Sponsor

កំពង់ឆ្នាំងៈ ក្មេងស្ទាវពីរក្រុម បានធ្វើសកម្មភាព​ដេញវាយ​កាប់ចាក់គ្នាផ្អើល តំបន់ទេសចរណ៍ទឹកធ្លាក់ថ្មក្រាល ក្នុងស្រុកស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ធ្វេីការឃាត់ខ្លួនបានម្នាក់ភ្លាមៗ និងឃាត់បាន៣នាក់ទៀតនៅព្រឹកថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ២០១៩។

ហេតុការណ៍​ក្មេងស្ទាវដេញវាយ​កាប់ចាក់គ្នាផ្អើលតំបន់ទេសចរណ៍ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅក្នុង ភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង បង្កឲ្យមានការភ្ញាក់ផ្អើលខាងលើ​នេះ កើតឡើងនៅវេលាម៉ោងជាង៤រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ​២០១៩ ចុងសប្តាហ៍កន្លងទៅ។

មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោកវរសេនីយ៍ទោ ហង្ស សុជាតិ បានអោយដឹងនៅរសៀលថ្ងៃទី៣០ សីហា ថា ក្រោយពីទទួលបានព័ត៌មានពីសកម្មភាពក្មេងទំនើងអុកឡុកវាយ​កាប់ចាក់ផ្អើលភ្ញៀវទេសចរភ្លាមៗ និងអនុវត្តន៍បញ្ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង បញ្ជាកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះស្រាវជ្រាវនិងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ វី រស់​នៅភូមិក្រោយវត្ត ឃុំខ្លុងពពក ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង និងឃាត់បាន៣នាក់ទៀតនៅព្រឹកថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ២០១៩។

លោកថា ក្រោយការឃាត់ខ្លួនភ្លាម កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបាននាំយកមកបញ្ជាការកងរាជអាវុធហត្ថស្រុកទឹកផុស ធ្វើការសាកសួរ និងកសាងឯកសារបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តសាកសួរ និងកំពុងប្រតិបត្តិការបន្តស្វែងរកឃាត់ខ្លួន បក្ខពួកជនដៃដល់ជាបន្ត ដើម្បីនាំយកមកទទួលខុសត្រូវចំពោមុខច្បាប់ទៀត។

សូមបញ្ជាក់ថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ចុងសប្តាហ៍កន្លងទៅ កើតមានក្មេងស្ទាវពីរក្រុមបានដេញវាយកាប់ចាក់គ្នា ផ្អើលភ្ញៀវទេសចរតំបន់ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅក្នុងភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សេចក្តីរាយការណ៍ បានអោយដឹងថា ក្នុងហេតុការណ៍នេះ ត្រូវបានគេមើលឃើញថា កើតមានជាញឹកញាប់ស្ទើរគ្មានថ្ងៃលួស នៅក្នុងតំបន់នេះ ដែលធ្វើអោយប៉ះពាល់ដល់គោលនយោបាយភូមិឃុំមានសុវត្ថិភាពក្នុងតំបន់មូលដ្ឋានទីនោះផងដែរ។

លើកទីមួយ នៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៩ មានហេតុការណ៍ហ្វូងក្មេងស្ទាវដេញវាយ​កាប់ចាក់គ្នានៅក្នុងតំបន់ទឹកធ្លាក់ ថ្មក្រាលនេះ ដោយមានទាំងភ្ញៀវទេសចរ ដែលទៅលេងនៅទីនោះបានបង្ហោះជាវីឌីអូឃ្លិបផ្អើលពេញក្នុងបណ្តាញសង្គមហ្វេសបុកផងដែរ។ គ្រានោះ នគរបាលស្រុកទឹកផុស ក៏បានឃាត់ខ្លួនក្រុមបង្ក តែការឃាត់ខ្លួននោះមិនបានប៉ុន្មានដង្ហើមផង ក៏បានធ្វើការដោះលែងទៅវិញដោយជ្រកក្រោមលេសអប់រំ។

ប្រជាពលរដ្ឋ ដែលបានទៅលេងកម្សាន្តទីនោះ និងបានឃើញហេតុការណ៍នេះផងដែរ បានធ្វើការរិះគន់ពេញៗមាត់ ហើយបានសំណូមពរអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចត្រូវតែយកចិត្តទុកដាក់ចំពោះនៅលើផ្នែកសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពដល់ភ្ញៀវ ព្រោះតំបន់ទឹកធ្លាក់ថ្មក្រាល ជាតំបន់ទេសចរណ៍ធម្មជាតិ ដែលកំពុងមានការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិអោយមកលេងខេត្តកំពង់ឆ្នាំង ចុះបផើរវល់តែកើតរឿងអីចឹងៗ នរណាមានចិត្តចង់មកលេងទៀត ធ្វើអោយបាត់ចំណូលរបស់រដ្ឋ និងប្រជាពលរដ្ឋក្នុងតំបន់នោះផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor