header ads

Sponsor

ព្រៃវែង៖ សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តបុញ្ញខេត្តារាម(ហៅវត្តថ្មី) ស្ថិតក្នុងភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុង/ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ។

ក្នុងឱកាសនេះជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញវិធានការថ្មីសម្រាប់អ្នកជិះម៉ូតូ អត់ពាក់មួកសវត្ថិភាពក្នុងពេលឆាប់ៗខាងមុខ ដោយអ្នកអត់ពាក់មួកសុវត្ថិភាពពេលបើកបរត្រូវឃាត់ខ្លួន មិនឱ្យធ្វើដំណើរទៅមុខនោះឡើយ ហើយរង់ចាំរហូតយកមួកសុវត្ថិភាពមកពាក់ទើបឱ្យធ្វើដំណើរទៅមុខបន្ត។

ដោយឃើញថា គ្រោះថ្នាក់ចរាចរនេះ គឺបណ្តាលមកពីការមិនគោរពច្បាប់ចរាចរណ៍របស់អ្នកបើកបរ និងកត់សម្គាល់ដែរថា ចំនួនអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពនៅតែមានចំនួនច្រើនផងដែរ ដើម្បីរឹតបន្តឹង និងជំរុញឱ្យអ្នកបើកបរម៉ូតូពាក់មួកសុវត្ថិភាពនេះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោកនាពេលខាងមុខនេះ សម្តេចនឹងសម្រេចដាក់ចេញវិធានការថ្មីចំពោះអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពនេះ។

បើតាមសម្តេចក្រឡាហោម ស ខេង វិធានការថ្មីដែលដាក់ចេញនេះ គឺនឹងឱ្យមន្ត្រីនគរបាលចរាចរណ៍ឃាត់ខ្លួនរាល់អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព។ តែមិនយកម៉ូតូទៅណានោះទេ ទុកឱ្យម្ចាស់ម៉ូតូមើលថែខ្លួនឯង ហើយត្រូវទាក់ទងទៅសាច់ញាតិ ឬរកវិធីណារកមួកសុវត្ថិភាពមកពាក់ ឱ្យបានសិនទើបអនុញ្ញាតឱ្យធ្វើដំណើរទៅមុខបន្ត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post