header ads

Sponsor

ភ្នំពេញៈ បុរសសង្ហារម្នាក់ ស្រវឹងស្រាជិះម៉ូតូ Scoopy  ទៅបុកគូទកង់បីឥណ្ឌា ដែលចតស្ងៀមលើផ្លូវ រង់ចាំដឹកភ្ញៀវចេញពីក្លឹប បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ខណៈកំពុងចរចាគ្នា  គាប់ជួនមានអ្នកសារព័ត៌មានម្នាក់ ធ្វើដំណើរឆ្លងកាត់នោះ បានឃើញ ក៏ចុះសាកសួរ រួចក៏ធ្វើការ Live (ផ្សាយផ្ទាល់ ) ហើយ​សួរនាំបានតែមួយម៉ាត់ ស្រាប់តែបុរសសង្ហារម្ចាស់ម៉ូតូ ស្ទុះទៅចាប់ទាញទូរស័ព្ទពីដៃអ្នកសារព័ត៌មាន ទាំងអាការៈស្រវឹងទ្រេតទ្រោត រួចយកទៅទុក ហើយ រករឿងជេប្រមាថអ្នកសារព័ត៌មានទៀតផង។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល​កាលពី​វេលាម៉ោង១២៖០៥នាទីយប់រំលងអធ្រាត្រ  ឈានចូលថ្ងៃអង្គារិ៍ ទី១៣ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២៧១ ត្រង់ចំណុចជិតក្លឹបប៊្លូឡាញ ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន ពីកន្លែងកើត បានអោយដឹងថា ជារៀងរាល់យប់ តែងតែឃៀញកង់បីឥណ្ឌា មកឈប់ចតលើដងផ្លូវ (ចំណុចកើតហេតុ) បន្តបន្ទាប់គ្នា  និងមានរទេះលក់ដូរមកឈប់ដាក់លក់នៅលើដងផ្លូវមុខក្លឹបនោះ លុះមកដល់ម៉ោងកើតហេតុខាងលើ គេឃើញបុរសម្នាក់  បើកកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HO-9573 មកឈប់ចតស្ងៀមចោលនៅតាមផ្លូវសាធារណៈ ស្រាប់តែបុរសសង្ហារម្ចាស់ម៉ូតូ Scoopy មួយគ្រឿង ពណ៌ស  ពាក់ស្លាកលេខភ្នំពេញ 1BL-7778 បើកបរទាំងស្រវឹងទ្រេតទ្រោត ធ្វើដំណើរតាមផ្លូវ២៧១ ពីលិចទៅកើត ខណៈកំពុងបើកម៉ូតូបណ្ដើរ កាន់ទូរស័ព្ទនិយាយបណ្ដើរ ខ្វះការប្រុងប្រយ័ត្ន  ក៏ជ្រុលទៅបុកប៉ះកង់បីឥណ្ឌា បណ្ដាលឲ្យរងការខូចខាត និងរងរបួស រលាត់ដៃរលាត់ជើងតិចតួចផងដែរ។

ប្រភពខាងលើ​បន្ថែមថា ខណៈកំពុងនិយាយចរចាគ្នា ចៃដន្យអ្នកកាសែតម្នាក់ បានធ្វើដំណើរឆ្លងកាត់ ក៏ប្រទះឃើញ ទើបឈប់ម៉ូតូចុះមកធ្វើការសាកសួរថា មានរឿងអ្វីបង ប៉ះគ្នាមែន? គ្រាន់តែសួរហើយក៏បើកទូរស័ព្ទ Live ផ្សាយផ្ទាល់  ដើម្បីសួរនាំដំណើររឿង បានតែមួយម៉ាត់  ស្រាប់តែបុរសសង្ហារម្ចាស់ម៉ូតូ  ស្ទុះងើបពីលើម៉ូតូ មកចាប់យកទូរស័ព្ទពីដៃអ្នកសារព័ត៌មាននោះ រួចបានមកចង្អុលមុខអ្នកកាសែតម្នាក់នោះ ហើយអ្នកសារព័ត៌មានប្រាប់វិញថា បងកុំចាប់ទូរស័ព្ទខ្ញុំ ប្រយ័ត្នធ្លាក់បែក ខ្ញុំគឺជាអ្នកសារព័ត៌មាន កំពុងតែ Live ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅតាមផ្លូវសារធារណៈ ប៉ុន្តែ​បុរសសង្ហារនោះ ស្រែកខ្លាំងៗថា "សារព័ត៌មាន ? សារព័ត៌មាន មកខាងណា?" ហើយអ្នកសារព័ត៌មានរូបនោះ  ប្រាប់ទៀតថា ខ្ញុំធ្វើនៅសារព័ត៌មាន K01 ធ្វើឲ្យបុរសស្រវឹងស្រានោះ កាន់តែខឹងសម្បារស្រែកសំឡុតអ្នកសារព័ត៌មាន ដោយពាក្យអសុរោះថា " K01 អាសំរាមនឹង យកមកធើអីសំរែៗ" ទើបអ្នកសារព័ត៌មានរូបនោះ បានទាក់ទងហៅសមត្ថកិច្ច និងអ្នកកាសែតដទៃទៀត ចុះមកកន្លែងកើតហេតុជួយអន្តរាគមន៍ ព្រោះបុរសស្រវឹងស្រាជោកជាំ បើក​ម៉ូតូមួយបុកកង់បីឥណ្ឌា ហើយរករឿងអ្នកសារព័ត៌មានថែមទៀត។

បន្តិចក្រោយមក កម្លាំងល្បាតមូលដ្ឋានបានចុះទៅដល់ តែជនស្រវឹងខូចនោះ បានហុចទូរស័ព្ទអ្នកសារព័ត៌មាននោះទៅអោយ អ្នកបើកបរកង់បីឥណ្ឌាកាន់ ហើយអ្នកបើកកង់បី ក៏ប្រគល់អោយអ្នកសារព័ត៌មាន វិញ  តែអ្នកសារព័ត៌មានរូបនោះ ស្នើសុំអោយសមត្ថកិច្ចជួយនាំជនដែលស្រវឹងនោះទៅប៉ុស្តិ៍ ដើម្បីដោះស្រាយគ្នា ហើយគាត់ក៏ដើរទៅសុំវី​ដេអូ ដែលប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ ថតសកម្មភាពជេរប្រមាថ ហើយត្រលប់មកវិញបាត់បុរសសង្ហារស្រវឹងស្រា ដោយសមត្ថកិច្ចប្រាប់ថា  ជនដែលស្រវឹងនោះ ដើរចូលក្នុងក្លឹបបាត់ហើយ។

ក្រោយកើតហេតុ  អ្នកសារព័ត៌មាន ដែលរងការជេរប្រមាថ មាក់ងាយពីសំណាក់បុរសសង្ហារស្រវឹងស្រានោះ  មានឈ្មោះ ហៅក្រៅ K98 ដែលជាកូនកៅរបស់ លោក K01 ឬសារព័ត៌មាន K01 បានត្រឹមទៅប៉ុស្តិ៍ដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ច ធ្វើការតាមច្បាប់តែប៉ុណ្ណោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post