
តាកែវៈ ប្រទេសកម្ពុជា និងប្រទេសវៀតណាម បានរៀបចំធ្វើសមយុទ្ធប្រឆាំងគ្រឿងញៀនដ៏ធំមួយនៅតាមច្រកបណ្ដោយព្រំដែនខេត្តតាកែវ អានយ៉ាង ដោយប្រើកម្លាំងនគរបាល និងកម្លាំងយោធារបស់ប្រទេសទាំងពីរ។
សមយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែននេះ ភាគីកម្ពុជា ត្រូវបានចូលរួមជាអធិបតីភាពដោយ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ចាការកងទ័ពជើងគោក ដោយឡែកភាគីវៀតណាមអញ្ជើញចូលរួមដោយអនុរដ្ឋមន្រ្តីការពារជាតិវៀតលោកឧត្តមសេនីយ៍ឯក បំរុង ង្វៀង ជីវិញ និងមេបញ្ជាការការពារព្រំដែនប្រទេសវៀតណាមផងដែរ។
សមយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ដែលរៀបចំធ្វើឡើងនៅតាមបណ្ដោយព្រំដែនខេត្តតាកែវអាយ៉ាងនេះ គឺចង់សំដៅបង្កើនកិច្ចសហប្របត្តិការលើការបង្រ្កាបគ្រឿងញៀនឆ្លងដែនឲ្យកាន់តែប្រសើរទ្វេឡើង ជាពិសេសរាល់ការចរាចរគ្រឿងញៀននៅតាមបណ្ដោយព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម កងកម្លាំងដែលឈនៅតាមបណ្ដោយព្រំដែនត្រូវសហការគ្នាទប់ស្កាត់ និងចាប់ជនល្មើសយកទៅធ្វើការផ្ដន្ទាទោសទៅតាមច្បាប់។
បន្ទាប់ពីធ្វើសមយុទ្ធដោយប្រើកម្លាំងយោធា និងកម្លាំងនគរបាល ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន កម្លាំងការពារព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម ក៏បានដើរល្បាយនៅតាមបណ្ដោយព្រំដែនរួមគ្នាសម្ងាយប្រមាណ៤គីឡូម៉ែត្រផងដែរ។
ថ្លែងនៅក្នុងពិធីសមយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនតាមព្រំដែនរវាងប្រទេសកម្ពុជានិងវៀតណាម ថ្នាក់ដឹកនាំក្រសួងការពារជាតិប្រទេសទាំង២បានសន្យាថានិងពង្រឹងកិច្ចសហប្របត្តិការនៅតាមបណ្ដោយព្រំដែនឲ្យកាន់តែល្អប្រសើរថែមទៀត ពោលក្រៅពីបង្កើនកិច្ចសហប្របត្តិការទប់ស្កាត់គ្រឿងញៀនឲ្យកាន់តែខ្លាំងក្លា ប្រទេសកម្ពុជានិងវៀតណាមសហការទប់ស្កាត់រាល់បទល្មើសជូញដូមនុស្សឆ្លងដែន ការរត់ពន្ធទំនិញខុសច្បាប់តាមបណ្ដោយព្រំដែន ជាពិសេសទៅទៀតនិងធ្វើយ៉ាងណាខឹតខំប្រែក្លាយព្រំដែនទាំង២ទៅជាព្រំដែនដែលមានសន្តិភាព មានការអភិវឌ្ឍ និងធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែនកាន់តែមានជីវភាពធូរធារទ្វេឡើងថែមទៀត៕





















