header ads

Sponsor

ភ្នំពេញៈ ក្រោយពីធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើន ក្នុងរង្វង់៧% នៅឆ្នាំ២០១៩នេះនិង ៦,៨% នៅឆ្នាំ២០២០ខាងមុខ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជា នឹងបន្ដកិច្ចខិតខំប្រឹងប្រែង ហើយកម្ពុជាមិនអាចទទួលបាន នូវកំណើនសេដ្ឋកិច្ច៧% នោះទេ ប្រសិនបើអភិបាលកិច្ច របស់កម្ពុជាស្មោកគ្រោក។

ក្នុងពិធីប្រគល់សញ្ញាបត្រ វិទ្យាសាស្រ្ដនគរបាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតនាយនគរបាលបន្តវេន នាបណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ប្រទេសខ្លះ ទទួលស្គាល់វឌ្ឍនភាព របស់កម្ពុជា ប្រទេសខ្លះទៀតក៏មិនទទួលស្គាល់ដែរ។

សម្ដេចថា ពួកគេមិនទទួលស្គាល់កម្ពុជា ជារឿងរបស់ពួកគេ ប៉ុន្ដែកម្ពុជាត្រូវមានការខិតខំប្រឹងប្រែង ខ្លួនឯងបន្ថែមទៀត តាមរយៈការខិតខំរួមគ្នា ដើម្បីធ្វើយ៉ាងណា ឲ្យសេដ្ឋកិច្ចកម្ពុជា រីកចម្រើនទៅមុខទៀត។

សម្ដេចតេជោ មានប្រសាសន៍ថា ថ្មីៗនេះ ADB បានចេញការព្យាករណ៍មក កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងចំណោមបណ្ដាប្រទេសអាស៊ាន គឺនៅខ្ពស់ជាងគេ ៧ភាគរយ ជាលេខទី១ វៀតណាមលេខទី២ក្រោម៧ភាគរយ។ យើងត្រូវបន្ដការខិតខំ យើងមិនអាចទទួលកំណើនសេដ្ឋកិច្ច ៧ភាគរយបានទេ ប្រសិនបើអភិបាលកិច្ចស្មោកគ្រោក

សម្ដេចពន្យល់ថា បើនិយាយរឿង អភិបាលកិច្ចមិនមែនគ្រាន់តែទាក់ទងជាមួយនឹងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តែប៉ុណ្ណោះទេ។ សម្ដេចបញ្ជាក់ថា អភិបាលកិច្ចនេះ គឺវាទាក់ទងទាំងអស់គ្នា (ជាកញ្ចប់តែម្ដង)៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post