header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ ប្រើល្បិចបោកយកគ្រឿងអេឡិចត្រូនិចពីហាងនានា អស់​១១លើក ទើប​ត្រូវតែ​អស់លក្ខណ៍ ត្រឹមល្បិចលើកទី១១ ដោយ​ត្រូវ​កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមស្រាវជ្រាវ​ឃាត់ខ្លួនបាន​​។

ជនសង្ស័យឈ្មោះ ថា រតនៈ សន្យា អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតនៅខេត្តព្រះសីហនុ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ មានផេកហ្វេប៊ុកមួយឈ្មោះថា MyEyes បានបង្ហោះសារ ស្តីពីល្បិចឆបោកថ្មី ដោយជនឆបោក បានខលមកហាងលក់ផលិតផល អនឡាញ របស់គាត់ ដើម្បីទិញទូរទស្សន៍ និងបញ្ឆោតឲ្យក្រុមការងារ យកទូរទស្សន៍ទៅឲ្យនៅលើផ្សារទំនើបរតនាផ្លាហ្សា ហើយក៏ឆ្លៀតឱកាសលួចយកទូរទស្សន៍គេចខ្លួនបាត់ ដែលករណីមួយនេះ ពិតជាមានការហួសចិត្តយ៉ាងខ្លាំង ព្រោះគេពុំធ្លាប់បានឃើញពីមុនមក។

ស្រាប់តែនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៦យប់​ ជនសង្ស័យរូបនេះ បានប្រើល្បិចដដែល ដោយបានចូលទៅផ្ទះលក់ទូរទស្សន៍ មួយកន្លែងផ្សេងទៀត នៅក្បែរផ្សារអូឡាំពិកដោយធ្វើជាទិញទូរទស្សន៍ម៉ាក LG មួយគ្រឿង និងប្រាប់ថា ត្រូវដឹកយកទៅឱ្យនៅផ្សារស្ទឹងមានជ័យថ្មី នាព្រឹកស្អែក ហើយក៏បានឱ្យលេខទូរស័ព្ទទុកសម្រាប់​ទាក់ទងគ្នា តែដោយមានការសង្ស័យ ព្រោះឃើញលេខទូរស័ព្ទដែលអ្នកមកទិញនេះដូចគ្នានិងលេខគេបង្ហោះ តាមហ្វេសប៊ុកថា ធ្លាប់ត្រូវម្ចាស់លេខនេះ ធ្វើជាមកទិញទូរទស្សន៍ ហើយបោកយកទៅបាត់នោះ ទើបអ្នកលក់ បានប្តឹងសមត្ថកិច្ចអាវុធហត្ថខណ្ឌមានជ័យ នៃរាជធានីភ្នំពេញ ឲ្យរៀបចំអន្ទាក់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន នៅព្រឹកម៉ោង៩៖៣០នាទីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩តែម្តង។

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានសារភាពថា កន្លងមករូបគេបានធ្វើ សកម្មភាពឆបោករបៀបនេះនៅតាមហាងលក់គ្រឿងអេឡេចត្រូនិច នានាក្នុងរាជធានីភ្នំពេញ ១០លើក រួចមកហើយ សម្ភារៈដែលបោកបានរួមមាន ទូរទស្សន៍ និងធុងបាស់ចាក់ខារ៉ាអូខេ តែមិននឹកស្មានថា លើកទី១១នេះ ត្រូវភ្លាត់ស្នៀតជាប់អន្ទាក់សមត្ថកិច្ចយ៉ាងដូច្នេះឡើយ ហើយសមត្ថកិច្ចក៏បានទំនាក់ទំនង រកជនរងគ្រោះ មកដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់ផងដែរ។

បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីធ្វើការផ្តន្ទាទោស តាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post