនាំដែរ បែរជាមិនព្រមឈប់ទេ ហើយព្យាយាមជិះគេចក៏ជ្រុលទៅបុកសមត្ថកិច្ច។ ពេសមត្ថកិច្ចបានដកសោរម៉ូតូ ព្រោះខ្លាចក្រែងកើតមានគ្រោះថ្នាក់ដល់អ្នកផ្សេងទៀត បែរជាចុះមកស្រែកឡូឡា និងប្រើសម្ដីអសីលធម៌ដាក់សមត្ថកិច្ច បង្កការភ្ញាក់ផ្អើលដល់បងប្អូនសាច់ញាតិរបស់យុវជនទំនើងមានផ្ទះនៅជិតនោះ មកជួយឃាត់យកទៅផ្ទះបាត់ទៅមួយសន្ទុះ។
ក្រោយមក ស្រាប់តែយុវជនទំនើងដែលស្រវឹងនោះ រត់ចេញមកបំប៉ោងព័ត៌មានថា ខ្លួនបាត់ខ្សែកមាស រួចស្រែកឆោឡោអុកឡុកផ្អើលគេឯងតែម្ដង តែលេចមុខលោកចៅសង្កាត់ស្ទឹងមានជ័យទី២ ចុះមកជួយសម្របសម្រួល និងសុំទោសជំនួសក្មួយផងដែរ តែយុវជនទំនើងកាន់តែកោងកាចខ្លាំងដូចខ្លា មិនយោគយល់អ្នកណាបានស្ទុះទៅរើសដុំឥដ្ឋមកវាយទៅលើសមត្ថកិច្ច តែសំណាងល្អមានសមត្ថកិច្ចម្នាក់ទៀត ស្រែក និងឃាត់ចាប់ដាក់ខ្នោះ និងធ្វើការឆែកឆេរខ្លួនប្រាណ រកឃើញខ្សែក ដែលយុវជនទំនើងឆោឡោថា បាត់នោះ លាក់ទុកក្នុងហោប៉ាវខោទៅវិញ ទើបសមត្ថកិច្ចបម្រុងនាំយកទៅប៉ុស្តិ៍ដែរ តែដោយសារតែលោកចៅសង្កាត់ រួមទាំងសាច់ញាតិប្រុសស្រីទទូចសុំពេក ទើបឲ្យសាច់ញាតិនាំចូលក្នុងផ្ទះបាត់ទៅ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០៖១០នាទីយប់ ថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាកុល និងពង្រឹងច្បាប់ចរាចរណ៍ របស់កម្លាំងនគរបាលខណ្ឌមានជ័យ ដែលចុះអនុវត្តនៅចំណុចមុខហាងនំប៉័ងបាយ័ន ផ្លូវមុនីរ៉េត (២១៧) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យុវជនទំនើងដែលអុកឡុកបំប៉ោងសភាពការណ៍បង្កការភ្ញាក់ផ្អើលនោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ តែគេស្គាល់ថាជាក្មួយបង្កើតរបស់លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យទី២។
មន្ត្រីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករបស់ខណ្ឌមានជ័យ បានថ្លែងប្រាប់ថា កម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ នូ ទូច អធិការរងខណ្ឌមានជ័យ និងលោកវរសេនីយ៍ត្រី ជឹម សុភ័ក្រ អធិការរងទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ បានដាក់គោលដៅ ចុះត្រួតពិនិត្យអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក និងអាវុធជាតិផ្ទុះ ព្រមទាំងត្រួតពិនិត្យជាតិអាល់កុល នៅចំណុចមុខហាងនំប៉័ងបាយ័នខាងលើ។ ខណៈពេលកំពុងធ្វើការត្រួតពិនិត្យប្រជាពលរដ្ឋ និងអ្នកដំណើរដែលឆ្លងកាត់ មិនគោរពច្បាប់ចរាចរណ៍ និងធ្វើការផាក ពិន័យ ដូចសព្វដង ក្រោយមកស្រាប់តែមានយុវជនទំនើងម្នាក់ ដោះអាវជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GQ-9749 និងមិនពាក់មួកសុវត្ថិភាពទៀតនោះ បានចូលមកដល់ក្នុងគោលដៅត្រួតពិនិត្យ ដោយមានលក្ខណៈស្រវឹងទ្រេតទ្រោត ទើបសមត្ថកិច្ចហៅឲ្យឈប់អែបខាងសិន ដើម្បីត្រួតពិនិត្យ ណែនាំដែរ បែរជាមិនព្រមឈប់ទេ ជិះគេទៅជ្រុលបុកសមត្ថកិច្ចម្នាក់ របួសតិចតួចទេ ទើបសមត្ថកិច្ចដកសោរម៉ូតូសិន ព្រោះខ្លាចក្រែងកើតមានគ្រោះថ្នាក់ដល់អ្នកផ្សេងទៀត។
ប្រភពបន្តថាភ្លាមៗនោះ យុវជនទំនើងដែលស្រវឹងផង អាងខ្លួនឯងជាក្មួយបង្កើតចៅសង្កាត់ស្ទឹងមានជ័យ២នោះទៀត បានចុះពីលើម៉ូតូមកស្រែកឡូឡា និងប្រើសម្ដីអសីលធម៌ដាក់សមត្ថកិច្ច បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសាច់ញាតិរបស់យុវជនទំនើង មានផ្ទះនៅជិតនោះ បានចេញមកជួយឃាត់ រួចនាំទៅក្នុងបាត់ទៅ។
ប៉ុន្តែមួយសន្ទុះក្រោយមក ស្រាប់តែយុវជនទំនើងដែលស្រវឹងនោះ រត់ចេញមកកន្លែងត្រួតពិនិត្យវិញ ស្រែកបំប៉ោងព័ត៌មានថា ខ្លួនបាត់ខ្សែកមាស រួចស្រែកឆោឡោអុកឡុកពេញគោលដៅសមត្ថកិច្ចត្រួតពិនិត្យតែម្ដង ហើយក៏ឃើញវត្តមានរបស់លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យទី២ ចុះមកជួយសម្របសម្រួល និងសុំទោសជំនួសក្មួយផងដែរ។ តែផ្ទុះទៅវិញយុវជនទំនើងនោះ បានធ្វើឲ្យអាប់ឱនកិត្តិយស លោកចៅសង្កាត់យ៉ាងខ្លាំង ដែលខំចុះមកជួយសម្របសម្រួលហើយ បែរជាលោកក្មួយ កាន់តែកោងកាចខ្លាំងដូចខ្លា មិនយល់អ្នកណា បានស្ទុះទៅរើសដុំឥដ្ឋមកវាយទៅលើសមត្ថកិច្ចដែរ តែសំណាងល្អ មានសមត្ថកិច្ចម្នាក់ទៀតស្រែកនិងឃាត់ទាន់ និងធ្វើការឆែកឆេរខ្លួនប្រាណ រកឃើញខ្សែក ដែលយុវជនទំនើងឆោឡោថាបាត់នោះ លាក់ទុកក្នុងហោប៉ាវខោទៅវិញ ទើបសមត្ថកិច្ចបម្រុងនាំយកទៅប៉ុស្តិ៍ដែរ តែដោយសារតែលោកចៅសង្កាត់ និងសាច់ញាតិប្រុសស្រីទទូចអង្វរសុំពេក ទើបសមត្ដកិច្ចមិនឃាត់ខ្លួនយកទៅប៉ុស្តិ៍ ហើយសាច់ញាតិនាំចូលផ្ទះចាក់សោរបាត់ទៅ។
ក្រោយពេលកើតហេតុ ម៉ូតូរបស់យុវជនទំនើង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរងចាំហៅសាម៉ីខ្លួនពេលស្វាងស្រា ឲ្យចូលខ្លួនមកសុំទោស ឬក៏ដោះស្រាយតាមផ្លូវច្បាប់ ចាំមើលទាំងអស់គ្នា៕