Sunday, August 11, 2019

ឈូសឆាយរំលោភយកដីព្រៃ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

កោះកុង៖  នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ​ក្រុមការងារមន្ទីរបរិស្ថានខេត្តកោះកុង បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិនេះ ចាប់ខ្លួនបុរសម្នាក់ ក្រោយធ្វើសកម្មភាពកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និង ឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថាន បានឲ្យដឹងថា បុរសម្នាក់នេះត្រូវបានសមត្ថកិច្ចចាប់ខ្លួន ត្រង់ចំណុចនិយាមកា៣៦១៣៤៣-១២៣៥២៧៩ ស្ថិតនៅភូមិតាធង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលជនសង្ស័យឈ្មោះ ចេត ប៊ុន អាយុ៦៤ឆ្នាំ ទីកន្លែងកំណើតភូមិតាធង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

ក្នុងលិខិតរបស់ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុកស្រែអំបិល បានបញ្ជាក់ថា ប្រពន្ធជនសង្ស័យឈ្មោះ ខន ផុន ស្នើសុំកាត់ឆ្វៀលផ្ទៃដី ចំនួន១០ហិកតា ក្នុងនោះដី៤ហិកតា ជនសង្ស័យបានអាស្រ័យផល និងធ្វើលំនៅដ្ឋានរស់នៅដោយ គ្មានការហាមឃាត់ពីអាជ្ញាធរ និងពីមន្ត្រីបរិស្ថានទេ។ ប៉ុន្តែដី៦ហិកតាទៀត ជាដីអភិរក្សដែលមន្ត្រីបរិស្ថាន និងកម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ តែងតែធ្វើការណែនាំ និងហាមឃាត់ជនសង្ស័យ កុំឲ្យកាប់ទន្ទ្រាន តែជនសង្ស័យនៅតែព្យាយាមលួចកាប់ទន្ទ្រានដីអភិរក្សនោះដដែលទើបធ្វើឲ្យមានការឃាត់ខ្លួនជនសង្ស័យតែម្តង។

មន្ទីរបរិស្ថាន បានបញ្ជាក់ទៀតថា ករណីដែលបង្កឡើងដោយជនសង្ស័យខាងលើនេះ ផ្ទុយពីច្បាប់ស្តីពីតំបន់ការពារធម្មជាតិ មាត្រា៦២ ចំណុច១៖ កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និង ឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ដែលតម្រូវឲ្យមន្ទីរបរិស្ថាន រៀបចំកសាងសំណុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី៕

Feature Ads