header ads

Sponsor


(ខេត្តស្វាយរៀង): ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ក៏ដូចជាអ្នកដំណើរដែលធ្វើដំណើរ នៅតាមដងផ្លូវជាតិលេខ១ តែងតែរអ៊ូរទាំ ដោយមានការបើកបរគ្មានសណ្តាប់ធ្នាប់ ការដាក់លក់នំចំណី ម្ហូបអាហាពេញផ្លូវថ្នល់ និងមានការឈប់រថយយន្តរញេរញ៉ៃពេញផ្លូវ រកតែផ្លូវដើរស្ទើរពុំរួចផង ហើយជួនកាលអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ។


ចំពោះប្រជាពលរដ្ឋជាអ្នកដំណើរ ក៏ដូចជាអ្នករស់នៅក្នុងមូលដ្ឋាន បានឲ្យដឹងថា: នៅត្រង់ចំណុចខាងលើនេះ ជារឿយៗគេសង្កេតឃើញអ្នកលក់ដូរមួយចំនួន តែងតែដាក់លក់ទំនិញ ម្ហូបអាហារ និងនំចំណី ដើរលក់លើផ្លូវ ចាប់ពីក្បាលស្ពានប្រសូត រហូតដល់ទីប្រជុំជនផ្សារជីភូ និងរហូតមកដល់មុខតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង ។ ការដាក់ទំនិញ និងម្ហូបអាហារបែបអនាធិបតេយ្យ គ្មានសណ្ដាប់ធ្នាប់បែបនេះ ធ្វើឲ្យមានការពិបាកធ្វើដំណើរ ហើយជួនកាលបង្កឲ្យកកស្ទះចរាចរណ៍ និងអាច មានគ្រោះថ្នាក់ចរាចរណ៍ទៀតផង ។


ប្រជាពលរដ្ឋដដែលបានបន្ដថា: បើនិយាយពីក្រុមអ្នកបើកបររថយន្តដឹកកម្មករកម្មការិនីរោងចក្រវិញ គឺនាំគ្នាបើករថយន្ដមក ឲ្យក្រុមកម្មករ-កម្មការិនី ចុះនៅតាមតំបន់ដែលមានការលក់ដូរនំចំណីម្ហូបអាហារនោះ បើទោះជាមានរថយន្តច្រើនតិចមកពីក្រោយយ៉ាងណាក៏ដោយ ក៏ពួកគាត់មិនខ្វល់ដែរ គឺចង់ស្ទះអី ក៏ស្ទះទៅ ។
ជាពិសេសថ្ងៃដែលក្រុមកម្មករបើកប្រាក់ខែ តែងតែមានអ្នកមកលក់ដូរព្រោងព្រៀត ព្រមទាំងមានទាំងអ្នកលក់ចល័ត រត់ខ្វាត់ខ្វែងតាមរថយន្ត ដើម្បីលក់នំចំណីឲ្យអ្នកជិះលើរថយន្ត ដោយមិនខ្លាចពីការគ្រោះថ្នាក់ចរាចរណ៍អ្វីបន្តិចសោះឡើយ ។


ប្រភពបានបន្ដថា: សព្វថ្ងៃនេះ បើទោះជាមានសមត្ថកិច្ចដាក់កម្លាំងជួយសម្រួលចរាចរណ៍យ៉ាងណាក៏ដោយ ក៏នៅតែមានការកកស្ទះដដែល ហើយនៅពេលមានរថយន្តសាមុយដឹកអ្នកជំងឺឆ្លងកាត់ផ្លូវជាតិលេខ១ ពីបាវិតឆ្ពោះទៅកាន់រាជធានីភ្នំពេញ ឬពីភ្នំពេញមកកាន់ក្រុងបាវិត ទម្រាំតែផុតតំបន់អស់ទាំងនោះ គឺប្រើពេលយូរណាស់ ។


ជាមួយគ្នានេះ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាវិត ក៏ដូចជាអ្នកដំណើរ សូមសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាចាត់វិធានការ និងចុះរៀបចំសណ្ដាប់ធ្នាប់ចំពោះអ្នកលក់ដូរ និងក្រុមអ្នកបើកបររថយន្តដឹកកម្មករកម្មការិនីរោងចក្រ នៅត្រង់ចំណុចខាងលើនេះផង។ កន្លងមកអ្នកបើកបររថយន្ដដឹកកម្មករទាំងនោះ មិនសូវគោរពច្បាប់ចរាចរណ៍នោះទេ ហើយតែងតែបង្កគ្រោះថ្នាក់ជារឿយៗដល់អ្នកធ្វើដំណើរ នៅតាមដងផ្លូវ ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post