Sponsor

ភ្នំពេញៈ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងមន្ត្រីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យ និងណែនាំអាជីវកម្មក្លឹបកម្សាន្ត Rain ក្លឹប ដែលមានទីតាំងនៅតាមដងផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ នាល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីបង្ការការចរាចរប្រើប្រាស់គ្រឿងញៀន ក្រុមបងតូចបងធំ បទល្មើសផ្សេងៗ ពិនិត្យមើលពីប្រព័ន្ធសុវត្តិភាព ដូចជាទ្វារហានីភ័យ បំពង់ ពន្លត់អគ្គីភ័យ, បញ្ហាអនាម័យ បរិស្ថានផ្សេងៗផងដែរ។

កន្លងមក​ចំពោះក្លឹបកម្សាន្ត​រ៉េន(Rain) លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ក៏បានចុះទៅពិនិត្យជាក់ស្តែង ឃើញថា ក្លឹបពិតជាមានការរំខាន និងគ្មានសុវតិ្ថភាពនោះទេ ដោយបានធ្វើការណែនាំដល់ថៅកែក្លឹបឲ្យកែសម្រួ​លឡើងវិញបន្ទាន់ ដោយតម្រូវឲ្យម្ចាស់ទីតាំងក្លឹបនេះ កែសម្រួលច្រកសុវតិ្ថភាពឲ្យបានចំនួនពីរទ្វារ និងដាក់អំពូលភ្លើងអូតូ។ លោកថា ធ្វើបែបនេះ គឺចៀងវាងបើមានបញ្ហាអគ្គិភ័យកើតឡើង គឺមានទ្វារសុវតិ្ថភាពសម្រាប់​ចេញ និងអំពូលភ្លើងអូតូជួយបំភ្លឺផងដែរ។

ក្នុងការចុះពិនិត្យខាងលើនេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ក៏បានលើកឡើងថា ដើម្បីអោយក្លឹបនីមួយៗមានសុវត្ថិ​ភាព និងចូលរួមកាត់បន្ថយការបង្កហិង្សាបងធំបងតូច ពិសេសការចរាចរគ្រឿងញៀនជាដើ​ម លោកនិងចុះនិត្យអោយបានញឹកញាប់ក្នុងការចុះរដ្ឋបាលដោយបើកចំហរ ហើយនេះក៏មិនមែនជាលើកទីមួយដែរ គឺលោក ពេជ្រ កែវមុនី  អភិបាលខណ្ឌមានជ័យ ក៏​តែងតែដឹកនាំកម្លាំងចម្រុះខណ្ឌចុះជាញឹកញាប់ តាមទីតាំងកម្សាន្ត​នានាក្នុងមូលដ្ឋាន សូមកុំព្រួយបារម្ភអី គឺសុំតែម្យ៉ាងគត់ សូមកុំប្រើគ្រឿងញៀន បើកម្លាំងសមត្ថកិច្ចឆែកឃើញ ត្រូវតែមានទោសតាមច្បាប់ជាធរមាន ក្លឹបក៏ប្រឈមនឹងការបិទអាជីវកម្មផងដែរ។

ក្រោយពីបានត្រួតពិនិត្យ ទីតាំងក្លឹបកម្សាន្តខាងលើពិតជាមានអាជ្ញាប័ណ្ណទេសចរណ៍ ដោយរដ្ឋបាលរាជធានីភ្នំពេញ មានច្រកសុវត្ថិភាពចំនួន២ប៉ុណ្ណោះ, មានបំពង់ពន្លត់អគ្គីភ័យ ៦ធុងធំ និង២០ធុងតូច, មានអំពូលភ្លើងអូតូចំនួនពីរប៉ុណ្ណោះ, មានកាមេរ៉ាសុវត្ថិភាពចំនួន១០គ្រឿង, មានសន្តិសុខយាមក្នុងក្លឹបចំនួន១១នាក់ ។

អាជ្ញាធរ​បានណែនាំទី១.ត្រូវបន្តសុពលភាព ជាមួយមន្ទីរទេសចរណ៍ឱ្យបានទៀងទាត់។ ទី២. ត្រូវរៀបចំច្រកទ្វារសុវត្ថិភាពបន្ថែមចំនួន២ទៀត។ ទី៣.ត្រូវត្រួតពិនិត្យបំពងពន្លត់អគ្គីភ័យជាប្រចាំ។ ទី៤.ត្រូវរៀបចំអំពូលភ្លើងអូតូចំនួន១០គ្រឿងបន្ថែមទៀត ។ ទី៥.ត្រូវតែពិនិត្យកាមេរ៉ាសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងមានដំណើរការបានល្អ ។ ទី៦.ត្រូវប្រជុំណែនាំសន្តិសុខឲ្យយល់ច្បាស់អំពីការត្រួតពិនិត្យការកម្សាន្តរបស់ភ្ញៀវឲ្យបានល្អ ។ ទី៧.ត្រូវត្រួតពិនិត្យប្រព័ន្ធសំឡេងជាទៀងទាត់ ចៀសវាងការរំខានដល់ប្រជាពលរដ្ឋ។ ទី៨.ត្រូវរៀបចំបរិស្ថានអនាម័យនៅក្នុងមូលដ្ឋានអាជីវកម្មឲ្យបានល្អ និងទុកដាក់សំរាមឲ្យបានល្អ។ ទី៩. ត្រូវសហការរាយការណ៍ជូនសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធនឹងការប្រើប្រាស់ ជួញដូរ ចែកចាយគ្រឿងញៀន នៅក្នុងទីតាំងអាជីវកម្ម ម្ចាស់អាជីវកម្មត្រូវចុះកិច្ចសន្យាសហការនិងធានាអះអាងចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យបានត្រឹមត្រូវ។

បច្ចប្បន្ន ម្ចាស់អាជីវកម្ម ក្លឹបកម្សាន្ត រ៉េន (Rain) ឈ្មោះ សុង ម៉េងហ៊ួរ មានទីលំនៅ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវបានអាន និងស្ដាប់យល់យ៉ាងច្បាស់ អំពីខ្លឹមសារដែលបានចែងទាំងស្រុង និងយល់ព្រមអនុវត្ត ដោយស្ម័គ្រចិត្ត តាមខ្លឹមសារនេះ ដោយគ្មានការបង្ខិតបង្ខំ និងសូមផ្តិតមេដៃបញ្ជាក់ពីការសហការ និងធានាអះអាងខាងលើ ទុកជាការយល់ព្រមតាមច្បាប់ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor