header ads

Sponsor

បន្ទាយមានជ័យៈ ការរង់ចាំដំណោះស្រាយដីដ្លីនៅក្រុងប៉ោយប៉ែត គិតមកទល់នឹងពេលនេះហាក់គ្មានពន្លឺបន្តិចសោះឡើយ មើលយូរៗទៅប្រៀបបីដូចជាលាងពាងសម្អាត ហើយរង់ចាំមេឃភ្លៀងយ៉ាងដូច្នេះដែរ។

ទឹកភ្នែកពលរដ្ឋជាច្រើនគ្រួសារនៅតែហូរ ហូរហាក់គ្មានកោះគ្មានត្រើយ ក្រោយពីជម្លោះដីធ្លីដ៏រ៉ាំរ៉ៃហាក់ស្ងាត់ឈឹងគ្មានដំណឹងសូម្បីតែ​បន្តិច។

ពលរដ្ឋបានទទូចក្តីអង្វរមេត្តាពីសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជាឱ្យជួយរកយុត្តិធម៌ ខណៈជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ ហាក់ស្ថិតក្នុងសភាពទ្រឹង។

សូមបញ្ជាក់ថា ជម្លោះដីធ្លីនៅក្រុងប៉ោយប៉ែតនេះ បានកប់ទុកយូរយារណាស់មកហើយ ដោយកាលណោះពលរដ្ឋធ្លាប់លើកឡើងថា ពាក់ព័ន្ធអ្នកមានអំណាចឥទ្ធិពលមួយចំនួន។

ពលរដ្ឋថា ឧត្តមសេនីយ៍ លឹម ទាឡេង នៅកងទ័ពជើងគោក និងមានងារជាឧកញ៉ាផងនោះ បានពាក់ព័ន្ធករណីឆបោកយកដីទំនាស់ចំនួន៨៥ហិកតា របស់ប្រជាពលរដ្ឋ១៨គ្រួសារ នៅក្រុងប៉ោយប៉ែត។ ល្បិចកលនេះ ធ្វើឡើងក្រោមរូបភាពក្លែងបន្លំឯកសារទិញលក់ដី និងស្នាមមេដៃប្រជាពលរដ្ឋ ព្រមទាំងយកឈ្មោះថ្នាក់ដឹកនាំ ពោលគឺលោក ហ៊ុន ម៉ានិត កូនប្រុសសម្ដេចនាយករដ្ឋមន្ត្រី ទៅគំរាមចាប់ប្រជាពលរដ្ឋដាក់គុកទៀតផង។

ប្រជាពលរដ្ឋ១៨គ្រួសារ រស់នៅភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើការតវ៉ា និងដាក់ពាក្យប្ដឹងទៅគ្រប់ស្ថាប័នពាក់ព័ន្ធជាបន្តបន្ទាប់ រហូតដល់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសខុទ្ទកាល័យសម្ដេចតេជោ នាយករដ្ឋមន្ត្រី ស្នើសុំជួយអន្តរាគមន៍រកយុត្តិធម៌ បន្ទាប់ពីពួកគាត់រងគ្រោះអស់រយៈពេលជិត២០ឆ្នាំមកហើយ នៅក្នុងទំនាស់ដីស្រែចម្ការចំនួន៨៥ហិកតា ជាមួយទាហានការិយាល័យទី២ នៃកងទ័ពជើងគោកនៅខេត្តបន្ទាយមានជ័យ។ យ៉ាងណា ក្នុងទំនាស់ដីស្រែចម្ការទំហំ៨៥ហិកតា ដែលពួកគាត់អាស្រ័យផលតាំងពីឆ្នាំ១៩៩៧ ហើយត្រូវក្រុមទាហានការិយាល័យទី២ រំលោភយកក្រោមរូបភាពដេញបាញ់បោះមិនឲ្យប្រជាពលរដ្ឋអាស្រ័យផលតាំងពីឆ្នាំ២០០០ រហូតដល់បច្ចុប្បន្ន មិនទាន់ដោះស្រាយចប់ផងនោះ ស្រាប់តែលេចមុខក្រុមលោកឧកញ៉ា ទាហានពាក់ផ្កាយ២ លឹម ទាឡេង និងបក្ខពួក ឃុបឃិតគ្នាក្លែងបន្លំឯកសារទិញលក់ និងស្នាមេដៃប្រជាពលរដ្ឋ ព្រមទាំងយកឈ្មោះថ្នាក់ដឹកនាំទៅគំរាមចាប់ប្រជាពលរដ្ឋដាក់គុកទៀត។

បើតាមតំណាងរបស់ប្រជាពលរដ្ឋ នៅក្នុងទំនាស់ដីស្រែចម្ការខាងលើនេះ មានមនុស្សពាក់ព័ន្ធចំនួន៤នាក់ ដែលនៅពីក្រោយខ្នង រួមមាន ទី១.ឧកញ៉ា លឹម ទាឡេង មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ តួនាទីនាយការិយាល័យទី២ នៃអគ្គបញ្ជាការកងទ័ពជើងគោក, ទី២.ឈ្មោះ គឹង ចាន់ឌឿន ជាមេធាវីរបស់ឧកញ៉ា លឹម ទាឡេង ហើយពួកគេបានយកឈ្មោះលោក ហ៊ុន ម៉ានិត ទៅប្រើប្រាស់ដើម្បីគំរាមប្រជាពលរដ្ឋ និងទី៣.ឈ្មោះ ឡុង សុខ មន្ត្រីយោធាពាក់ផ្កាយមួយ នៅទីចាត់ការផែនការអគ្គបញ្ជាការ និងទី៤.ឈ្មោះ ជៀប ម៉ៅ។ នេះបើតាមលោក ញឹម ប៉ែន តំណាងរបស់ប្រជាពលរដ្ឋ។

ក្នុងវ័យ៥៥ឆ្នាំ លោក សំ សិទ្ធី ជាប្រជាពលរដ្ឋរងគ្រោះម្នាក់ ក្នុងចំណោម១៨គ្រួសារខាងលើ បានឲ្យដឹងថា ដីរបស់ពួកគាត់មានទំហំ៨៥ហិកតា ជាដីកំពុងមានទំនាស់ជាមួយទាហានការិយាល័យទី២ កងទ័ពជើងគោកនៅខេត្តបន្ទាយមានជ័យ តាំងពីឆ្នាំ២០០០មកម៉្លេះ។ នៅក្នុងការដោះស្រាយទំនាស់ដីនេះ ពួកគាត់បានពឹងពាក់ឲ្យឈ្មោះ សយ ញ៉ុន និងឈ្មោះ យង់ វណ្ឌី ហៅ ឯក វណ្ឌី ដែលជាម្ចាស់ដីរងគ្រោះក្នុងចំណោម១៨គ្រួសារដែរនោះ ដើម្បីធ្វើជាតំណាងដោះស្រាយរហូតមក ប៉ុន្តែទើបតែមកដល់ចុងឆ្នាំ២០១៨នេះ ស្រាប់តែឈ្មោះ សយ ញ៉ុន និងឈ្មោះ យង់ វណ្ឌី ព្រមទាំងមេធាវីឈ្មោះ គឹង ចាន់ឌឿន ដែលជាមេធាវីរបស់ឧកញ៉ា លឹម ទាឡេង បានឃុបឃិតគ្នាធ្វើឯកសារទិញលក់ដីក្លែងក្លាយ និងយកឈ្មោះថ្នាក់ដឹកនាំទៅគំរាមឲ្យប្រជាពលរដ្ឋលក់ដីទៅឲ្យលោកឧកញ៉ា លឹម ទាឡេង ទៅវិញ។

ប្រជាពលរដ្ឋរូបនេះ បានគូសបញ្ជាក់បន្ថែមថា ឈ្មោះ សយ ញ៉ុន, ឈ្មោះ យង់ វណ្ឌី និងមេធាវី គឹង ចាន់ឌឿន កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ បានយកលុយទៅឲ្យពួកគាត់ដល់ផ្ទះ ក្នុងមួយគ្រួសារចំនួន៤០០ដុល្លារ និងឲ្យផ្ដឹតមេដៃលើក្រដាសសមិនមានសរសេរអ្វីសោះ ហើយប្រាប់ថា ជាលុយមេឲ្យចាយចូលឆ្នាំសកល មុនពេលដោះស្រាយជម្លោះដីចប់សព្វគ្រប់ ដោយពួកគេធ្វើសកម្មភាពស្ងាត់ៗ មិនឲ្យប្រាប់អ្នកណាឡើយ គឺចូលទ្វារមុខចេញទ្វារក្រោយ។ លុះដល់ពាក់កណ្ដាលខែមករា ឆ្នាំ២០១៩នេះ ស្រាប់តែពួកគេយកឯកសារមកប្រាប់ថា ប្រជាពលរដ្ឋព្រមលក់ដីឲ្យឧកញ៉ា លឹម ទាឡេង ក្នុងមួយគ្រួសារទំហំ៧៥អា ក្នុងតម្លៃមួយម៉ែត្រការ៉េ៣ដុល្លារ ទើបប្រជាពលរដ្ឋដឹងថា ពួកគាត់ត្រូវបានគេ​ឆបោកយកស្នាមមេដៃ ហើយឯកសារនោះ បានបន្លំស្នាមមេដៃប្រជាពលរដ្ឋ៧គ្រួសារ ខណៈប្រពលរដ្ឋបានផ្ដឹតតែ១១គ្រួសារប៉ុណ្ណោះ។

ក្រោយដឹងថា ចាញ់បោកគេហើយនោះ ក៏កើតមានទំនាស់ថ្មីលើដីទំនាស់ចាស់ម្ដងទៀត ដោយប្រជាពលរដ្ឋមិនទទួលស្គាល់លើលិខិតទិញលក់ដី៧៥អានោះ ទើបឧកញ៉ា លឹម ទាឡេង និងឈ្មោះ គឹង ចាន់ឌឿន ព្រមទាំងតំណាងឈ្មោះ សយ យ៉ុន និង យង់ វណ្ឌី គំរាមថា បើមិនព្រមលក់ដីឲ្យទេ ពួកគេនឹងប្រាប់លោក ហ៊ុន ម៉ានិត ឲ្យចាប់ដាក់គុកទាំង១៨គ្រួសារតែម្ដង។

រំឭកពីប្រវត្តិនៃការកាប់ឆ្ការ និងអាស្រ័យផលរបស់ប្រជាពលរដ្ឋលើដីទំនាស់ខាងលើ លោក ឃួន ផន មានវ័យ៦៣ឆ្នាំ ជាប្រជាពលរដ្ឋរងគ្រោះម្នាក់ដែរនោះ ប្រាប់ឲ្យដឹងថា ពួកគាត់ជាពលរដ្ឋរស់នៅភូមិអណ្ដូងថ្មមាស ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលក្រោយមករដ្ឋាភិបាលដូរទៅជាភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានកាប់ឆ្ការ និងអាស្រ័យផលលើដីទំនាស់ខាងលើ តាំងពីឆ្នាំ១៩៩៧ ដោយមានការទទួលស្គាល់ និងចេញប្លង់កាន់កាប់ត្រឹមត្រូវពីអាជ្ញាធរភូមិឃុំ។ លុះរហូតមកដល់ឆ្នាំ២០០០ ស្រាប់តែទាហានការិយាល័យទី២ កងទ័ពជើងគោក ដែលស្នើសុំដីរាជរដ្ឋាភិបាល នៅចំណុចភូមិទួលពង្រ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានទៅធ្វើការវាស់វែងជាន់ដីកំពុងអាស្រ័យផលរបស់ពួកគាត់(ខុសភូមិ) ក៏កើតជាទំនាស់ប្ដឹងផ្ដល់គ្នាតាំងពីពេលនោះ ហើយទាហានក៏បានប្រើប្រាប់កម្លាំងប្រដាប់អាវុធបាញ់គំរាមប្រជាពលរដ្ឋជាញឹកញយមិនឲ្យទៅអាស្រ័យផល ដើម្បីពួកគេអាចកាន់កាប់ដីទំនាស់រហូតមកទល់បច្ចុប្បន្នតែម្ដង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post