header ads

Sponsor

ព្រៃវែងៈ ក្រុមអាជីវករផ្សារព្រៃព្នៅចាស់ចំនួន៤២នាក់ ស្ថិតក្នុង​ភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ បាននាំគ្នាកាន់រូបថតសម្តេចតេជោ ហ៊ុន សែន និងរូបថតសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ឈរច្រូងច្រាំងនៅខាងមុខតុលាការខេត្តព្រៃវែង ដើម្បីទាមទាររកយុត្តិធ៌ម អំពីរឿងឈ្មោះ ហ៊ាន រី ដែលជាអ្នកវិនិយោគផ្សារព្រៃព្នៅថ្មី មកបង្ខំអោយពួកគាត់ជាអាជីវករផ្សារព្រៃព្នៅចាស់បង់លុយភាស៊ីអោយខ្លួន តែដល់ពេលពួកគាត់មិនព្រមបង់លុយអោយ បែរជាឈ្មោះនេះ ប្រើអំណាចតុលាការចេញដីកាកោះហៅអាជីវករ៤នាក់ ក្នុងចំណោមអាជីវករ៤២នាក់នោះ អោយចូលខ្លួនមកបំភ្លឺ។

បើតាមក្រុមអាជីវករទាំង៤២នាក់ បានលើកឡើងថា ដីផ្សារនេះ គឺជាដីសហគមន៍ មានទំហំទទឹងប្រហែល១០ម៉ែត្រ និងបណ្តោយប្រហែល២០ម៉ែត្រ ដែលប្រជាពលរដ្ឋ ក្នុងភូមិព្រៃព្នៅដាំបន្លែ និងទៅរកនេសាទត្រីបាន ក៏យកមកអង្គុយលក់នៅផ្សារព្រៃព្នៅចាស់នេះ ចាប់តាំងពីឆ្នាំ១៩៨២មកម្លេះ។ លុះដល់ឆ្នាំ២០១៥ ឈ្មោះ ហ៊ាន រី បានមកវិនិយោគផ្សារនេះ ប្រក់ដំបូលដែកសង្ក័សី និងធ្វើតូបទំហំ២ម៉ែត្របួនជ្រុងចំនួន៧២តូប ជួលអោយអាជីវករ១តូបតម្លៃ៨០០$ខាងក្នុង ខាងក្រៅ១០០០$ តាមតូបមុខ តូបក្រោយ ដោយឈ្មោះ ហ៊ាន រី នេះ បានធ្វើកិច្ចសន្យាតម្រូវអោយពួកគាត់បង់​​លុយមុន ថា យកទៅជួសជុលផ្លូវដាក់ប្រព័ន្ធលូ និងសំអាតអនាម័យជុំវិញផ្សារអោយមានសោភ័ណភាពស្អាត។

ក្រុមអាជីវករ បន្តថា ផ្ទុយទៅវិញ ក្រោយប្រមូលលុយពីអាជីវករបានហើយឈ្មោះ ហ៊ាន រីនេះ មិនបានធ្វើការអភិវឌ្ឍន៍អ្វី សូម្បីតែបន្តិចនោះឡើយ។ ទោះបីជាផ្លូវជុំវិញផ្សារបែកភក់នារដូវវស្សាម្តងៗ សឹងតែដើរមិនចង់រួច និងបរិវេនផ្សារកក្រិចធុំក្លិនស្អុយសាយភាយយ៉ាងក៏ដោយ ក៏អ្នកវិនិយោគផ្សារនេះ មិនខ្វល់ដែរ។ ស្រាប់តែបានរយៈពេល៣ឆ្នាំ គឺឆ្នាំ២០១៨ ឈ្មោះ ហ៊ាន រី ប្រាប់អាជីវករថា ចប់អាណត្តិហើយ និងបានរុះរើតូបដំបូលផ្សារនោះចេញ រួចបានធ្វើលិខិតមានការដឹងឮពីអាជ្ញាធរឃុំប្រគល់ដីផ្សារព្រៃព្នៅចាស់នេះអោយទៅគណៈកម្មាការវត្តព្រៃព្នៅគ្រប់គ្រង។ បន្ទាប់មកឈ្មោះហ៊ាន រីបានទៅទិញដីកន្លែងផ្សេងវិនិយោគផ្សារព្រៃព្នៅថ្មី។ចំណែកអាជីវករទាំង៤២នាក់ បានសហការរ៉ៃអង្គាសថវិកាគ្នាឈួសឆាយ និងដាក់ប្រព័ន្ធលូស្អាត ហើយនាំគ្នាអង្គុយលក់បន្លែផ្លែឈើត្រីសាច់នៅផ្សារព្រៃព្នៅចាស់នេះដដែល។ ប៉ុន្តែការអង្គុយលក់របស់អាជីវករ មិនដែលបានសុខស្រួលនោះឡើយ ដោយសារឈ្មោះហ៊ាន រីនេះបានប្រើអំណាចទឹកលុយឃុបឃិតគ្នាជាប្រព័ន្ធមកធ្វើទុកបុកម្នេញអាជីវករផ្សារព្រៃព្នៅចាស់មិនចេះចប់ មិនចេះហើយ បំណងដេញមិនអោយពួកគាត់លក់ដូរនៅកន្លែងដីផ្សារនេះទៀត។

ក្រុមអាជីវករ បន្តទៀតថា រឿងទំនាស់ដ៏រាំរ៉ៃនេះ អាជីវករទាំង៤២នាក់ ក៏ធ្លាប់បាននាំគ្នាឡើងមកដាក់សំណើនៅសាលាខេត្ត៥-៦ដងហើយ នៅមិនទាន់ដាច់ស្រេចទៀត។ ស្រាប់តែកន្លងទៅថ្មីនេះអាជ្ញាធរខេត្ត និងស្រុកបានចុះទៅណែនាំប្រាប់អាជីវករអោយបង់ភាស៊ី​ទៅអោយកូនប្រុសរបស់ឈ្មោះ ហ៊ាន រី។ តែអាជីវករ តវ៉ាថា ឈ្មោះហ៊ាន រី នេះធ្លាប់ភូតភរកុហកធ្វើអោយពួកគាត់អស់ទំនុកចិត្តហើយ ដាច់ខាតមិនបង់អោយទេ តែបើអោយអ្នកផ្សេងក្រៅពីក្រុមគ្រួសាររបស់ឈ្មោះ ហ៊ាន រីនេះនិងសៀវភៅបន្ទុកត្រឹមត្រូវ ទើបអាជីវករបង់ជូនទៅតាមលទ្ធភាព។ ព្រោះផ្សារនេះ គឺជាកូនផ្សារក្រមួនលក់តែបន្លែ ផ្លែឈើត្រីសាច់ ត្រឹមតែម៉ោង៩-១០ព្រឹកបិទស្ងាត់ឈឹងដូចចោរលួចសេះ ហើយឈ្មោះ ហ៊ាន រី នេះគាត់បានទៅវិនិយោគកន្លែងផ្សារថ្មីហើយ ចុះហេតុអីបានជាឈ្មោះនេះមកចង់គ្រប់គ្រងផ្សារចាស់ទៀត បើគាត់មិនដែលបានចំណាយលុយអភិវឌ្ឍន៍អ្វីសោះ។ ណាមួយផ្សារនេះមិនទាន់មានចុះនៅក្នុងបញ្ជីសៀវភៅបន្ទុកនោះទេ។ ខណៈអាជីវករមិនទាន់ឯកភាពផង ស្រាប់តែលោកហ៊ាន រីនេះអោយកូនប្រុសរបស់ខ្លួនមកដើរបង្ខំអោយអាជីវករបង់លុយភាស៊ីអោយខ្លួន។ តែអាជីវករទាំង៤២នាក់ មិន​ព្រមបង់អោយ បែរជាឈ្មោះ ហ៊ាន រីនេះ ប្តឹងអាជីវករ៤នាក់ទៅតុលាការខេត្តព្រៃវែង ដោយចោទប្រកាន់ថា បានឡូឡា អុកឡុក ផ្សព្វផ្សាយ ញុះញុង អាជីវករដែលលក់ដូរនៅផ្សារព្រៃព្នៅ មិនអោយបង់ភាស៊ី​ចេញ ដោយលោក សោ សុភក្ត័ តំណាងអយ្យការអមសាលាដំបូងខេត្តព្រៃវែង អោយចូលខ្លួនថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ដោយចូលម៉ោង៨ព្រឹក២នាក់ និងល្ងាច២នាក់ទៀត។

ហេតុដូចនេះហើយទើបពួកគាត់នាំគ្នាកាន់រូបថតសម្តេចទាំងពីរឈរនៅខាងមុខតុលាការ ដើម្បីសូមសំណូមពរដល់លោក ស សុខា សម្តេចក្រឡាហោម ស ខេង ជាពិសេសសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត មេត្តាជួយរកយុត្តិធ៌មជូនពួកគាត់អោយបានអង្គុយនៅលក់កន្លែងផ្សារចាស់ ដែលជាឆ្នាំងបាយប្រចាំថ្ងៃដ៏សំខាន់សម្រាប់ចិញ្ចឹមជីវិត និងជួយអោយកូនចៅបានរៀនសូត្រ។ ព្រោះអាជីវករផ្សារព្រៃព្នៅចាស់ទាំង៤២នាក់នេះ សម្រេចស្ម័ក្រចិត្តរៀងៗខ្លួនមិនមានអ្នកណាញុះញុងអ្នកណាដូចការចោទប្រកាន់របស់តុលាការនោះឡើយ។ អាជីវករបន្តថា ដីការបស់តុលាការកោះហៅនេះ គឺខុសត្រកូលទាំង៤នាក់។

ពាក់ព័ន្ធបញ្ហានេះភ្នាក់ងារសារព័ត៌មាន CAM POST មិនអាចទំនាក់ទំនងសូមការបំភ្លឺពីតុលាការបានទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post