header ads

Sponsor

ភ្នំពេញៈ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំអោយអភិបាលខណ្ឌទាំង១៤ ពិនិត្យឲ្យបានម៉ត់ចត់ លើការដ្ឋានសាងសង់ ការចាក់ដីបំពេញ ការបូមខ្សាច់ នៅក្នុងរាជធានីភ្នំពេញ ដោយត្រូវត្រួតពិនិត្យពីបញ្ហាបច្ចេកទេស និងការគោរពតាមបទដ្ឋាន នគរូបនីបញ្ញាតិជាមុន បើទោះជាការដ្ឋានសំណងនោះមានកំពស់២ទៅ៣ជាន់ក៏ដោយ ។

លោកអភិបាលរាជធានី បានធ្វើការណែនាំបែបនេះ កាលពីរសៀលថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំពាក់ព័ន្ធការពិនិត្យ ការដ្ឋានសាងសង់ ការចាក់ដីបំពេញ ការបូមខ្សាច់ គ្មានច្បាប់អនុញ្ញាតនៅក្នុងរាជធានីភ្នំពេញដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនទៀត។

លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះ ក៏បានលើកឡើងនូវកិច្ចការមួយចំនួន ជាពិសេសការធ្វេសប្រហែសរបស់អភិបាលខណ្ឌ(អភិបាលខណ្ឌចាស់១២ខណ្ឌ)ដែលចំណុះអោយរដ្ឋបាលរាជធានី ដោយហាក់មិនសូវយកចិត្តទុកដាក់ទៅនិងការណែនាំរបស់អភិបាលក្រុងពាក់ព័ន្ធ ការបើកឲ្យមានចរាចរណ៍ ចំពោះរថយន្តក្រឡុកស៊ីម៉ងត៍ ដែលមិនគោរពតាមពេលវេលាដែលបានកំណត់កន្លងមក ពោលគឺការអនុវត្តនោះនូវមានកម្រិតនៅឡើយ។

លោកអភិបាលរាជធានី បានលើកឡើងថា " ថ្ងៃនេះយើងតម្រឹមគ្នា កន្លែងខ្លះបើត្រូវធ្វើរបាយការណ៍ ទៅក្រសួងដែនដី គឺទៅក្រសួងដែនដី ហើយកន្លែងខ្លះត្រូវធ្វើទៅក្រសួងមហាផ្ទៃ គឺទៅក្រសួងមហាផ្ទៃ។ ការរំលឹករឿងទាំងអស់នេះ ដោយសារកន្លងមកមានការធ្វេសប្រហែសច្រើន ហើយខ្ញុំចង់បញ្ជាក់ក្នុងថ្ងៃនេះថា អ្វីៗទាំងឡាយ ដែលកើតមានឡើង ក្នុងដែនសមត្ថកិច្ច អាជ្ញាធរជាអ្នកទទួលខុសត្រូវ" ។

លោកអភិបាលរាជធានី ក៏បានលើកឡើង  ករណីជាក់ស្តែង អំពីហេតុការណ៍ ដែលបានកើតឡើងកន្លងទៅថ្មីៗនេះ នៅខេត្តព្រះសីហនុ ទៅកាន់អភិបាលខណ្ឌទាំងអស់ឲ្យដឹងច្បាស់ថា អ្នកដែលទទួលខុសត្រូវ គឺជាអាជ្ញាធរដែនដីតែម្តង មិនមែនមន្ទីរដែនដីនោះទេ។

លោក ឃួង ស្រេង បានលើកឡើងថា "បើស្រួលពេកមិនដំណើរការ អត់ទៅមុខ មិនដើរ យើងក៏មិនដាច់ម៉ាត់ដែរ បើអគារនឹងវាជាបុរី ពីរបីជាន់ ចេញច្បាប់ពីយើង ពីរាជធានីទៅ អោយបុកគ្រឹះបណ្តើរៗ ប៉ុន្តែត្រូវមានការធានាបច្ចេកទេស ពីសេនាធិការ យើងច្បាស់លាស់ថា មិនអីទេ គាត់ធ្វើទៅកើត អាចទៅបាន គាត់គោរពតាមបទដ្ឋាន នគរូបនីបញ្ញាតិហើយ បច្ចេកទេសគាត់ មានភាពរឹងមាំហើយ ធានាបាននូវការរស់ នៅថ្ងៃអនាគត ចឹងក៏យើងទៅកើតដែរ កុំបណ្តោយ បើសិនបណ្តែតបណ្តោយ វាជារឿងមួយ  ដែលពិបាកស្មាន ពាក់ព័ន្ធនឹងបច្ចេកទេសនោះ" ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post