header ads

Sponsor

កំពង់ឆ្នាំងៈ ទំនាស់ដីដ៏​យូរអង្វែង នៅចំណុចអាស្រមបង្គោលកីស្រីម៉ៅ ដែលធ្លាប់ឆក់យកជីវិតទាហានម្នាក់ កាលពីប៉ុន្មានថ្ងៃមុននេះ បានចាប់ផ្ដើមកក្រើកឡើ​ងវិញទៀតហើយ ដោយប្រជាពលរដ្ឋ​មកពីភូមិចំនួន៣ ផ្ទុះការតវ៉ាជាថ្មីម្តងទៀត។

សេចក្តីរាយការណ៍ បានអោយដឹងថា ប្រជាពលរដ្ឋមកពី ៣ភូមិ អាជ្ញាធរ៣ឃុំ និងគណៈកម្មការវត្ត អាស្រមបង្គោលកីស្រីម៉ៅ បានទទូចសុំសម្តេចតេជោ និងសម្ដេចកិត្តិ​ព្រឹទ្ធបណ្ឌិត មេត្តាជួយផ្តល់យុត្តិធម៌ នៅពេលដែលប្រជារាស្ត្រអះអាងថា ក្រុមយោធា k88 រំលោភបំពាន់យកដីរបស់ពួកគាត់។

ហេតុការណ៍ផ្ទុះ​ការតវ៉ាជាថ្មីម្តងទៀតនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១១៖៣០នាទីព្រឹកថ្ងៃទី១៦ កក្កដា ២០១៩ នៅចំណុច ភ្នំបង្គោលកី អាស្រ័មស្រីម៉ៅ ស្ថិតនៅក្នុងភូមិគល់គប់   ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ហេតុការណ៍​តវ៉ានេះ កើ​តឡើង បន្ទាប់ពី ស.ជ.ណ កាត់យកដីអាស្របបង្គោលកីស្រីម៉ៅ និងដីប្រជាពលរដ្ឋ៥៣ក្បាលដី និងភ្នំ៥ ដែលប្រជាពលរដ្ឋអាស្រ័យផលរាល់ថ្ងៃរបស់ប្រជាពលរដ្ឋ៤ឃុំស្រែថ្មី ជ្រៃបាក់ ព្រៃមូល គ្រាំលាវ។

ក្នុងហេតុការណ៍តវ៉ាខាងលើ ប្រជាពលរាស្ត្រ បានទទូចម្តងហើយម្តងទៀត សុំឱ្យសម្ដេចតេជោនិរាករណ៍ លិខិតលេខ (១៥៤ សជណ មយ) ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ទីស្ដីការគណៈរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រីប្រចាំការ  រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី (ដោយអនុរដ្ឋលេខាធិការ លោក​ ឆាយ វ៉ាន់នឿន) កម្មវត្ថុស្ដីពីរបាយការណ៍លទ្ធផល ចុះស្រាវជ្រាវ ទីតាំងរៀបចំការកសាងសង់មជ្ឈមណ្ឌល k ៨៨ នៅក្នុងភូមិគល់គប់ ឃុំស្រែថ្មី និងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងស្នើសុំគោលការណ៍មួយចំនួន។

ប្រជាពលរដ្ឋទាំងនោះអះអាងថា ប្រហែល សម្តេចតេជោ លោកមិនបានដឹងការពិតនោះទេ ពី​ព្រោះសម្តេចបង្កើតទីតាំនេះ តាមព្រះរាជក្រិត្យ(តំបន់សហគ្រាសសេរី) ហើយក៏​មានព្រះរាជ្យក្រឹត្យ និរាករណ៍ចោលវិញ ពិសេសជានេះ សម្តេច បានប្រកាសជាសាធារណៈ កាត់ដីទាំងអស់ជូនប្រជាពលរដ្ឋ(ទុកតែតួព្រលាន) ក្នុងឱកាសដែលសម្តេច ចុះចែកប័ណ្ណកម្មសិទ្ធិ នៅព្រលានយន្តហោះឃុំគ្រាំងលាវ។ ប្រជាពលរដ្ឋ និងអាជ្ញាធរ៤ឃុំ និងអាជ្ញាធរខេត្ត ឆ្ងល់ថា ហេតុអី សម្តេចកាត់អោយទាហានទៅវិញ បើទាហានk88 ចាក់ចេញតាំងពីឆ្នាំ១៩៨៩ បើគិតមកដល់ពេលនេះ៣០ឆ្នាំគត់ ហើយអាជ្ញាធរ បានប្រគល់ដីនេះ អោយប្រជាពលរដ្ឋអស់ហើយ។

ប្រជាពលរដ្ឋ បានអោយដឹងថា ទើបនៅព្រឹកថ្ងៃទី៣ ខែមិថុនា២០១៨ ប្រជាពលរដ្ឋចំនួន ៣ ភូមិ បានផ្ទុះការតវ៉ាសាជាថ្មីទៀត ខណៈដែលបានទទួលដំណឹងថា ក្រុមទាហានk 88 រួមនិងមន្ត្រីសុរិយោដី បានធ្វើការចុះវាស់វែងដីធ្លីរបស់ពួកគាត់យកធ្វើជាកម្មសិទ្ធិ។ ហើយដីនោះពួកគាត់បានកាន់កាប់តាំងពីឆ្នាំ១៩៨២ រហូតមកដល់បច្ចុប្បន្ននេះ។

សូមបញ្ជាក់ផងដែរថា កន្លងមករដ្ឋបាលខេត្តកំពង់ឆ្នាំង មានមេឃុំចំនួន៤ និងប្រជាពលរដ្ឋ ធ្លាប់បានទទូចចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី មេត្តាពិនិត្យលទ្ធភាព រក្សាទុកដី និងភ្នំទាំងអស់នេះ អោយនៅជាសម្បត្តិសាធារណៈ ជាធម្មតា ដូចសព្វថ្ងៃសម្រាប់ ព្រះសង្ឃ និងប្រជាពលរដ្ឋអាស្រ័យផលទៅតាមប្រពៃណីទំនៀមទំលាប់ដោយក្តីអនុគ្រោះ។

មិនត្រឹមតែប៉ុណ្ណោះ(ស ជ ណ) បានបញ្ជាក់ថា លុបដីដែលមានការទន្ទ្រានកាន់កាប់ពេលថ្មីៗនេះ ដែលជ្រកក្រោមស្លាកគណបក្សប្រជាជនកម្ពុជាថែមទៀតផង ខណៈដែលពួកគាត់បានកាន់កាប់យូរណាស់មកហើយ។

ប្រភពពីប្រជាពលរដ្ឋ បានអោយដឹងថា នៅឆ្នាំ២០១២ ក្នុងឱកាសដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញចែកប័ណ្ណកម្មសិទ្ធិដី ដែលបានវាស់វែងដោយក្រុមយុវជនស្ម័គ្រចិត្តរបស់សម្តេច នៅលើទីតាំងព្រលានយន្តហោះនោះ សម្ដេចតេជោ បានប្រកាសស្នើសុំព្រះមហាក្សត្រលុបចោលតំបន់សហគ្រាសសេរីវិញ ដោយព្រះរាជក្រឹត្យថ្មីៗ លេខ នស/រកត /១០១២/ ៩៤៧ ចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១២ ស្ដីពីការ នរាករណ៍ តំបន់សហគ្រាសសេរី រក្សាទុកុដី សម្រាប់ស្នូល របស់ព្រលានយន្តហោះត្រឹមតែ (១៤១៥ ហិកតា) តែប៉ុណ្ណោះ ចំណែកដីក្រៅពីនេះប្រគល់ជូនប្រជាពលរដ្ឋវិញ ដែលត្រូវបានអាជ្ញាធរ និង ប្រជាពលរដ្ឋអបអរសាទរយ៉ាងខ្លាំង។

អាជ្ញាធរខេត្តធ្លាប់ បានបញ្ជាក់ថា ក្រសួងការពារជាតិ មិនមានឯកសារច្បាស់លាស់ ស្ដីពីការកាន់កាប់គ្រប់គ្រងដីតំបន់នោះទេពីមុនមក ដើម្បីពន្យល់អាជ្ញាធរខេត្ត និងប្រជាពរដ្ឋ ឲ្យពួកគាត់បានយល់ ក្នុងនោះក្រុមការងារក្រសួងការពារជាតិគ្រាន់តែបានចង្អុលបង្ហាញថាដីឃ្លាំងកា៨៨ មានទំហំ ២៦៨ ហិកតា។

បងប្អូនប្រជាពលរដ្ឋ សូមអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាល មេត្តាជួយចាត់វិធានការណាមួយដោះស្រាយជួនប្រជាពលរដ្ឋ៤ឃុំកាន់កាប់ដីនេះឡើងវិញ ប្រសិនបើក្រសួងការពារជាតិ នៅតែបន្តរៀបចំឃ្លាំងK៨៨ នោះ ពិតជាធ្វើអោយប៉ះទង្គិចសន្តិអារម្មណ៍អាជ្ញាធរ និងប្រជាពលរដ្ឋយ៉ាងខ្លាំង ហើយមានការថ្នាំងថ្នាក់ដល់ថ្នាក់ដឹកនាំផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post