header ads

Sponsor

ភ្នំពេញៈ បុរស២នាក់ ត្រូវក្មេងស្ទាវមួយក្រុមជិះម៉ូតូ​ដេញវាយ បានបើ​ករ៉ឺម៉កកង់បីដឹកគ្នា រត់គេចទាំងភ័យស្លន់ស្លោ ហើយបើកបញ្ច្រាសទិសកណ្ដាលផ្លូវ គាប់ជូន​មាន​បុរសម្នាក់ បើកម៉ូតូ Smash Revo ស្របទិសក្នុងល្បឿនលឿនល្មម ទៅបុកចំកន្ទុយរ៉ឺម៉ក ដួលអូសជិត២០ម៉ែត្រ បោកនឹងថ្នល់ស្ដូកស្ដឹងកណ្ដាលផ្លូវ ចំណែកឯរ៉ឺម៉កកង់បី រេចង្កូតពេញផ្លូវបាស់កង់ម្ខាង លើចិញ្ចើមផ្លូវ សង្កត់បុរសទាំង២នាក់នោះ រងរបួសរលាត់ដៃរលាត់ជើង។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១៖៤០នាទីយប់ជិតពាក់កណ្ដាលអធ្រាត្រឈានចូលថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខអាជ្ញាធរ ទន្លេសាប លើកំណាត់ផ្លូវជាតិលេខ២  ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម  ខណ្ឌមានជ័យ  រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបុរសទាំងពីរនាក់ ដែលបើកកង់បី បានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់មានគ្នាបីនាក់ ដោយម្នាក់ទៀតជិះម៉ូតូ ហើយពូរបស់គាត់ ជាអ្នកបើករ៉ឺម៉កម៉ូតូកង់បីមួយគ្រឿង កន្ទុយរ៉ឺម៉កស្លាកលេខភ្នំពេញ 1AS-3306 និងម៉ូតូសណ្ដោង ម៉ាកឌ្រីសង់ស៊េរីចាស់ ពាក់ស្លាកលេខស្វាយរៀង 1A-4674 ដឹកគាត់ ចេញពីជួបជុំផឹកស៊ីជាមួយគ្នា ធ្វើដំណើរតាមផ្លូវជាតិលេខ២ នៅពេលបានពាក់កណ្ដាលផ្លូវ ស្រាប់តែឃើញលេចមុខក្មេងស្ទាវមួយក្រុម មានគ្នា៧-៨នាក់  ជិះម៉ូតូ៤គ្រឿង  បានជិះដេញតាមពីក្រោយ ហើយស្រែកយកស្បែកជើង ដេញគប់ពួកគាត់ ទើបពួកគាត់ទាំង២នាក់ ចង់ឈប់តដៃវិញដែរ តែឃើញដេញតាមពីក្រោយ មកកាន់តែកៀកហើយ និងប្រហែលក្មេងស្ទាវទាំងនោះ មានអ្វីក្នុងដៃហើយ  បានជាហ៊ានវាយពួកគាត់ចាស់ៗ ដែលជាអ្នករត់កង់បីដូច្នេះ ទើបពួកគាត់ក៏បន្ថែមល្បឿន បើករត់មកដល់ស្តុប មុខវត្តចាក់អង្រែក្រោម ។

បុរសដែលជិះជាមួយ បន្តថា  គាត់បានស្រែកប្រាប់ឲ្យពូរបស់គាត់បត់ឆ្វេង ទៅតាមផ្លូវ៣០ម៉ែត្រវិញ បែរជាពូងាកមើលក្រោយ ឃើញក្រុមក្មេងស្ទាវទាំងនោះនៅតាមមកទៀត ក៏បន្ថែមល្បឿនបោះពួយលឿនស្លេវ កប់ហ្គែលម៉ូតូសណ្ដោងរ៉ឺម៉កកង់បី បញ្ច្រាសទិសចរាចរណ៍គេ ពីត្បូងទៅជើងរហូតដល់ចំណុចកើតហេតុ បំណងបើកឆ្លងចូលទៅគន្លងផ្លូវម្ខាងទៀត  បានកណ្ដាលផ្លូវ  ក៏ត្រូវបានបុរសម្នាក់ បើកម៉ូតូមួយគ្រឿង ម៉ាក Smash Revo ពណ៌ទឹកក្រូចលាយខ្មៅ ស្លាកលេខព្រះសីហនុ  1C-3127 ធ្វើដំណើរស្របទិសពីជើងទៅត្បូង ក្នុងល្បឿនលឿនល្មម ចាប់ហ្រ្វាំងមិនទាន់  ព្រោះរ៉ឺម៉កបើកល្បឿនពេក ក៏​បុកចំកន្ទុយរ៉ឺម៉ក  បណ្ដាលឲ្យដួលអូសជិត២០ម៉ែត្រ បោកនឹងថ្នល់ សន្លប់ស្ដូកស្ដឹងកណ្ដាលផ្លូវតែម្ដង។

ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ចំណែកឯរ៉ឺម៉កកង់បី រេចង្កូតពេញផ្លូវបាស់កង់ម្ខាង រហូតទៅក្រឡាប់ផ្ងារជើងម្ខាងលើចិញ្ចើមផ្លូវ សង្កត់បុរសទាំង២នាក់នោះ រងរបួសរលាត់ដៃរលាត់ជើង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជិតនោះ ភ្ញាក់ពីដំណេកនាំគ្នាចេញមកជួយសង្គ្រោះបឋម ហើយបានឃាត់អ្នកបើកកង់បីបញ្ច្រាសនោះ  រួចរាយការណ៍ប្រាប់កម្លាំងល្បាត  ហៅរថយន្តសង្គ្រោះគ្លីនិកឯនជន  ហុងហាក់  មកដឹក ម្ចាស់ម៉ូតូយកទៅសង្គ្រោះផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការបាញ់គំនូស  ទុកវាស់វែង  និងយកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿង យកទៅរក្សាទុកបណ្ដោះអាសន្ន  នៅស្នាក់ការប៉ុស្តិ៍ ដើម្បីរង់ចាំធ្វើការដោះស្រាយបន្តពេលក្រោយទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post