
ភ្នំពេញៈ បុរសជាអ្នករត់កង់បីឥណ្ឌាម្នាក់ មិនដឹងមកពីផឹកនៅកន្លែងទេ បានស្រវឹងជោកជាំ បើកកង់បីមកឈប់កណ្ដាលផ្លូវ ដេកបែកពពុះ ផ្អើលអ្នកដំណើរ ស្មានតែត្រូវគេថ្នាំសណ្តំ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ចុះមកពិនិត្យ និងដាស់ តែមិនដឹងខ្លួន ស្រាប់តែសមត្ថកិច្ចរកឃើញកាំភ្លើងខ្លីមួយដើម នៅជាប់ខ្លួនទៀត ទើបនាំយកទៅនៅអធិការដ្ឋានខណ្ឌសែនសុខ រង់ចាំពេលស្វាង ទើបសួរនាំ។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១៖៣០នាទីយប់ថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ១០០៧ កែងផ្លូវ១៩៦៦ ភូមិបាយ៉ាប ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌ពីប្រជាពលរដ្ឋបានឃើញហេតុការណ៍នេះ បានឲ្យដឹងថា មុនកើតហេតុ គេមិនដឹងថា បុរសខាងលើនោះ មកពីផឹកស៊ីស្រវឹងមកពីណាទេ ព្រោះពេលប្រទះឃើញ ម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HB-5147 ចតស្ងៀមនៅកណ្តាលផ្លូវ ចំណុចកើតហេតុ ក្នុងទិសដៅពីត្បូងទៅជើង ដោយមានការងើងឆ្ងល់ ក៏នាំគ្នាដើរទៅអឺតមើល ស្រាប់តែឃើញម្ចាស់កង់បីឥណ្ឌា ដេកលង់លក់បែកពពុះមាត់ស្គុល ហើយនាំគ្នាសង្ស័យថា ម្ចាស់កង់បីនោះត្រូវថ្នាំគេ ដោយខ្លាចមានអ្នកដំណើរមកពីក្រោយ បើកមកបុក ក៏នាំគ្នារុញកង់បីមកអៀបចិញ្ចើមផ្លូវសិន។ ក្រោយមកមានអ្នកខ្លះ គាត់យកខ្ទឹមសមកញី ហើយជូតមាត់ និងអ្នកខ្លះទៀតយកទឹកក្រូចមកឲ្យផឹកទៀត ក្រែងស្វាងដឹងខ្លួនបានខ្លះ តែនៅតែអាចជួយអោយគាត់ដឹងខ្លួនឡើយ ទើបរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ភ្នំពេញថ្មីភ្លាមៗ។
ក្រោយមកសមត្ថកិច្ចបានចុះមកដល់បាននាំគ្នាដាស់ម្ចាស់ម៉ូតូកង់បីបន្ត តែមិនងើបដដែល ហើយសមត្ថកិច្ចក៏បានធ្វើការត្រួតពិនិត្យ ឆែកឆេនៅក្នុងកាបូបស្ពាយរបស់ម្ចាស់កង់បីឥណ្ឌាខាងលើ ស្រាប់តែប្រទះឃើញកាំភ្លើងខ្លីមួយដើម ម៉ាកឡុក (Lock) និងសម្ភារៈមួយចំនួនទៀត ទើបសមត្ថកិច្ចឡើងបើកម៉ូតូកង់បី និងដឹកទាំងម្ចាស់យកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីឲ្យគាត់គេងអោយស្វាងសិន ទើបសមត្ថកិច្ចជំនាញធ្វើការសួរនាំបន្ត៕






