
ព្រះសីហនុៈ ក្រុមប្រជាពលរដ្ឋរស់នៅតំបន់អូអារ៉េវ ស្ថិតក្នុងក្រុមទី១៦ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ បានសម្តែងការអស់ជំនឿយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់រដ្ឋបាលក្រុងព្រះសីហនុ បន្ទាប់ពីរដ្ឋបាលក្រុង ចុះធ្វើកំណត់ហេតុបញ្ឈប់ការសាងសង់ភាគីជម្លោះចំនួន៣ដងរួចមកហើយ និងបានបើកកិច្ចប្រជុំបិទទ្វារ កាលពីរសៀលថ្ងៃទី២៧ សីហា កន្លងទៅនេះ ដោយក្រុមប្រជាពលរដ្ឋហៅថា ប្រជុំបង្រ្កប់កិច្ច។
បន្ទាប់ពីមានកិច្ចប្រជុំបិទទ្វារ បែបសម្ងាត់មួយ នៅក្នុងសាលាក្រុងព្រះសីហនុ អស់រយៈពេលជិត២ម៉ោង កាលពីរសៀលថ្ងៃទី២៧ សីហា រួចមក តំណាងប្រជាពលរដ្ឋ លោក ឌុច ចាន់ សម័យ រួមជាមួយសង្គមស៊ីវិល បានសម្តែងការខកចិត្តយ៉ាងខ្លាំង ដោយសារតែកិច្ចប្រជុំនេះ ពុំទទួលបានផ្លែផ្កា គ្មានលទ្ឋផលណាមួយផ្តល់ទំនុកចិត្តដល់ភាគីប្រជាពលរដ្ឋ ព្រោះតែភាគីម្ខាងទៀតរបស់លោក ស្រី ឡឹក លក្ខិណា ពុំខ្វល់ទៅនឹងមតិរបស់លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ជុំវិញការបដិសេធប័ណ្ណកម្មសិទ្ធិរបស់លោកស្រី ឡឹក លក្ខិណា ដូចអ្វីដែលរដ្ឋបាលខេត្ត ធ្លាប់ចេញលិខិតបដិសេម្តងរួចមកហើយដែរ ដោយលោក ស្រី ឡឹក លក្ខិណា និង ប្តី ឈ្មោះ គិត ប៊ុន នៅតែព្យាយាម និងយកប័ណ្ណសំគាល់សិទ្ធិឆ្នាំ១៩៩៣ មកប្រើប្រាស់ដដែល មិនត្រឹមតែប៉ុណ្ណោះ លោកស្រី ឡឹក លក្ខិណា និងប្តីនៅតែព្យាយាមធ្វើសកម្មភាពនៅលើដីទំនាស់ដដែល បើទោះបីជារដ្ឋបាលក្រុងចុះធ្វើកំណត់ហេតុបញ្ឈប់ការសាងសង់ចំនួន៣ដង រួចមកហើយក្តី ប៉ុន្តែគេពុំបានឃើញរដ្ឋបាលក្រុងមានវិធានការណាមួយចំពោះលោក ស្រី ឡឹក លក្ខិណា និង ប្តីនោះទេ ដែលសកម្មភាពនេះ អាចសបញ្ចាក់អំពីភាពកម្សោយមួយរបស់រដ្ឋបាលក្រុង និងរដ្ឋបាលខេត្តព្រះសីហនុ ដែលពុំអាចអនុវត្តន៍ច្បាប់ទៅតាមនិតិវិធី។
លោក ឌុច ចាន់ សម័យ បានគូសបញ្ជាក់ទៀតថា តើច្បាប់ និងភាពយុត្តិធម៌នៅកន្លែងណា សូម្បីតែបុគ្គលមួយគ្រួសារ រដ្ឋបាលក្រុង និងខេត្តអនុវត្តន៍ច្បាប់ពុំបានផង តើអោយប្រជាពលរដ្ឋទៅសង្ឃឹមអ្វីទៀត បើដូច្នោះចាំបាច់អីដឹកនាំកម្លាំងចុះធ្វើកំណត់ហេតុនាំខាតពេលវេលាធ្វើអ្វី? បើធ្វើហើយគេពុំស្តាប់ដដែល ពុំហ៊ានអនុវត្តន៍ច្បាប់ដដែលនោះ។ ព្រោះសូម្បីតែ អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ក៏ភាគីលោកស្រី ឡឹក លក្ខិណា មិនយកដាក់ក្នុងចិត្តផង តើអោយពួកគាត់សង្ឃឹមអ្វីទៀត។
ដោយឡែក លោក សុខសុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា(ស៊ីអិនរ៉ូ)C.N.ROនៅតែបង្ហាញទស្សនៈថា រឿងនេះអាជ្ញាធរ ក៏បានដឹងឮរួចរាល់អស់ហើយដែរ ហើយអាជ្ញាធរក៏បានធ្វើសកម្មភាពហាមឃាត់រួច៣ដងមកហើយដែរ ប៉ុន្តែមិនទាន់ឃើញអាជ្ញាធរធ្វើសកម្មភាពណាមួយនៅឡើយលើទីតាំងដីនេះ អញ្ចឹងទើបធ្វើឲ្យអ្នកទាំង២នេះ មានសកម្មភាពរៀងៗខ្លួនកើតឡើង។ លោកបានបន្តថា អាជ្ញាធរ មិនគួរអូសបន្លាយពេលវេលាឲ្យកើតមានជម្លោះរាំរ៉ៃនោះទេ គួរត្រូវបានដោះស្រាយបញ្ចប់ បើទុកឲ្យមនុស្ស២នាក់ ដណ្ដើមគ្នាដេកកណ្ដាលនោះតទៅទៀតពិតជាមិនល្អនោះទេ។
ជុំវិញបញ្ហានេះ លោក សន កុសលអភិបាលរងក្រុងព្រះសីហនុ បានឆ្លើយប្រាប់បណ្តាញសារព័ត៏មាននៅក្រោយកិច្ចប្រជុំថា ជុំវិញបញ្ហានេះ មានតែថ្នាក់ខេត្តទេ ដែលអាចដោះស្រាយបញ្ចប់ព្រោះរដ្ឋបាលក្រុងអលទ្ឋភាពក្នុងការដោះស្រាយហើយដោយសារតែលោក ស្រី ឡឹក លក្ខិណា ពុំស្តាប់តាមការពន្យល់ណែនាំ របស់លោក អ៊ី សុខ ឡេងអភិបាលក្រុង ដោយលោកស្រីនៅតែសំអាងលើប័ណ្ណកម្មសិទ្ឋលេខA9.11 ចេញឆ្នាំ១៩៩៣ដដែលបើទោះបីជាលោក អភិបាលក្រុងបានគូសបញ្ជាក់ថា ប័ណ្ណសំគាល់សិទ្ឋនេះ ត្រូវបានរដ្ឋាភិបាលនិរារណ៏តាំងពីឆ្នាំ១៩៩៧មកម្លេះដូចនេះប័ណ្ណសំគាល់សិទ្ធិនេះពុំមានសុពលភាពផ្នែកផ្លូវច្បាប់ឡើយ។
ទាក់ទិនទៅរឿងរ៉ាងដ៏ចម្រោងចម្រាស់នេះផងដែរ ត្រូវបានមជ្ឈដ្ឋានខាងក្រៅ ក៏ដូចជាអ្នកច្បាប់មួយចំនួន បានបង្ហាញទស្សនថា រឿងនេះបើយើងពិនិត្យមួយផ្នែក យើងគិតថា វាមានក្ខណះតូចតាចទេ ប៉ុន្តែបើយើងពិនិត្យអោយបានស៊ីជម្រៅ វាជារឿងគ្រោះថ្នាក់បំផុតសម្រាប់រដ្ឋបាលខេត្តដែលដឹកនាំដោយ លោក គួច ចំរើន អភិបាលខេត្តថ្មីដែលកំពុងមានឈ្មោះបោះសម្លេងថាជាបុគ្គលឆ្នើម មានប្រជាប្រីយ៏ភាព ក្នុងជួររដ្ឋាភិបាលមួយរូប ព្រោះរឿងនេះ ស្រួលមិនស្រួលអាចផ្ទុះជារឿងធំ ពីកម្ទេចភ្លើង ក្លាយជាអគ្គីភ័យ ដោយសារតែប័ណ្ណសំគាល់សិទ្ឋឆ្នាំ១៩៩៣ដែលរដ្ឋាភិបាលបាននិរារណ៏នេះ មានចំនួនច្រើនណាស់ ដែលសរុបផ្ទៃដីមានជាង៦០០០ហិកតាឯណោះ មិនមែនមានតែឈ្មោះលោក ស្រី ឡឹក លក្ខិណា តែមួយគ្រួសារ(០២ហិចតា៥៩អា)នោះទេ ដូច្នោះប្រសិនបើលោកស្រី ឡឹក លក្ខិណាអាចយកមកជាកម្មសិទ្ឋវិញបានចុះម្ចាស់ប័ណ្ណសំគាល់សិទ្ឋដ៏ទៃទៀតគេនឹងមានអារម្មណ៏បែបណា ដូច្នោះប្រសិនរដ្ឋបាលខេត្តនៅតែអូសបន្លាយពុំព្រមវះកាត់អោយបានដាច់ស្រាច់ ទៅតាមយុទ្ឋសាស្ត្រ និងនិតិវិធីដោយយកច្បាប់ជាគោលទេនោះ រឿងនេះនឹងរីករាលដាលកាន់តែធំឡើងៗមិនខុសអ្វីជំងឺមហារីកនោះទេ។ ប៉ុន្តែគេសង្ឃឹមជឿជាក់ថា លោក គួច ចំរើន មិនបណ្តោយអោយបញ្ហានេះរីករាលដាលបានឡើយ ព្រោះតែប្រជាពលរដ្ឋស្ទើតែមួយប្រទេសបានស្គាល់យ៉ាងច្បាស់ អំពីភាពម៉ឺងម៉ាត់ម៉ត់ចត់ ទន់ភ្លន់តែរឹងមាំ ៕










