header ads

Sponsor

ស្ទឹងត្រែងៈ វត្ថុតាងបទល្មើសគ្រឿងញៀន ដែលសមត្ថកិច្ចចាប់យកពីក្រុមឧក្រិដ្ឋជនរត់ពន្ធ ជួញដូរ ចែកចាយ និងប្រើប្រាស់ ជាបន្តបន្ទាប់នារយៈពេលកន្លងមក នៅក្នុងបណ្ដាខេត្តគោលដៅមួយចំនួនជាប់ប្រទេសជិតខាង ត្រូវបានដុតកម្ទេចចោលប្រមាណ២០០គីឡូក្រាម។ គ្រឿងញៀនជាវត្ថុតាងទាំងនេះ រួមមាន៣ប្រភេទ គឺទី១.មេតំហ្វេតាមីន ជាម្សៅក្រាមពណ៌សថ្លា (ឬអាយ ឬទឹកកក), ទី២.មេតំហ្វេតាមីន ជាគ្រាប់ (WY) និងប្រភេទទី៣.កេតាមីន។

គ្រឿងញៀនជាវត្ថុតាងបទល្មើស ដែលត្រូវដុតបំផ្លាញចោលនៅចំពោះមុខសាធារណៈជន នាព្រឹកថ្ងៃទី២ ខែកក្ដដា ឆ្នាំ២០១៩នេះ នៅទីលានព្រលានយន្តហោះខេត្តស្ទឹងត្រែង មានគ្រឿងញៀនសរុបចំនួន១៩៣.៨៤គីឡូក្រាម ដែលជាវត្ថុតាងកម្លាំងសមត្ថកិច្ចបង្ក្រាបបាននៅខេត្តចំនួន៥។ រួមមានខេត្តស្ទឹងត្រែង ប្រភេទមេតំហ្វេតាមីនម្សៅក្រាមពណ៌សថ្លា ចំនួន១៦៨.៣៦០,០៦ក្រាម និង១៦កញ្ចប់តូច ថ្នាំញៀនក្នុងស្រោមសំបុត្របិតជិត១ និងថ្នាំញៀនក្នុងបំពង់បឺត១៦កំណាត់, ប្រភេទមេតំហ្វេតាមីនគ្រាប់ចំនួន១៨.៣១៨គ្រាប់ ប្រភេទកេតាមីន ចំនួន១០.៩៦៤,២១ក្រាម, ខេត្តព្រះវិហារ មានប្រភេទមេតំហ្វេតាមីនម្សៅក្រាមពណ៌ថ្លាចំនួន៦១៩៥,៩៨ក្រាម និងប្រភេទមេតំហ្វេមីនគ្រាប់ ចំនួន៩៧៤.៨៩គ្រាប់ និង១គ្រាប់, ខេត្តក្រចេះ ប្រភេទមេតំហ្វេតាមីនម្សៅក្រាមពណ៌ថ្លា ចំនួន១៤២,៣១ក្រាម, ខេត្តរតនគិរី ប្រភេទមេតំហ្វេតាមីនម្សៅក្រាមពណ៌ថ្លា ចំនួន១៦៤២,៥៨ក្រាម និងប្រភេទមេតំហ្វេតាមីនគ្រាប់ ចំនួន២,៥គ្រាប់ និងខេត្តមណ្ឌលគិរី ប្រភេទមេតំហ្វេតាមីនម្សៅក្រាមពណ៌សថ្លា ចំនួន២៣៩,០៦ក្រាម ថ្លឹងទាំងសម្បក។ វត្ថុតាងទាំង៥ខេត្ត មានតែខេត្តស្ទឹងត្រែងប៉ុណ្ណោះ ដែលមានចំនួនច្រើនជាងគេរហូតដល់១៨៤គីឡូក្រាម។

លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅក្នុងពិធីដុតបំផ្លាញគ្រឿងញៀន បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច រួមទាំងអង្គភាពពាក់ព័ន្ធ ត្រូវយកគោលការណ៍កុំទាំង៤ របស់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅអនុវត្តឲ្យបានម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យមានប្រសិទ្ធភាព គឺ«កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍»។

លោករដ្ឋមន្ត្រីបន្ថែមថា ឆ្លងតាមរយៈបទពិសោធន៍កន្លងមក ឃើញថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន អាចទទួលបាននូវលទ្ធផលល្អប្រសើរឈានទៅគ្រប់គ្រង់ស្ថានភាពជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនឲ្យមានប្រសិទ្ធខ្ពស់ គឺទាមទារឲ្យមានការរៀបចំចាត់ចែងយន្តការដឹកនាំយ៉ាងម៉ត់ចត់ និងល្អប្រសើរ ហើយត្រូវមានកិច្ចសហការគាំទ្រគ្នាទាំងក្នុងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។

លោកបានសំណូមពរផងដែរ ដល់អង្គភាព ស្ថាប័នកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវតែរៀបចំ និងពង្រឹងយន្តការសម្រាប់ការអនុវត្តន៍ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យស្របទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ដោយមានការសហការគ្នាឲ្យកាន់តែជិតស្និទ្ធរវាងស្ថាប័នមានសមត្ថកិច្ចជាមួយនឹងអង្គការជាតិអន្តរជាតិ ជាពិសេសជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន ដើម្បីសម្រេចឲ្យបាននូវទស្សនៈវិស័យ «ចូលរួមទាំងអស់គ្នា លុបបំបាត់គ្រឿងញៀន ដើម្បីអនាគតកូនចៅរបស់យើង»។

ក្រៅពីនេះ លោករដ្ឋមន្ត្រី បានធ្វើការដាស់តឿនដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនបើស្រឡាញ់ខ្លួន ស្រឡាញ់ឪពុកម្តាយ ត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ហើយត្រូវចេះណែនាំគ្នាអំពីគ្រោះថ្នាក់នៃគ្រឿងញៀន និងត្រូវហ៊ាននិយាយថា “ទេ” ចំពោះគ្រឿងញៀន៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post