Sponsor

ភ្នំពេញៈ បុរសជាជាងជួសជុលរថយន្តម្នាក់ រួមដំណើរបុរសម្នាក់ទៀត ក្រោយពីផឹកស៊ី​ជាមួយមិត្តភក្តិអស់ស្រាថ្នាំ២លីត្រ រួចយករថយន្តថៅកែទុកលក់ បើកដើរលេងហ៊ឺហា ក៏ជ្រុលទៅបុកនារីម្នាក់ កំពុងជិះម៉ូតូនៅតាមផ្លូវពីក្រោយ ផ្លោងជិត២០ម៉ែត្របោកចូលក្រោមម៉ូតូកង់បីមួយគ្រឿងទៀត បែកក្បាលស្លាប់ភ្លាមៗ រួចនាំគ្នាបើករថយន្តរត់គេច រហូតទៅបុកដើមស្លានៅជិតវត្តសំរោងអណ្ដែត ក៏ត្រូវសមត្ថកិច្ចដេញចាប់បានមកវិញ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលាពីវេលាម៉ោង១១យប់ ថ្ងៃពុធទី២៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកជាបួន លើកំណាត់ផ្លូវលេខ១០០៣ កែងផ្លូវលេខ១៩៨២ ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ណុប ពិសី ភេទស្រី អាយុ២០ឆ្នាំ និស្សិតនៅសលកវិទ្យាល័យ ភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅស្រុកឈូក ខេត្តកំពត។

តាមរៀបរាប់ពីរអ្នកបើកបររថយន្ត បានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគេ បានជួបជុំផឹកស៊ីជាមួយមិត្តភក្តិ៤-៥នាក់ទៀត អស់ស្រាថ្នាំចំនួន២លីត្រ លុះពេលស្រវឹងស្រឿងៗ បែកគំនិតចង់ដើរលេង ស្រាប់តែឈ្មោះ ចាន់ ក៏ត្រលប់ទៅហ្គារ៉ាសឡាន បើករថយន្តមួយគ្រឿងម៉ាកឡិចស៊ី​ស LEXUS RX-300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2M-3407 ដែលថៅកែរបស់ខ្លួន យកមកទុកសម្រាប់ទុកលក់នៅហ្គារ៉ាសមួយកន្លែង  នៅម្តុំរង្វង់មូលទួលគោក រួចឆ្លៀតបើកយកចេញមកដឹកមិត្តភក្តិម្នាក់​ទៀត ដើរលេង ដោយធ្វើដំណើរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូមួគ្រឿងម៉ាកហុងដាគុបជ្រុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខកំពត 1G-2379 ជិះដោយនារីម្នាក់ពីក្រោយ ផ្លោងជិត២០ម៉ែត្រ ទៅបោកនិងម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ដែល​បើកបញ្ច្រាសទិសដៅគ្នា បណ្តាលបែកក្បាលស្លាប់ភ្លាមៗនិងនៅកន្លែងកើតហេតុ ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់មកដល់ផ្លូវបេតុងកែង និងផ្លូវសម្តេច ជា ស៊ីម ជាប់និងការ៉ាស់សាំង លីម ហេង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ទើបសមត្ថកិច្ចឃាត់បានអ្នកបើកបរ និងអ្នករួមដំណើរ ព្រមទាំង​រថយន្តប្រគល់ជូនជំនាញភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានរាយការណ៍ប្រាប់​សមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្ក និងម៉ូតូកង់បី និងម៉ូតូ  ទៅរក្សាទុកបណ្ដោះអាសន្ន  នៅការិយាល័យចរាចរណ៍ផ្លូវគោក  នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើកាដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor