Sponsor

ភ្នំពេញៈ ទីតាំងអ៊ីនធើណេត យីហោ CH Net បង្កប់ល្បែងស៊ីសងតាមអនឡាញដ៏ល្បីនៅកម្ពុជា  ពង្រីកសាខាមកក្នុងផ្ទះលេខ១១៧៧ ទល់មុខសាលាបឋមសិក្សាវត្តចាក់អង្រែលើ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ មានចម្ងាយប្រហែល មិនដល់១០០ម៉ែត្រទេ ពីសាលាសង្កាត់ចាក់អង្រែលើ និងប៉ុស្តិ៍ចាក់អង្រែលើ  ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយប្រភពព័ត៌មានច្បាស់ការណ៍ បានអះអាងថា ទីតាំងនេះ បន្តលួច បង្កប់ល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធើណេតយ៉ាងរលូនមិនខ្លាចអ្វីសោះ ទោះបីអាជ្ញាធរខណ្ឌមានជ័យ ធ្លាប់ធ្វើកិច្ចសន្យា២ដងរួចក៏ដោយ។

ទីតាំងខាងលើនេះ ត្រូវបាន​លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ទុកពេលអោយ រើអី​វ៉ាន់ចេញត្រឹមថ្ងៃចន្ទ ទី២៦ ខែសីហា ដោយការយោគយល់មនោសញ្ចេតនាប៉ុណ្ណោះ តែបើនៅរឹងទទឹងមិនសហការតាមការណែនាំរបស់អាជ្ញាធរខណ្ឌមានជ័យទេ លោកនឹងសុំគោលការណ៍ពីលោក អភិបាលខណ្ឌចុះបង្ក្រាបតាមច្បាប់តែម្ដង។ ប៉ុន្តែមកទល់នឹងព្រឹកថ្ងៃទី២៩ ខែសីហា គេនៅឃើញទីខាងលើ បើកដំណើរការយ៉ាងរលូនដដែល ដោយមិនខ្វល់ពីការណែនាំរបស់អាជ្ញាធរខណ្ឌមានជ័យបន្តិចសោះឡើយ។

លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានអោយដឹងថា កន្លងទៅទីតាំងយីហោ CH Net នេះ ជារបស់លោក ហ៊ុន គឹមជាតិ ដែលអាជ្ញាធរធ្លាប់ចុះធ្វើកិច្ចសន្យាចំនួន២ដងរួចមកហើយ ។ លោកអះអាងថា ប្រសិនបើទីតាំងនេះ នៅបន្តបង្កប់ល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធើណេតទៀតនោះ លោកនឹងសុំគោលការណ៍ទៅអភិបាលខណ្ឌមានជ័យ បិទតែម្តង។

ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នោះ បានត្រឹមតែជិះងាកមើល ហើយយកដៃអេះក្បាល  ដោយរង់ចាំមើលចំណាត់ការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ដែលមានខ្នងជាអ្នកមានអំណាចខ្ពស់នោះ ពិតជាពិបាកសម្រាប់អាជ្ញាធរបន្តិចហើយ ទោះជាដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ពេលចុះពិនិត្យឃើញហើយ នៅតែមិនហ៊ានបង្ក្រាបបានត្រឹមតែណែនាំ ពិតជាសោកស្ដាយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor