header ads

Sponsor

កំពង់ឆ្នាំងៈ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងម្នាក់ បិទផ្លូវសាធារណៈ ក្នុងភូមិជាង១០ឆ្នាំហើយ យកដីជួលអោយក្រុមហ៊ុនមួយ ដាក់អង់តែនទូរស័ព្ទ​ នៅពេលប្រជាពលរដ្ឋស្នើសុំបើកផ្លូវ គាត់ថា បើសងលុយ១ម៉ឺនដុល្លារ ទើបគាត់បើកផ្លូវអោយវិញ។

នៅដើមសប្តាហ៍នេះ លិខិតសំណូមពរចាស់មួយជាង១ឆ្នាំមកហើយ ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ត្រូវបានសើរើឡើងវិញ ដោយមានស្នាមមេដៃប្រជាពលរដ្ឋក្នុងភូមិទួលក្រឡាញ់ចំនួន១៥នាក់ បានផ្តិតមេដៃសំណូមពរ ចៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ជួយអន្តរាគមន៍បើកផ្លូវលំ១ខ្សែ ចាប់ពីមុខផ្ទះសំណាក់បាយ័ន ក្នុងភូមិទឡក្រឡាញ់ រហូតដល់ក្រោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហាយនែន (ពីមុនវីសាន់ហ្វាន់ ) ជាប់ផ្លូវកៅស៊ូខាងត្បូងមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំង ដែលមានលោកធំក្នុងថ្នាក់ដឹកនាំខេត្តម្នាក់ បានបិតផ្លូវមានទទឹង៣ម៉ែត្រនេះជាង១០ឆ្នាំហើយ យកដីផ្លូវសាធារណៈនេះ ដំឡើងអង់តែនទូរសព្ទ័ជួយអោយក្រុមហ៊ុន។

ក្នុងលិខិតសុំបើកផ្លូវនោះ បានបញ្ជាក់ការស្នើសុំបើកផ្លូវនេះ គឺដើម្បីអោយប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវនេះ អាចធ្វើដំណើរចេញចូល ប្រកបមុខរបរចិញ្ចឹមជីវិបានងាយស្រួស និងអាចអោយសមត្ថកិច្ចជួយអន្តរាគមន៍បានពេលមានហានិភ័យកើតឡើង ដូចជាមានភ្លើងឆេះផ្ទះជាដើម ។

ទាក់ទាងនិងរឿងនេះ លោក ញ៉ឹម ចន អតីតប្រធានក្រុមសាមគ្គីឆ្នាំ១៩៨០ បានអោយដឹងថា ជាង១០ឆ្នាំមុន លោកធំម្នាក់នោះ បានបិតផ្លូវនេះដំឡើងអង់តែងទូរសព្ទ័ជួលអោយក្រុមហ៊ុន ពេលលោកសួរនាំ លោកធំម្នាក់នោះឆ្លើយថា លោកសុំបិតផ្លូវនេះបណ្តោះអាសន្នសិន បើថ្ងៃក្រោយពេលរដ្ឋត្រូវការលោកនិងប្រគល់ផ្លូវនេះអោយវិញភ្លាម។

ប៉ុន្តែនៅពេលប្រជាពលរដ្ឋដាក់លិខិតសុំបើកផ្លូវនេះវិញ បែរជាលោកធំម្នាក់នោះឆ្លើយថា បើប្រជាពលរដ្ឋជួយចេញលុយថ្លៃធ្វើអង់តែនទូរសព្ទ័ចំនួន១ម៉ឺនដុល្លារមកនោះ គឺលោកនឹងបើផ្លូវលំនេះអោយវិញ។

ដោយឡែកលោកស្រី កែវ សុផាត ចៅសង្កាត់កំពង់ឆ្នាំង និងលោក ហ៊ីង ភ័ពមិនា អភិបាលរងក្រុងកំពង់ឆ្នាំង បានឆ្លើយដូចគ្នាថា រឿងនេះក្រុមការងារសង្កាត់កំពង់ឆ្នាំង បានដោះស្រាយបញ្ចប់ហើយតើនៅអំឡុង ខែសីហា ឆ្នាំ២០១៨ ហេតុអីពេលនេះប្រជាពលរដ្ឋសើរើឡើងវិញ   រឿងនេះ បើនៅមានការតវ៉ាមិនសុខចិត្ត អាជ្ញាធរនិងចុះដោះស្រាយឡើងវិញ។

លោកស្រី ចៅសង្កាត់កំពង់ឆ្នាំង បានបញ្ជាក់ថា រឿងបិទ​ផ្លូវខាងលើនេះ នៅក្នុងវេទិកាសាធារណៈប្រជាពលរដ្ឋធ្លាប់ឡើងសំណូមពរ ជាមួយលោកស្រី​ ជូ ប៊ុនអេង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុងកំពង់ឆ្នាំងផងដែរ ដែលក្នុងពេលនោះក៏មានវត្តមានលោកអភិបាលក្រុងកំពង់ឆ្នាំងដឹងឮផងដែរ។

ដោយកាលនោះ លោកស្រី​ ជូ ប៊ុនអេង សំណូមពរដល់អាជ្ញាធរក្រុង និងខេត្ត ត្រូវជួយដោះស្រាយរឿងនេះអោយបានជូនប្រជាពលរដ្ឋ។

ដូច្នេះរឿងនេះ មានតែថ្នាក់ដឹកនាំក្រុង និងខេត្ត ឬថ្នាក់ជាតិតែប៉ុណ្ណោះ ទើបដោះស្រាយបាន សមត្ថភាពត្រឹមចៅសង្កាត់តូចតាចនោះ មិនអាចកោះអញ្ជើញថ្នាក់ដឹកនាំខេត្តម្នាក់នោះមកដោះស្រាយបានទេ។

ដោយឡែក លោកធំម្នាក់នោះ អ្នកយកព័ត៌យើងមិនអាចសុំការបំភ្លឺបានទេ ព្រោះរកលេខទូរសព្ទ័លោកមិនបាន តែអ្នកសារព័ត៌មានយើង នឹងរង់ចាំបំភ្លឺជានិច្ច នៅពេលមានការស្នើសុំអោយបំភ្លឺគ្រប់ភាគីពាក់ពន្ធ័ ទាក់ទងក្នុងរឿងខាងលើនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post