
ជុំវិញចម្ងល់ និងពាក្យពេចន៍វាយប្រហារមិនទុកផ្លូវឲ្យនាង ភីម យ៉ាងដូច្នេះ មុននេះនាងក៏បាន ចេញមុខប្រាប់ទៅសារព័ត៌មានក្នុងស្រុកមួយឲ្យដឹងពីហេតុផល ឈានដល់ដំណាក់កាលនាងលែងអើពើ ឈប់ខ្វាយឈប់ខ្វល់ពីជីវិតអតីតស្វាមីថា « នាងបានលះលែងគ្នាហើយ តាំងពីមុនពេលទៅបួសម្ល៉េះ ដោយបានផ្ដិតមេដៃដឹងឮពីគ្រួសារ និងមន្ត្រីអាជ្ញាធររួចរាល់អស់ហើយ ដោយសារតែចំណងអាពាហ៍ពិពាហ៍គ្មានអេតាស៊ីវិល»។
បន្ថែមលើនេះ តារាកំប្លែងសាច់សខ្ចី គាប់ភ្នែកកន្លង់ក្មេងចាស់ នាងភីម បានបន្តកកាយទៀត ថា «ហេតុផលផ្ដិតមេដៃលែងគ្នាមិនមែនជាមូលហេតុ ដែលធ្វើអោយនាងមិនអាចទទួលយក នាយតាក់ស៊ីវិញនោះទេ ប៉ុន្តែមកពីនាងអស់សង្ឃឹមនឹងយកលោកមកធ្វើជាស្វាមីម្ដងទៀត និងស្ម័គ្រដើរជីវិតរៀងខ្លួន ដោយក្នុងរយៈពេលនៃការរួមរស់ នាង និងកូនប្រុសពិបាកផ្លូវចិត្តយ៉ាងខ្លាំង ពោលពេលលោកចង់ធ្វើអ្វី ក៏ធ្វើតាមចិត្តចង់ ដូចមនុស្សគ្មានប្រពន្ធកូន។ លើសពីនេះ ទៀត នាងភីម ក៏បានប្រកាសជំហរមិនទទួលយក នាយ តាក់ស៊ីជាស្វាមីវិញទេ ប៉ុន្តែនៅ រាប់អានគ្នា ដោយឡើងចុះទៅមើលលោក និងអោយលោកចេញចូលផ្ទះដូចបងប្រុសម្ដងម្កាលបានផងដែរ៕

