header ads

Sponsor

ភ្នំពេញៈ លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា បានថ្លែងថា បរទេសដឹកជញ្ជូនកាកសំណល់សំរាមចំនួន៨៣ទូកុងតឺន័រ យកមកបោះចោលនៅកម្ពុជា នាពេលនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរ និងមិនអាចលើកលែងឲ្យបាននោះទេ ខណៈសមត្ថកិច្ចនៅមិនទាន់ដឹងប្រភពដើមនៃសំរាមដឹកមកពីប្រទេសណានោះ។

កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ កុងតឺន័រចំនួន៨៣ទូ មានផ្ទុកកាកសំណល់សំរាមនាំចូលពីបរទេសត្រូវបានកម្លាំងសមត្ថកិច្ចនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បើកប្រតិបត្តិការបង្ក្រាបបាននៅកំពង់ផែនក្រុងព្រះសីហនុ។

លោក ព្រាប កុល បានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ថា ប្រទេសខ្ញុំជាធុងសំរាមឬអីគួរឲ្យភ្ញាក់ផ្អើលដែលមានការដឹកសំរាមកាកសំណល់ ៨៣កុងតឺន័រ ពីបរទេសមកខេត្តព្រះសីហនុ។ ការដែលប្រទេសមួយសម្រេចចិត្ត បញ្ជូនសំរាមកាកសំណល់ ទៅចាក់ចោលនៅប្រទេសមួយទៀតដល់ផ្ទះ ជាការប្រមាថដ៏ធ្ងន់ធ្ងរមួយ និងមិនអាចទទួលយកបាន

លោករៀបរាប់ថា បើគេដឹកសំរាមមកចាក់ចោល នៅខាងមុខផ្ទះ តើសុខចិត្តទេ? បើជាលោកវិញ គឺដេញដោលសួររកប្រភពសំរាម ទៅរករឿងដល់ផ្ទះអ្នកបង្កហេតុ និងទាមទារឲ្យមានការទទួលខុសត្រូវ យ៉ាងហោចណាស់ក៏ទាមទារឲ្យមាន ការសូមអភ័យទោសជាសាធារណៈ ព្រមទាំងយកសំរាមទាំងនោះ ទៅកន្លែងដើមវិញ។

លោកបន្ដថា តើមាននរណាដឹងទេថា ប្រទេសណាថ្លើមធំហ៊ានដឹកសំរាម ឬកាកសំណល់ មកចោលក្នុងប្រទេសកម្ពុជា? បើប្រជាពលរដ្ឋខ្មែរដឹងជួយប្រាប់លោកផង ហើយលោកចង់អញ្ជើញតំណាងទូត នៃប្រទេសនោះផឹកតែចត់ម្តង។

ជុំវិញបញ្ហាទាំងនេះផងដែរ ក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធបាន និងកំពុងធ្វើការស៊ើបអង្កេតស៊ីជម្រៅបន្ថែមទៀត ដើម្បីស្វែងរកប្រភព និងឫសគល់ដែលនាំឲ្យមាន ការនាំចូលសំណល់សំរាម មកកាន់កម្ពុជាបែបនេះ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post