header ads

Sponsor

ភ្នំពេញៈ អ្នកញៀនល្បែងរាប់សិបនាក់ នាំគ្នារត់ចោលម៉ូតូហុយដីសំពោង អ្នកខ្លះរត់ដួលធ្លាក់ ភក់ អ្នកខ្លះរត់ផ្លោះរបង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលកម្លាំងសមត្ថកិច្ចចម្រុះ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឆ្មក់ចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ ( សង្វៀងជល់មាន់) មួយកន្លែង នៅភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ កាលពីវេលាម៉ោង២:៣០នាទីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះ។

លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានប្រាប់ឲ្យដឹងថា ក្រោយពីមានការផ្ដល់ព័ត៌មានថា មានការលួចបើកលេងឡើងវិញនោះ  លោកបានដឹកនាំកម្លាំងដោយផ្ទាល់ ចុះមកបង្ក្រាបភ្លាមៗតែម្ដង ជាក់ស្ដែងដោយសារទីតាំងខាងលើនេះ មានច្រករត់ច្រើន ទើបកម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សចំនួន២នាក់ (ជាអ្នកលេង) ចំណែកឯអ្នកលេងផ្សេងទៀតនាំគ្នាបោះមាន់ចោលរត់យករួចខ្លួន ចោលស្បែកជើង អ្នកខ្លះរត់ដួលធ្លាក់ ភក់ អ្នកខ្លះរត់ផ្លោះរបងថែមទៀតផង និងបានដកហូតវង់អាប៉ោង រួមទាំងម៉ូតូជាច្រើនគ្រឿងរបស់ក្រុមអ្នកញៀនល្បែង  និងសម្ភារៈសម្រាប់ជល់មាន់មួយចំនួនទុកជាវត្ថុតាង ផងដែរ។

លោកអធិការ បានបន្ដថា កម្លាំងនគរបាលខណ្ឌមានជ័យ  មិនមានពាក់ព័ន្ធជាមួយទីតាំងល្បែងស៊ីសងខាងលើនេះទេ ។

ជាមួយគ្នានេះដែរលោក សៀង សាញ់ នាយរងផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ បានបញ្ជាក់ថា ចំពោះទីតាំងសង្វៀនជល់មាន់ ដែលលោកអធិការដឹកនាំកម្លាំងចុះបង្ក្រាប ដោយមានការចូលរួមដោយរូបលោកជានាយរងព្រហ្មទណ្ឌផ្ទាល់, លោកអធិការរង៤រូប និងកម្លាំងនៃអធិការខណ្ឌមានជ័យ ហើយលោកមិនជាប់ពាក់ព័ន្ធអ្វី ដូចការចោទប្រកាន់នោះទេ ។

បច្ចុប្បន្នក្រោយពេលចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់រួច កម្លាំងសមត្ថកិច្ចបាននាំខ្លួនអ្នកញៀនល្បែងជល់មាន់២នាក់ យកទៅកាន់ប៉ុស្ដិ៍ដើម្បីធ្វើការសួរនាំបន្ដទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post