
ព្រះវិហារៈ រថយន្តសង្គ្រោះបន្ទាន់១គ្រឿង ត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ដោយសារឆ្លងចរន្តអគ្គិសនី ខណៈកំពុងបើកបរដឹកអ្នកជំងឺទៅព្យាបាលនៅខេត្តសៀមរាប។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី៣០ ខែសីហាឆ្នាំ២០១៩ វេលាម៉ោង១២៖៤៥នាទី នៅលើកំណាត់ផ្លូវជាតិលេខ៦៤ ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តសង្រ្គោះនេះ គឺរយន្តរបស់មណ្ឌលសុខភាព មរតកតេជោ ស្រអែម ដឹកអ្នកជំងឺពីស្រអែមទៅមន្ទីរពេទ្យខេត្តសៀមរាប ដល់ត្រង់ចំណុចខាងស្រាប់តែឆាបឆេះតែម្ដង។
អ្នកបើកបរឈ្មោះ អោន សុផុន ភេទប្រុស អាយុ៤៦ឆ្នាំ ជាអ្នកបើកបររថយន្តសង្រ្គោះមណ្ឌលសុខភាពមរតកសម្ដេចតេជោស្រអែម ដឹកអ្នកជំងឺឈ្មោះ ផាត់ ថុល ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរទាហាន នៅកងពលតូចអន្តរាគមន៍លេខ៩១១ ចំណុចដំណាក់កណ្ដោល ស្រុកជាំក្សាន្ដខេត្តព្រះវិហារ។
ភ្លាមៗនោះផងដែរ មានរថយន្តពន្លត់អគ្គិភ័យរបស់អធិការស្រុកគូលែន បានចេញអន្តរាគមន៍ជួយចាញ់ទឹកពន្លត់ផងដែរ។ ចំណែកអ្នកជំងឺត្រូវបានរថយន្តសង្រ្គោះស្រុកគូលែនដឹកយកមកមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ ព្យាបាលបន្ត។ ចំណែករថយន្តសង្គ្រោះ និងឧបករសម្ភារៈបរិក្ខារពេទ្យខូចខាតទាំងស្រុង៕










