ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានការងើយឆ្ងល់ថា ក្នុងរបាយការណ៍របស់អន្ដរក្រសួងបានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០១៩ អាជ្ញាធររារាំង មិនឲ្យអង្គការសង្គមស៊ីវិល ឬអង្គការ មិនមែនរដ្ឋាភិបាល ធ្វើសកម្មភាពនានាចំនួន៦ករណីប៉ុណ្ណោះ ក៏ប៉ុន្ដែក្នុងរបាយការណ៍របស់អង្គការ ក្នុងស្រុកមួយចំនួន បង្ហាញថា មាន៧១ករណីទៅវិញ។
ក្នុងវេទិកាស្តីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល (លើកទី៣) នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ សម្ដេច ស ខេង បានថ្លែងថា ក្នុងអំឡុងឆមាសទី១ ឆ្នាំ២០១៩ ក្រសួងតាមរយៈយន្ដការក្រុមការងារអន្ដរក្រសួង ដើម្បីដោះស្រាយសំណើរ សំណូមពររបស់អង្គការបានទទួលរបាយ ការណ៍ពាក់ព័ន្ធឹងការ រារាំងសកម្មភាពរបស់សមាគម អង្គការមិនមែនរដ្ឋាភិបាល នឹងសហគមន៍នានា នៅតាមមូលដ្ឋានប្រមាណជាពី៥ ឬ៦ករណី តែប៉ុណ្ណោះ ។
សម្ដេចបន្ដថា ប៉ុន្ដែបើផ្អែកតាមរបាយការណ៍របស់ អង្គការក្នុងស្រុកមមួយ បានលើកឡើងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៩ មានករណីដែលអាជ្ញាធរបានរឹតត្បិតសិទ្ធិសេរីភាព និងរារាំងការធ្វើសកម្មភាពរបស់អង្គការសង្គមស៊ីវិល មានចំនួន៧១ករណី។
សម្ដេចមានប្រសាសន៍ថា “ពាក់ព័ន្ធនឹងចំណុចនេះ ខ្ញុំហាក់ពុំយល់ទាល់តែសោះថា ហេតុអ្វីបានជាអង្គការសង្គមស៊ីវិលទាំងនោះមិនរាយការណ៍ ឬស្នើសុំកិច្ចសហការពីក្រុមការងារអន្ដរក្រសួង ឬរដ្ឋបាលរាជធានី-ខេត្ត ដើម្បីជួយ សម្រប សម្រួលដោះស្រាយបញ្ហា ដែលបានកើតឡើង។តើករណី បែបនេះ បង្ហាញពីភាពជាដៃគូមានលក្ខណៈស្មោះត្រង់ និងពិតប្រាកដែរឬទេ?”។
សម្ដេចបន្ថែមថា “យើងបង្កើតវេទិកានេះ ៦ខែម្ដងដើម្បីជជែកតាមមូលដ្ឋាន យើងក៏មានឲ្យមានវេទិកាដូចគ្នាដែរ ឲ្យលើកទាំងអស់។ គាត់លើក ឬមិនលើក អាហ្នឹងជារឿងរបស់គាត់ ហើយគាត់លើកថា មានការរឹតត្បិត ដែលយើងឲ្យលើកដាក់លើតុជជែកគ្នា គាត់ថា មាន៧១ ប៉ុន្ដែក្រុមការងារក្រសួងទទួលបាន៦ករណី ដូច្នេះនៅក្នុងពេលនឹងជជែកគ្នាទៅថា ៦០ករណីជាង នៅឯណា បញ្ហាអីខ្លះ”។
ឆ្លៀតឱកាសនោះដែរ រដ្ឋមន្ដ្រីមហាផ្ទៃបានបញ្ជាក់ថា មានសមាគម និងអង្គការ មិនមែនរដ្ឋាភិបាលចំនួន៨១ ត្រូវបានលុបឈ្មោះចេញពីបញ្ជីក្រសួងមហាផ្ទៃ តាមសំណើររបស់សាមីសមាគម និងអង្គការមិនមែនរដ្ឋភិបាល ។ ទោះបីជា មានការលុបចេញពីបញ្ជី នៅក្រសួងមហាផ្ទៃយ៉ាងនេះក្ដី ក៏ចំនួននៃការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកថ្មីប្រចាំខែ មិនមានការថយចុះដូចការព្រួយបារម្ភ របស់មជ្ឈដ្ឋានមួយចំនួន ដែលជាញឹកញាប់ តែងតែ ចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា ពីការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងអង្គការមិនមែន រដ្ឋាភិបាល រួមទាំងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ នោះឡើយ។
រដ្ឋមន្ដ្រីមហាផ្ទៃអះអាងថា ក្នុងឆមាសទី១ ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃពិនិត្យឃើញសមាគម និងអង្គការ មិនមែន រដ្ឋាភិបាល រួមទាំងសហគមន៍នានានៅមូលដ្ឋាន មានសិទ្ធិសេរីភាពពេញក្នុងការធ្វើសកម្មភាពស្របតាមច្បាប់ជា ធរមាន ដោយមិនតម្រូវឲ្យជូនដំណឹងជាមុនក្នុងរយៈពេលយ៉ាងតិច៣ថ្ងៃ ទៅអាជ្ញាធរមូលដ្ឋានទៀតឡើយ។
ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន ហាក់មានការយល់ដឹងច្រើន និងផ្ដល់កិច្ចសហការកាន់តែល្អប្រសើរជាមួយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា នៅមូលដ្ឋាន។
សូមរំឭកថា គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលបានតម្ដល់សំណុំឯកសារ និងចុះបញ្ជីចំនួនសរុប៥.៤៨៣ ក្នុងនោះ សមាគមចំនួន២.២០៣ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៣.២៨០៕
