header ads

Sponsor

ភ្នំពេញៈ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានកក់សំគាល់ឃើញថា អត្រាមរណភាព នៅតែមានចំនួនកើនឡើង ទោះបីជាមានការរឹតបន្តឹងច្បាប់ចរាចរណ៍ លើការពាក់មួកសុវត្ថិភាពក៏ដោយ។

តានរយៈបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ សម្តេច ស ខេង បានលើកឡើងថា ទោះបីជាការអនុវត្ត យុទ្ធនាការរឹតបន្តឹង ការពាក់មួក សុវត្ថិភាពមួយ រយៈនេះ ទទួលបានលទ្ធផល វិជ្ជមានយ៉ាងណាក្តី ក៏ប៉ុន្តែអត្រាមរណៈ នៅតែមានចំនួនច្រើន ហើយចំនួនអ្នករបួស នៅតែបន្តកើនឡើង ដោយពុំទាន់មាន សញ្ញាថមថយនៅឡើយ

ជាមួយគ្នានេះ សម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លទ្ធផលនៃយុទ្ធនាការ រឹតបន្តឹងការពាក់មួកសុវត្ថិភាព លើអ្នកធ្វើដំណើរ តាមមធ្យោបាយ ទោចក្រយានយន្ត ទូទាំងប្រទេស ដែលបានធ្វើឲ្យ អត្រាមរណៈមានការថយចុះ ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានកោតសរសើរ ចំពោះកងកម្លាំង មានសមត្ថកិច្ច ពិសេសនគរបាល ចរាចរណ៍ទូទាំងប្រទេស ដែលបានខិតខំ ប្រឹងប្រែង បំពេញភារកិច្ចយ៉ាងសកម្ម ក្នុងយុទ្ធនាការអប់រំ និងពង្រឹងការអនុវត្តច្បាប់ សំដៅធ្វើយ៉ាងណា ឲ្យអ្នកដំណើរតាមមធ្យោបាយ ទោចក្រយានយន្ត ទាំងអស់ពាក់មួកសុវត្ថិភាព បានគ្រប់ៗគ្នា។

សម្តេចក៏បានសុំការអធ្យាស្រ័យ ចំពោះការដាក់ចេញវិធានការ ឃាត់ទុកមធ្យោបាយ ធ្វើដំណើរ ដើម្បីតម្រូវឲ្យបងប្អូនទិញ ឬរកមួកសុវត្ថិភាព មកពាក់ឲ្យបានត្រឹមត្រូវ មុននឹងអនុញ្ញាតឲ្យបន្តដំណើរ ។

សម្តេច ស ខេង បានថ្លែងទៀតថា ពលរដ្ឋបានចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងផុលផុស ប្រកប ដោយភាពម្ចាស់ការ និងស្មារតីភ្ញាក់រលឹកខ្ពស់ ដើម្បីរក្សាសុវត្ថិភាពក្នុងការធ្វើដំណើរនៅលើដងផ្លូវ តាមគោលការណ៍ច្បាប់កំណត់។

ក្នុងនាមប្រធានប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្តេចបានអំពាវនាវពលរដ្ឋទាំងអស់ ចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន ដោយស្មារតីភ្ញាក់រលឹកខ្ពស់ ដើម្បីការពារសុវត្ថិភាព និងអាយុជីវិតផ្ទាល់ខ្លួន ក្រុមគ្រួសារ និងអ្នកប្រើប្រាស់ផ្លូវគ្រប់ៗរូប។

យោងតាមរបាយការណ៍លទ្ធផលនៃយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព ក្នុងរយៈពេល ១៣ថ្ងៃ (ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩) បានបង្ហាញថា អត្រាមរណៈចំពោះអ្នកប្រើប្រាស់មធ្យោបាយទោចក្រយានយន្ត បានថយចុះ ៩នាក់ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព បានថយចុះ ៥នាក់ បើប្រៀបធៀបរយៈពេល ១៣ថ្ងៃ មុនការអនុវត្តយុទ្ធនាការ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post