header ads

Sponsor

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង បានស្នើឲ្យអនុវត្តវិធានការច្បាប់ ចោទប្រកាន់តាមផ្លូវតុលាការ ស្របតាមច្បាប់ជាធរមាន ក្នុងករណីរកឃើញថា មន្ត្រីនគរបាលជាតិរូបណា ដែលបានប្រព្រឹត្តនូវកំហុស និងការឆ្គាំឆ្គងខាងវិជ្ជាជីវៈមានលក្ខណៈធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ ឬមានសកម្មភាពខុសច្បាប់ ដែលកំហុសទាំងនោះ មានកម្រិតលើសពីដែនសមត្ថកិច្ច និងសិទ្ធិដាក់វិន័យរបស់ក្រុមប្រឹក្សាវិន័យ។

ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំ១០ចំណុច ស្តីអំពីការគ្រប់គ្រងប្រើប្រាស់ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ការគ្រប់គ្រងប្រើប្រាស់អាវុធជាតិផ្ទុះ និងមធ្យោបាយដល់អគ្គស្នងការនគរបាលជាតិ អគ្គនាយកដ្ឋាននានា ថ្នាក់ប្រហាក់ប្រហែល និងស្នងការនគរបាលរាជធានី-ខេត្ត។

ក្នុងលិខិតសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការចេញសេចក្តីណែនាំ គឺដើម្បីរក្សាបាននូវសេចក្តីថ្លៃថ្នូរ កិត្តិយស គុណធម៌ សីលធម៌ វិជ្ជាជីវៈ បម្រើការងារសំដៅលើកកម្ពស់ ក្នុងការអនុវត្ត តួនាទីភារកិច្ចឲ្យកាន់តែមានប្រសិទ្ធភាព រក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គមបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ។

នៅក្នុងសេចក្តីណែនាំសម្ដេចក្រឡាហោម ស ខេង បានស្នើឲ្យមន្ត្រីនគរបាលត្រូវបង្កើតឲ្យមានក្រុមប្រឹក្សាវិន័យនៅតាមអង្គភាពគ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើការពិភាក្សាវាយតម្លៃឱ្យបានច្បាស់លាស់នៅកម្រិតខុសឆ្គងរបស់មន្ត្រីនគរបាលជាតិ ដោយផ្អែកតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ដើម្បីអនុវត្តរូបភាពដាក់វិន័យឲ្យបានម៉ឹងម៉ាត់និងប្រកបដោយតម្លាភាព។ ត្រូវអនុវត្តវិធានការច្បាប់ចោទប្រកាន់តាមផ្លូវតុលាការ ស្របតាមច្បាប់ជាធរមានក្នុងករណីរកឃើញថាមន្ត្រីនគរបាលជាតិរូបណា ដែលបានប្រព្រឹត្តនូវកំហុសនិងការឆ្គាំឆ្គងខាងវិជ្ជាជីវៈមានលក្ខណៈធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈឬមានសកម្មភាពខុសច្បាប់ ដែលកំហុសទាំងនោះ មានកម្រិតលើសពីដែនសមត្ថកិច្ច និងសិទ្ធិដាក់វិន័យរបស់ក្រុមប្រឹក្សាវិន័យ។ ហាមដាច់ខាតក្នុងការប្រើប្រាស់មធ្យោបាយរបស់អង្គភាពជាពិសេសម៉ូតូបើកផ្លូវ ឬរថយន្តសារ៉ែនរបស់អង្គភាពទៅប្រើប្រាស់ការពារ ហែអមក្រុមហ៊ុនឯកជន ឬបុគ្គលឯកជន ដែលមិនស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន ហើយដែលពុំមានការអនុញ្ញាតពីអគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ។

សម្ដេចក្រហោម បានបញ្ជាក់បន្ថែមថា ប្រធានអង្គភាពគ្រប់ឋានានុក្រមមានកាតព្វកិច្ចទទួលខុសត្រូវក្នុងការអនុវត្តខ្លឹមសារនៃសេចក្តីណែនាំនេះ ក្នុងករណីប្រព្រឹត្តផ្ទុយ ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខក្រសួងមហាផ្ទៃ និងច្បាប់ជាធរមាន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post