header ads

Sponsor

ភ្នំពេញៈ នារី​រូបស្រស់ម្នាក់ រួមដំណើរដោយបុរសស្រ្តី២នាក់ទៀត បានបើករថយន្ត Toyota Matrix XR  ស៊ីញ៉ូភ្លាមបត់ភ្លេត ត្រូវបុរសបរទេស២នាក់ បើកម៉ូតូធំ ម្នាក់មួយគ្រឿង ក្នុងល្បឿនលឿន វ៉ាឆ្វេងខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យបុរសបរទេសម្នាក់ ជិះជ្រុលទៅបុករថយន្តចំកង់រថយន្តខាងមុខផ្នែកខាងឆ្វេង បណ្ដាលឲ្យរបួសជើងខាងស្ដាំ និងវៀចកម៉ូតូ  រីឯរថយន្ត​ខូចខាតបន្តិចបន្តួច។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង៣៖២៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចនៅមុខធនាគារ ABA (មុខវត្តទួលទំពូង) ផ្លូវម៉ៅសេទុង កែងផ្លូវ១១៣ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយ ខេមប៉ុស្តិ៍ ដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿង ម៉ាក Toyota Matrix XR ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AU-7096 បើកបរដោយ​នារីរូបស្រស់ម្នាក់ និងអ្នករួមដំណើរប្រុសស្រី២នាក់ទៀត បានធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីលិចមកកើត ក្នុងល្បឿនលឿនល្មម  លុះមកដល់ចំណុចកែងផ្លូវ១១៣ មុខធនាគារABA ជាចំណុចកន្លែងកើតហេតុ រថយន្តបានស៊ីញ៉ូឆ្វេងភ្លាម ហើយបត់ភ្លេត ទើបធ្វើឲ្យម៉ូតូធំមួយគ្រឿង ម៉ាក CRG ពណ៌ក្រហម ពាក់ស្លាកលេខប្រទេស(វៀតណាម ) 77-81 512.61 បើកបរដោយជនបរទេសម្នាក់ បានបុករថយន្តផ្នែកឆ្វេងចំកង់មុខ បណ្ដាលឲ្យរបួសចំជើងខាងស្ដាំ ដែលទើ​បតែត្រូវរបួស កាលពី៤អាទិត្យមុន  ធ្វើឲ្យឈឺចុកចាប់ឡើងវិញ  និងបណ្ដាលឲ្យវៀចកម៉ូតូ រួមទាំងរថយន្តខូចខាតផ្នែកកង់មុខ ខាងឆ្វេងផងដែរ។

ក្រោយមកភាគីទាំងសងខាងបានធ្វើការដោះស្រាយគ្នា តែមិនត្រូវគ្នាទេ ព្រោះភាគីខាងរថយន្តជួយចេញថ្លៃព្យាបាលរបួសចំនួន២០ដុល្លារ តែភាគីជនបរទេសមិនព្រមទទួលទេ តែសូមឲ្យយកគាត់ទៅមន្ទីរពេទ្យ ហើយចេញថ្លៃព្យាបាលរបួស និងយកម៉ូតូរបស់គាត់ទៅជួសជុល ទៅបានហើយ តែភាគីម្ចាស់រថយន្តមិនព្រម ទើបសម្រេចប្រគល់ឲ្យសមត្ថកិច្ចវាស់វែងតែម្ដង ។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងត្របែក សហការជាមួយសមត្ថកិច្ចផ្នែកវាស់វែង នៃអធិការដ្ឋានគរបាលខណ្ឌចំការមន ចុះមកធ្វើការវាស់វែង រួចយកមធ្យោបាយយានយន្តទាំងពីរគ្រឿង យកទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post