header ads

Sponsor

កំពតៈ មជ្ឈដ្ឋានទូទៅ បានលើកឡើងថា មិនយូរទេ បឹងឈូកស្ថិតក្នុងភូមិបឹងធំ ឃុំអង្គសុរភី នឹងអនុញ្ញាតឲ្យចេញប្លង់រកម្មសិទ្ធិហើយ ព្រោះរដ្ឋបាលស្រុកកំពង់ត្រាចអនុវត្តតាមគោលការណ៍ឈ្នះឈ្នះរបស់លោកអភិបាលខេត្តកំពត។ មហាជនលើកឡើងបែបនេះ ខណៈកិច្ចប្រជុំសម្ងាត់មួយកាលពីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩កន្លងមក។

មជ្ឈដ្ឋានដដែលបានជំរុញថា បើបុគ្គលមួយគ្រួសារ ត្រូវរដ្ឋបាលស្រុកដោះស្រាយគោលការណ៍ឈ្នះៗជូនទៅហើយ អញ្ចឹងពលរដ្ឋដែលអាស្រ័យផលនៅលើបឹងឈូក ឬប្រឡាយ និងដីរដ្ឋទាំងប៉ុន្មាន គួរតែដោះស្រាយគោលការណ៍ឈ្នះៗជូនពួកគាត់ឲ្យបានគ្រប់គ្នាដែរទៅ ព្រោះពួកគាត់សុទ្ធសឹងជាអ្នករស់នៅក្នុងស្រុកភូមិជាមួយគ្នា.ហើយកាន់កាប់នៅលើដីរដ្ឋនោះ៣០ទៅ៤០ឆ្នាំដូចគ្នា..បើដោះស្រាយតែម្នាក់ គឺមិនអាចស្មើភាពគ្នាឡើយ។

ចំពោះគម្រោងចេញប្លង់បឹងធម្មជាតិរបស់រដ្ឋឲ្យពលរដ្ឋមួយគ្រួសារកាន់កាប់ដោយស្របច្បាប់បែបនេះ គេរំពឹងថាអ្នកអាស្រ័យផលនៅក្នុងបឹងឈូកជាច្រើនគ្រួសារទៀតច្បាស់ជាសុំគោលការណ៍ឈ្នះៗដែរ..អីញ្ចឹងអនាគតភូមិសាស្ត្រផ្ទៃបឹងឈូកខាងលើពិតជាបាត់រូបរាងគ្មានសល់បន្តិចឡើយ ព្រោះបឹងធម្មជាតិដែលបន្សល់ពីដូនតាទាំងប៉ុន្មាន នឹងវិនាសសាបសូន្យដោយការទន្ទ្រានយកពីម្នាក់ទៅម្នាក់។

សូមជម្រាបថា បឹងឈូកដែលអាជ្ញាគ្រោងចេញប្លង់កម្មសិទ្ធិជូន លោកតា សំ អេន គឺជាជ្រលងបង្ហូរទឹកនិងជាបឹងធម្មជាតិសម្រាប់ប្រើប្រាស់រួមគ្នា ដែលមានក្បាលដីជាប់ផ្លូវជាតិជិត១០០ម៉ែត្រ ប៉ុន្តែបន្ទាប់ពីដីនៅចំណុចបឹងឈូកមានតម្លៃមហាសាល បុគ្គលមួយគ្រួសារ ប្តីឈ្មោះ សំ អេន ប្រពន្ធឈ្មោះ  សេង យិ រស់នៅភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត បានពឹងពាក់ឲ្យមន្ត្រីលោភលន់ពីរ បីនាក់គូសប្លង់បង្ហាញទីតាំងដើម្បីស្នើសុំធ្វើប្លង់បឹងឈូកនេះសម្រាប់វាស់ចែកគ្នា។

ក្រោយពីមានការទន្ទ្រានបឹងឈូក ប្រជាពលរដ្ឋដែលរស់នៅភូមិដាសស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ជិត២០០គ្រួសារក៏បានជំទាស់តវ៉ា ដោយមិនអនុញ្ញាតឲ្យបុគ្គលមួយគ្រួសារខាងលើបំពានបឹងឈូកនេះយកធ្វើជាសម្បតិ្តឯកជននោះឡើយ ព្រោះចំណុចនេះជាផ្លូវបណ្តោះទឹកជំនន់ ហើយករណីទន្ទ្រាននេះក៏បានស្ងប់ស្ងាត់រយៈពេលជាងមួយឆ្នាំមកហើយ ដោយខណៈនោះរដ្ឋបាលស្រុកក៏បានទប់ស្កាត់យ៉ាងដាច់អហង្កា ដោយមិនព្រមចុះហត្ថលេខាដើម្បីចេញប្លង់កម្មសិទ្ធិជូនបុគ្គលមួយគ្រួសារនោះឡើយ។

ស្រាប់តែនៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ អាជ្ញាធរស្រុកកំពង់ត្រាច បានកោះហៅប្រជាពលរដ្ឋក្នុងភូមិដាសស្គរប្រមាណ០៨នាក់ដើម្បីប្រជុំជូនដំណឹងដល់ប្រជាពលរដ្ឋដើម្បីចេញប្លង់ឲ្យលោកតា សំ អេន ឲ្យបានរួចរាល់ ដោយការប្រជុំនេះមិនអនុញ្ញាឲ្យអ្នកសារព័ត៌មានថតយករូបភាពទៅផ្សព្វផ្សាយឡើយ..ហើយប្រជាពលរដ្ឋដែលរងផលប៉ះពាល់រាប់រយគ្រួសារក៏មិនបានដឹងពីការប្រជុំនេះដែរ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច សំណូមពរដល់ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត មេត្តាជួយតាមដាន  វាយតម្លៃរាល់បញ្ហាប្រឈម ផលប៉ះពាល់ និងពិនិត្យរាល់សកម្មភាពការងាររបស់មន្ត្រីថ្នាក់ក្រោមផង តើមន្ត្រីទាំងនោះអនុវត្តបានត្រឹមត្រូវដែរឬទេ?៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post